គណៈកម្មការពាណិជ្ជកម្មសហព័ន្ធអាមេរិក (FTC) បាននិយាយថា ជនជាតិអាមេរិកបានរាយការណ៍ថា បានបាត់បង់ប្រាក់ ១៤៨លានដុល្លារចំពោះការឆបោកពីកាតអំណោយក្នុងរយៈពេល ០៩ខែដំបូងនៃឆ្នាំ២០២១។
អ្នកប្រើប្រាស់ជិត ៤០ ០០០ នាក់បានរាយការណ៍ថាបានធ្លាក់ចូលទៅក្នុងការបោកប្រាស់ ដែលបានប្រើប័ណ្ណអំណោយដែលត្រូវបានជ្រើសរើសពេញមួយឆ្នាំ។ ទឹកប្រាក់ចំនួន១៤៨ លានដុល្លារដែលបាត់បង់ទៅឱ្យអ្នកបោកប្រាស់រហូតដល់ចុងខែកញ្ញា ឆ្នាំ២០២១មានចំនួនច្រើនជាងការខាតបង់សរុបដែលបានរាយការណ៍ក្នុងឆ្នាំ២០២០។
គួរបញ្ជាក់ផងដែរថា ប្រភេទនៃការបង់ប្រាក់បោកប្រាស់នេះបានកើនឡើងជារៀងរាល់ឆ្នាំក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ដោយឥឡូវនេះឈានដល់ចំនួនដ៏គួរឱ្យភ្ញាក់ផ្អើលទាំងនៅក្នុង របាយការណ៍ និងចំនួនសរុបនៃការខាតបង់សរុប។
ខណៈពេលដែលកាតអំណោយរបស់ Google Play, Apple, eBay និង Walmart នៅតែជាជម្រើសដ៏ពេញនិយមសម្រាប់អ្នកបោកប្រាស់ ឥឡូវនេះពួកគេបានប្តូរទៅផ្តល់ការស្នើសុំកាតអំណោយគោដៅ(Target) ដែលបច្ចុប្បន្នកាតនេះជាជម្រើសដ៏ពេញនិយមបំផុតរបស់ជនជាតិអាមេរិក។
ចំណុចសំខាន់បំផុតដែលគួរឲ្យចងចាំនោះគឺ ប្រសិនបើអ្នកមិនចង់ក្លាយជាជនរងគ្រោះនៃការឆបោកកាតអំណោយនោះ កាតអំណោយត្រូវបានប្រើប្រាស់ដើម្បីទទួលអំណោយ មិនមែនដើម្បីទូទាត់ប្រាក់នោះទេ។ បើសិនជាបើអ្នកទទួលបានការហៅទូរស័ព្ទពីភ្នាក់ងាររដ្ឋាភិបាលឬធនាគារដែលបានអះអាងថា អ្នកត្រូវតែបង់ពន្ធដើម្បីជៀសវាងការចាប់ខ្លួន ឬសងបំណុលដែលមិនស្គាល់ ដើម្បីរក្សាការចូលទៅកាន់គណនីធនាគាររបស់អ្នកនោះ ត្រូវចាំថាពួកគេគឺជាអ្នកបោកប្រាស់៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១









