ការដាច់សេវានៅ Amazon Web Services (AWS) កំពុងបង្កបញ្ហាពេញបណ្តាញអ៊ីនធឺរណិត ដោយមានវេបសាយមួយចំនួនបង្ហាញអក្សរ មានបញ្ហាគាំង (bad gateway error)។
ក្រុមការងារ Downdetector បានបង្ហាញពីបញ្ហាភ្លាមៗនៅម៉ោងប្រមាណជា ៨ព្រឹក ដោយរកឃើញថាបញ្ហាធំបំផុតកើតចេញពីភាគខាងកើតសហរដ្ឋអាមេរិក។ មានការដាច់សេវាប្រមាណជា ២០០០ពាន់ករណីលើវេបសាយមេរបស់ក្រុមហ៊ុន Amazon និង ១១ ០០០ករណីលើវេបសាយរបស់អ្នកប្រើសេវា AWS។
ដោយសារហេដ្ឋារចនាសម្ព័ន្ធគេហទំព័រជាច្រើនបានប្រើប្រាស់សេវាកម្ម AWS នោះ ការដាច់សេវាក៏ត្រូវបានរាយការណ៍ចេញពីសេវាកម្មផ្សេងៗទៀតដែលមានដូចជាពីកម្មវិធី McDonald’s និងសេវាកម្មស្ទ្រីម Disney+ និងបណ្តាញបង់ប្រាក់ Venmo ជាដើម។ កម្មវិធីណាត់ជួប Tinder កម្មវិធី កម្មហ្គេមកីឡា FanDuel និងកម្មវិធី Facebook ក៏មាននៅក្នុងរបាយការណ៍ដាច់សេវាផងដែរ។
នៅម៉ោង ៨និង ២៦នាទីព្រឹក ក្រុមហ៊ុន Amazon បានបញ្ជាក់ថា ក្រុមហ៊ុនបានរកឃើញបញ្ហា ដែលជាមូលហេតុនាំឲ្យមានការដាច់សេវាគឺបញ្ហា API និង console នៅភាគខាងកើតសហរដ្ឋអាមេរិក។ ចំណែកបណ្តាញគ្រប់គ្រង console ជាសកលក៏ស្ថិតនៅទីតាំងនោះដែរ ហើយវាក៏រងផលប៉ះពាល់ដូចគ្នាដែរ។
ក្រុមហ៊ុនបានអះអាងថា បានរកឃើញមូលហេតុចម្បងនាំឲ្យមានបញ្ហាកើតឡើង ហើយក្រុមហ៊ុនកំពុងខ្នះខ្នែងធ្វើការដោះស្រាយបញ្ហានោះ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន rt ចុះផ្សាយថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១