ក្រុមហេគឃ័រ Lazarus ប្រើ Windows Update ដើម្បីពង្រាយមេរោគ

0

ថ្មីៗនេះ ក្រុមហេគឃ័រគាំទ្រដោយកូរ៉េខាងជើង Lazarus បានបន្ថែមអតិថិជន Windows Update ទៅក្នុងបញ្ចី living-off-the-land binaries ហើយបច្ចុប្បន្ន កំពុងប្រើទិន្ន័យយ៉ាងសកម្មដើម្បីប្រតិបត្តិកូដព្យាបាទនៅលើប្រព័ន្ធប្រតិបត្តិការ Windows។

មេរោគថ្មីនោះ ត្រូវបានរកឃើញដោយក្រុម Malwarebytes Threat Intelligence ខណៈពេលដែលពួកគេកំពុងវិភាគយុទ្ធនាការ spearphishing នៅខែមករា នៅពេលដែលមេរោគនោះបានក្លែងបន្លំជាក្រុមហ៊ុនសន្តិសុខ និងអាកាសចរណ៍អាមេរិក Lockheed Martin។ ក្រោយពីជនរងគ្រោះបើកឯកសារភ្ជាប់ព្យាបាទ និងបើកដំណើរការម៉ាក្រូ ប្រព័ន្ធនោះនឹងទម្លាក់ហ្វាលមេរោគ​WindowsUpdateConf.lnk ក្នុង folder និងហ្វាល DLL នៅក្នុង Windows/System32 folder ដែលត្រូវបានលាក់។

ជំហានបន្ទាប់ ហ្វាល LNK​ នឹងត្រូវបានប្រើប្រាស់ដើម្បីដំណើការ WSUS / Windows Update client (wuauclt.exe) ដើម្បីប្រតិបត្តិពាក្យបញ្ជា ដែលផ្ទុកហ្វាល DLL ព្យាបាទរបស់អ្នកវាយប្រហារ។

អ្នកស្រាវជ្រាវភ្ជាប់ការវាយប្រហារទៅលើក្រុមហេគឃ័រ Lazarus ដោយផ្អែកលើភស្តុតាងជាច្រើន រួមទាំងការដូចគ្នានៃហេដ្ឋារចនាសម្ព័ន្ធ ទិន្នន័យមេតា និងមានការកំណត់គោលដៅស្រដៀងនឹងយុទ្ធនាការមុនៗ។

គួរបញ្ជាក់ផងដែរថា ក្រុមហេគឃ័រ Lazarus គឺជា​ក្រុមហេគរបស់​យោធា​កូរ៉េ​ខាង​ជើង​ ដែល​មាន​សកម្មភាព​ច្រើនជាង​មួយ​ទសវត្សរ៍​មក​ហើយ ចាប់​តាំង​ពី​ឆ្នាំ២០០៩។ ប្រតិបត្តិកររបស់ក្រុមហេគឃ័របានសម្របសម្រួលលើយុទ្ធនាការមេរោគ WannaCry នៅឆ្នាំ២០១៧ និង​ស្ថិត​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​ប្រឆាំង​នឹង​ក្រុមហ៊ុន​ល្បី​ឈ្មោះ​ដូច​ជាក្រុមហ៊ុន Sony Films និង​ធនាគារ​ជា​ច្រើន​នៅ​ទូទាំង​ពិភពលោក៕

ប្រែសម្រួល៖ប៉ោក​ លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here