ជនជាតិរុស្សីម្នាក់ធ្វើការឱ្យក្រុមហ៊ុនសន្តិសុខអ៊ីនធឺរណិត ត្រូវបានធ្វើបត្យាប័នទៅសហរដ្ឋអាមេរិក ជាកន្លែងដែលគាត់ត្រូវបានចោទប្រកាន់ពីបទលួចចូលបណ្តាញកុំព្យូទ័ររបស់ភ្នាក់ងារគ្រប់គ្រងឯកសារចំនួនពីរដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ បណ្តាញកុំព្យូទ័ររបស់ភ្នាក់ងារគ្រប់គ្រងឯកសារចំនួនពីរនោះត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនជាច្រើនដើម្បីដាក់របាយការណ៍ប្រាក់ចំណូលប្រចាំត្រីមាស និងប្រចាំឆ្នាំ តាមរយៈប្រព័ន្ធគណៈកម្មការមូលបត្រ (SEC)។
ក្រោយពីបានធ្វើការជាមួយអ្នកសមគំនិតជាមួយអ្នកផ្សេងទៀត បុគ្គលនោះអាចរកបានប្រាក់រាប់លានដុល្លារអាមេរិក ពីការជួញដូរឯកសារមិនសម្រាប់ជាសាធារណៈ (MNPI) ដែលលួចបានពីភ្នាក់ងារគ្រប់គ្រងផ្ទុកឯកសារទាំងពីរ។
ក្នុងចំណោមជនជាតិរុស្ស៊ី ០៥នាក់ ជនជាប់ចោទ០៣នាក់មានលោក Klyushin លោក Ermakov និងលោក Rumiantcev ធ្វើការឱ្យក្រុមហ៊ុនព័ត៌មានបច្ចេកវិទ្យាមានមូលដ្ឋាននៅទីក្រុងមូស្គូដែលមានឈ្មោះថា M-13។
ស្រដៀងគ្នានេះដែរ លោក Ermakov ក៏ត្រូវប្រឈមមុខនឹងការចោទប្រកាន់ចាស់ផងដែរ ពាក់ព័ន្ធទៅនឹងការហេគ និងបង្កឥទ្ធិពលលើកិច្ចខិតខំប្រឹងប្រែងកំណត់គោលដៅលើការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ២០១៦។ លើសពីនេះទៅទៀត គាត់ត្រូវបានគេសង្ស័យថា ធ្លាប់ហេគនៅក្នុងប្រតិបត្តិការលួចស្តាប់ និងផ្សព្វផ្សាយព័ត៌មានមិនពិតទាក់ទងនឹងភ្នាក់ងារប្រឆាំងគ្រឿងញៀនអន្តរជាតិ សហព័ន្ធកីឡា និងមន្ត្រីប្រឆាំងគ្រឿងញៀនផងដែរ។
ចំណែកឯ លោក Klyushin ប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ និងដោះលែងស្ថិត ក្រោមការតាមដានរយៈពេល០៣ឆ្នាំ និងរងការផាកពិន័យចំនួន $250,000 សម្រាប់ការឃុប ឃិតគ្នាដើម្បីចូលប្រើកុំព្យូទ័រដោយគ្មានការអនុញ្ញាត ការក្លែងបន្លំតាមបណ្តាញ និងការក្លែងបន្លំមូលបត្រ។
គួរបញ្ជាក់ផងដែរថា ចំពោះករណីក្លែងបន្លំមូលបត្រ និងការក្លែងបន្លំតាមបណ្តាញ បុគ្គល ម្នាក់ៗត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអតិបរមា២០ឆ្នាំ មានការដោះលែងស្ថិតក្រោមការត្រួត ពិនិត្យរយៈពេល៣ឆ្នាំ រួមទាំងត្រូវពិន័យជាប្រាក់២៥ម៉ឺនដុល្លារ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១