ក្រុមហ៊ុន Microsoft បានកាត់បន្ថយការប្រើប្រាស់ថាមពលថ្មសម្រាប់កម្មវិធី Microsoft Teams នៅពេលអ្នកធ្វើការខល ឬជួបប្រជុំតាមអនឡាញ ចាប់តាំងពីខែមិថុនា ឆ្នាំ២០២០មក ដើម្បីបន្ថែមបទពិសោធន៍ប្រើប្រាស់ថ្មី និងផ្តល់ភាពងាយស្រួលដល់ឧបករណ៍ដែលមានគុណភាពទាប។
ការកែលម្អទាំងនេះគឺជាលទ្ធផលនៃការបែងចែក និងបន្ថយដំណើរការទាំងឡាយណា ដែលប្រើប្រាស់ថាមពលថ្មច្រើន ដូចជាការចាប់យកមាតិកា ការអ៊ិនកូដ (encoding) និងការបំប្លែងវីដេអូផ្សេងៗ(rendering)។
លោក Robert Aichner នាយកគ្រប់គ្រងកម្មវិធីនៅក្រុមហ៊ុន Microsoft មានប្រសាសន៍ថា ឥលូវនេះ កម្មវិធី Microsoft Teams អាចប្រើប្រាស់បានលើឧបករណ៍ ដែលមានថាមពលថ្មតិចជាង ៥០% ក្នុងអំឡុងពេលធ្វើការងារ ដែលធ្លាប់ប្រើថាមពលថ្មច្រើនដូចជាការប្រជុំ ដែលមានអ្នកចូលរួមច្រើនជាង ១០នាក់ ខណៈដែលពួកគេទាំងអស់បានបិទបើកវីដេអូដើម្បីជជែកគ្នា។
សូមបញ្ជាក់ផងដែរថា កម្មវិធី Microsoft Teams មានមុខងារជាច្រើនរួមមាន មុខងារសម្រាប់ប្រជុំ (meetings) ការហៅទំនាក់ទំនង (calls) និងការឆាតឆ្លើយឆ្លង(chat) រួមទាំងមានវេទិកាទំនាក់ទំនងផ្សេងៗទៀត ដែលរចនាឡើងដើម្បីផ្តល់ភាពងាយស្រួលដល់ការទំនាក់ទំនងគ្នា និងការបំពេញការងារផ្សេងៗ។ ជាក់ស្តែង ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ កម្មវិធី Microsoft Teams មានអ្នកប្រើប្រាស់រហូតដល់ទៅ ២៧០លាននាក់ នៅខែមករា ឆ្នាំ២០២១៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មានbleepingcomputer ចុះផ្សាយថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២