នាយកក្រុមហ៊ុនលក់ផលិតផល Cisco ក្លែងក្លាយទៅឱ្យយោធាអាមេរិក ត្រូវកាត់ទោសដាក់គុក ៦ឆ្នាំ

0

លោក Onur Aksoy ដែលជា CEO របស់ក្រុមហ៊ុនគ្រប់គ្រងលើអនឡាញចម្រុះជួរមុខ ត្រូវបានកាត់ទោសជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំកន្លះ ពីបទលក់ឧបករណ៍ Cisco network ក្លែងក្លាយក្នុងតម្លៃ ១០០លានដុល្លារទៅឱ្យរដ្ឋាភិបាល មណ្ឌលសុខភាព សាលារៀន និងអង្គភាពយោធានៅទូទាំងពិភពលោក។

បុរសជនជាតិ Florida អាយុ ៤០ឆ្នាំ ត្រូវបានចាប់ខ្លួននៅទីក្រុង Miami កាលពីចុងខែមករា ឆ្នាំ២០២២ ពីបទជួញដូរទំនិញក្លែងក្លាយ និងផ្ញើសារបោកបញ្ឆោត។ កាលពីពាក់កណ្តាលឆ្នាំ២០២៣ ជនល្មើសត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តបទល្មើសតាមរយៈក្រុមហ៊ុនចំនួន ១៩ និងហាងលក់ទំនិញចំនួន ២៥ នៅ eBay និងហាងលក់ទំនិញអនឡាញ Amazon ដែលគេស្គាល់ថាជាក្រុមហ៊ុន Pro Network Entities។

យោងតាមពាក្យបណ្តឹង ជនល្មើសបាននាំចូលឧបករណ៍ Network ក្លែងក្លាយរាប់ពាន់គ្រឿងដែលគ្មានគុណភាពពីហុងកុង និងចិនក្នុងតម្លៃ ៩៨% នៃតម្លៃលក់រាយដែលបានចរចាពី Cisco។ ឧបករណ៍ទាំងនេះរួមមាន Cisco Labels, Stickers, Boxes, Documentation និង Packaging ក្លែងក្លាយ ហើយបានប្រើប្រាស់រូបសញ្ញាក្លែងបន្លំក្នុងការចុះបញ្ជី ដែលគ្រប់គ្រងដោយ Cisco ជាពិសេសបានធ្វើឱ្យទំនិញក្លែងក្លាយមើលទៅទំនងដូចជាទំនិញថ្មីពិតប្រាកដ មានគុណភាពខ្ពស់ និងបានអនុញ្ញាតដោយ Cisco។ ការចោទប្រកាន់លើកឡើងថា ផលិតផល Cisco ក្លែងក្លាយត្រូវបានលក់ចេញដូចជាឧបករណ៍ថ្មី និងសុទ្ធដូចនៅលើ Amazon និង eBay ទៅឱ្យអតិថិជននៅសហរដ្ឋ រួមទាំងនៅក្រៅប្រទេស សម្រាប់ប្រើប្រាស់ Network នៅតាមមន្ទីរពេទ្យ សាសារៀន ទីភ្នាក់ងាររដ្ឋាភិបាល និងសូម្បីតែយោធាអាមេរិក។ ទោះជាយ៉ាងណា ឧបករណ៍ទាំងនោះលក់ចេញដោយក្រុមហ៊ុន Pro Network Entities ជាមួយនឹងដំណើការ មុខងារ និងបញ្ហាសុវត្ថិភាព ដោយសារតែពួកគេត្រូវបានដំឡើងដោយការជំនួសទៅលើឧបករណ៍ចាស់ ដែលមើលទៅទំនងដូចជាឧបករណ៍ថ្មី និងសុទ្ធដែលមានតម្លៃថ្លៃ។ ចំពោះបញ្ហាតែងតែធ្វើឱ្យ​ឧប​ករណ៍​ក្លែង​ក្លាយ​ទាំងនោះមិនអាចដំណើរការបានល្អ ផ្តល់ផលរំខានដល់ការងារ និងដំណើរការ Network របស់អតិថិជន។

នៅចន្លោះឆ្នាំ២០១៤ និង២០២២ គយ រួមទាំងទីភ្នាក់ងារការពារព្រំដែនរបស់អាមេរិកបានស្ទាក់ចាប់ការដឹកជញ្ជូនឧបករណ៍ Cisco ក្លែងក្លាយបានចំនួន ១៨០គ្រឿង ដែលផ្ញើពីក្រុមហ៊ុន Pro Network Entities។ ឆ្លើយតបនឹងការរឹបអូសទាំងនេះ ជនល្មើស Aksoy បានប្រើឈ្មោះក្លែងក្លាយនៅក្នុងឯកសារ (Paperwork) និងបញ្ជីអាសយដ្ឋានក្លែងក្លាយនៅរដ្ឋ Ohio ដើម្បីដកខ្លួនចេញឆ្ងាយពីក្រុមហ៊ុន Pro Network Entities និងគេចពីការត្រួតពិនិត្យរបស់អាជ្ញាធរ។ ក្រោយមកទៀត ឈ្មួញជនជាតិចិនបានណែនាំឱ្យផ្ញើផលិតផលជាកញ្ចប់តូចៗ នៅថ្ងៃខុសគ្នា ដើម្បីកាត់បន្ថយការត្រួតពិនិត្យ។ ក្រសួង DOJ បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា រវាងឆ្នាំ២០១៤ និង២០១៩ ក្រុមហ៊ុន Cisco បានផ្ញើសំបុត្រចំនួន ៧ច្បាប់ទៅជនល្មើស Aksoy ក្នុងបំណងស្នើឱ្យគាត់បញ្ឈប់ការជួញដូរឧបករណ៍ក្លែងក្លាយ។ ប៉ុន្តែ ជនល្មើសបានឆ្លើយតបសំបុត្រចំនួន ២ច្បាប់ដែលធ្វើឡើងដោយមេធាវីរបស់គាត់ជាមួយនឹងឯកសារក្លែងក្លាយទៅឱ្យក្រុមហ៊ុន Cisco។ កាលពីពាក់កណ្តាលឆ្នាំ២០២១ ទីភ្នាក់ងារបានអនុវត្តដីកាស្វែងរកនៅក្នុងឃ្លាំងផ្ទុកទំនិញរបស់ជនល្មើស ហើយបានរឹបអូសឧបករណ៍ Cisco ក្លែងក្លាយចំនួន ១,១៥៦គ្រឿងដែលមានតម្លៃ ៧លានដុល្លារ។

ជនល្មើសត្រូវបានកាត់ទោសជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំកន្លះពីបទឆបោក។ ជាងនេះ នៅក្នុងកិច្ចព្រមព្រៀង ជនល្មើសត្រូវបង់ប្រាក់សំណងទៅឱ្យក្រុមហ៊ុន Cisco ចំនួន ១០០លានដុល្លារ និងបំផ្លាញផលិតផលក្លែងក្លាយដែលមានតម្លៃរាប់លានដុល្លារដែលបានរឹបអូសពីជនល្មើស៕

https://www.bleepingcomputer.com/news/security/ceo-who-sold-fake-cisco-devices-to-us-military-gets-6-years-in-prison/

ប្រភពព័ត៌មាន៖ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here