ក្រុមបាតុកររាប់ពាន់នាក់បានធ្វើបាតុកម្មនៅតាមដងផ្លូវក្នុងប្រទេសអែល សាល់ វ៉ាឌ័រ(El Salvador) ដោយមានការមិនពេញចិត្តចំពោះការដាក់ Bitcoin ជាការដេញថ្លៃស្របច្បាប់។
ប្រធានាធិបតីណៃអ៊ីបប៊ូឡេ ( Nayib Bukele) មានប្រសាសន៍ថា រូបិយប័ណ្ណឌីជីថលនឹងជួយដល់ប្រជាជនរបស់ខ្លួនដែលធ្វើការនៅបរទេសក្នុងការផ្ញើប្រាក់មកកាន់អ្នកផ្ទះ។
ប៉ុន្តែក្រុមបាតុករបារម្ភថា វានឹងនាំមកនូវអស្ថិរភាព និងអតិផរណាដល់ប្រទេសអាមេរិកឡាទីនដ៏ក្រីក្រមួយនេះ។ ក្រុមបាតុករខ្លះបានដុតម៉ាស៊ីន Bitcoin ថ្មីមួយគ្រឿង ខណៈដែលអ្នកផ្សេងទៀតកាន់ផ្លាកដែលមានខ្លឹមសារថា “ ប៊ូឡេផ្តាច់ការ” ។ នៅសប្តាហ៍មុន ប្រទេសអែល សាល់ វ៉ាឌ័រ បានក្លាយជាប្រទេសដំបូងគេដែលប្រើរូបិយប័ណ្ណនិម្មិតជាការដេញថ្លៃស្របច្បាប់រួមជាមួយប្រាក់ដុល្លារអាមេរិក។
ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅរដ្ឋធានីសាន សាលវ៉ាឌ័រ(San Salvador) ក្នុងឱកាសខួបលើកទី ២០០ នៃការទទួលបានឯករាជ្យរបស់ប្រទេស ដោយបានលើកស្លាកមានខ្លឹមសារថា“ ទេចំពោះ Bitcoin” និង“ គោរពរដ្ឋធម្មនុញ្ញ” ។ ពួកគេចោទលើប្រធានាធិបតីថា បានប្រើមធ្យោបាយផ្តាច់ការដើម្បីរឹតបន្តឹងលើការក្តាប់អំណាចរបស់លោក។
លោកប៊ូឡេ បានឈានទៅដល់ការគ្រប់គ្រងគ្រងអំណាចលើប្រព័ន្ធតុលាការ ដែលថ្មីៗនេះបានកាត់សេចក្ដីឱ្យគាត់ឈរឈ្មោះជាបេក្ខជនសម្រាប់អាណត្តិទី២ ជាបន្តបន្ទាប់ ថ្វីបើមានការកំណត់ពីរដ្ឋធម្មនុញ្ញក៏ដោយ។
អ្នកបាតុករមួយរូបឈ្មោះដូរ៉ា រ៉ីវើរ៉ា(Dora Rivera) បានប្រាប់ភ្នាក់ងារសារព័ត៌ថា៖ “ វាមានសារៈសំខាន់ណាស់ក្នុងការនិយាយនៅព្រឹកនេះថា គ្រប់គ្រាន់ហើយ! អ្វីដែលរដ្ឋាភិបាលកំពុងធ្វើគឺក្រអឺតក្រទមហើយវាជារបបផ្តាច់ការ” ។
ប៉ុន្តែលោកប៊ូឡេ នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងនៅក្នុងប្រទេសអែល សាល់ វ៉ាឌ័រ ដោយការស្ទង់មតិរបស់អ្នកកាសែតនាពេលថ្មីៗនេះបានបង្ហាញថា ប្រជាជន៨៥,៧ភាគរយបានយល់ព្រមលើកលោកធ្វើជាប្រធានាធិបតី៕
ប្រែសម្រួលដោយ÷ប៉ោក លក្ខិណា
ប្រភពព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១