លោក John Hoffman នាយកប្រតិបត្តិនៃក្រុមហ៊ុន GSMA Ltd ដែលជាសមាគម ប្រតិបត្តិករទូរស័ព្ទចល័តអន្តរជាតិបានប្រាប់ឲ្យដឹងថា ចំនួននៃការតភ្ជាប់បណ្តាញ ទូរស័ព្ទចល័ត 5G នៅក្នុងប្រទេសចិនទំនងជានឹងកើនឡើងដល់ចំនួនច្រើនជាង ៨៣០លាននៅចុងឆ្នាំ២០២៥ ដែលជាតួលេខមួយខ្ពស់ជាងគេនៅក្នុងពិភពលោក។
លោក Hoffman មានប្រសាសន៍ថា ៖“ការភ្ជាប់បណ្តាញ 5G នឹងមានចំនួនច្រើនជាងមួយ ភាគប្រាំនៃការតភ្ជាប់ទូរស័ព្ទចល័តសរុបនៅចុងឆ្នាំ២០២៥ ដែលវាស្មើនឹងការតភ្ជាប់ដែលមានចំនួនជិត ២ពាន់លាន។”
លោកបានថ្លែងសុន្ទរកថានៅឯសន្និសីទតាមអនឡាញនៃកិច្ចប្រជុំកំពូលអ៊ិនធឺរណិត
ពិភព Wuzhen ដែលធ្វើឡើងនៅថ្ងៃអាទិត្យក្នុងទីក្រុង Wuzhen។ លោកមាន ប្រសាសន៍ថា ពាណិជ្ជកម្ម 5G កំពុងដំណើរការយ៉ាងល្អ ខណៈដែលបណ្តាញ និងសេវាកម្មជាច្រើននឹងបានទៅដល់អ្នកប្រើប្រាស់ និងសហគ្រាសកាន់តែច្រើននៅ ជុំវិញពិភពលោក។ លោកបន្ថែមឲ្យដឹងទៀតថា រដ្ឋាភិបាលចិនបានដាក់ពង្រាយ បណ្តាញ 5G ជាអាទិភាព និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងចម្បងក្នុងការចែកចាយ បណ្តាញរបស់ឧស្សាហកម្មនេះ។
នៅក្នុងការពិពណ៌នាអំពីបណ្តាញ 5G ជាកត្តាជំរុញកំណើនដ៏សំខាន់មួយ លោក Hoffman បានរំពឹងទុកថា ប្រតិបត្តិករទូរស័ព្ទចល័តទូទាំងពិភពលោកនឹងវិនិយោគ ទឹកប្រាក់ចំនួន ៩០០ពាន់លានដុល្លារនៅចន្លោះឆ្នាំ២០២១ និង២០២៥ ខណៈដែល ៨០ភាគរយបានវិនិយោគក្នុងបណ្តាញ5G។
ជាចុងក្រោយ លោក Hoffman បានបញ្ជាក់ឲ្យដឹងផងដែរថា បណ្តាញ 5G កំពុង ធ្វើឱ្យសហគ្រាសជាច្រើន និងវិស័យរដ្ឋាភិបាលធ្វើការផ្លាស់ប្តូរសង្គម និងមានឥទ្ធិពល ដល់ជីវិតរស់នៅប្រចាំថ្ងៃ៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃ២៧ ខែកញ្ញា ឆ្នាំ២០២១