ថ្ងៃទី០៨ ខែកុម្ភៈ គឺជាថ្ងៃបញ្ជាក់ពីភាពមានសុវត្ថិភាពនៅលើប្រព័ន្ធអ៊ីនធើណែត ឬ អាចហៅជាភាសាអង់គ្លេសបានថា Safer Internet Day។ ទន្ទឹមនឹងនេះ នៅក្នុងថ្ងៃនេះផ្ទាល់ ក្រុមហ៊ុន Google បានធ្វើការបង្ហោះព័ត៌មានលើប្លុកផ្លូវការមួយរបស់ខ្លួន ដែលបានរៀបរាប់ពីជំហានដែលពួកគេកំពុងធ្វើ ដើម្បីធានាសុវត្ថិភាពទៅដល់អ្នកប្រើប្រាស់ និងធ្វើការការពារពីការហេគយកគណនី Google ឬ ព័ត៌មានណាមួយរបស់ពួកគេ។
ដើម្បីជាការចាប់ផ្តើម ក្រុមហ៊ុន Google បានចាប់ដៃគូសហការជាមួយនឹង Khan Academy ដែលជាអង្គការបណ្តុះបណ្តាល និងផ្តល់ចំណេះវិជ្ជាអប់រំតាមរយៈប្រព័ន្ធអនឡាញ ដោយក្រុមហ៊ុន Google បានផ្តល់ថវិកាប្រមាណជាជាង ៥ លានដុល្លារ ដើម្បីឱ្យអង្គការមួយនេះធ្វើការបង្កើតនូវមាតិកា ឬផ្តល់ជូននូវព័ត៌មានដែលទាក់ទងទៅនឹងការបង្កើនសុវត្ថិភាពនៅលើប្រព័ន្ធអនឡាញសម្រាប់អ្នកប្រើប្រាស់ប្រមាណជាជាង ១៨លាននាក់ដែលមកពីជុំវិញពិភពលោករបស់អង្គការ Khan Academy។
ក្រុមហ៊ុន Google បានចាត់វិធានការការពារដូច្នេះ ដោយសារតែមានចំនួននៃការស្វែងរកពីរបៀបបញ្ឈប់ពីការលួចអត្តសញ្ញាណអ្នកប្រើប្រាស់ ឬ How to stop identity theft មានចំនួនស្វែងរកមួយទ្វេជាពីរនៅក្នុងឆ្នាំ២០២១។
ត្រឡប់ទៅកាន់ខែតុលាវិញ ក្រុមហ៊ុន Google ធ្លាប់បានចុះឈ្មោះ និងដាក់បញ្ចូលអ្នកប្រើប្រាស់ប្រមាណជាជាង ១៥០ លាននាក់ទៅក្នុងមុខងារសុវត្ថិភាព Two-step Verification ដោយស្វ័យប្រវត្តិ ដែលមុខងារនេះនឹងធ្វើការផ្តល់សារជូនដំណឹងទៅឧបករណ៍របស់អ្នក នៅពេលដែលមាននរណាម្នាក់ ព្យាយាមចូលទៅកាន់គណនី Google របស់អ្នកនៅលើឧបករណ៍
ផ្សេង។
ចាប់តាំងពីក្រុមហ៊ុន Google បានដាក់ឱ្យដំណើរការនូវមុខងារនោះមក ចំនួនគណនីដែលត្រូវបានគេហេគ បានធ្លាក់ចុះរហូតដល់ទៅ 50%។
ជាចុងក្រោយ ក្រុមហ៊ុន Google ថែមទាំងបានប្រកាសពីមុខងារសវត្ថិភាពថ្មីៗមួយចំនួនសម្រាប់អ្នកប្រើប្រាស់របស់ខ្លួនផងដែរ ដោយក្រុមហ៊ុនបានព្យាយាមសហការជាមួយនឹងអង្គការមួយចំនួន សម្រាប់គម្រោងសុវត្ថិភាពរបស់ក្រុមហ៊ុន Google ដើម្បីផ្តល់ឱកាសដល់អង្គការ ឬស្ថាប័នធំៗ ឱ្យធ្វើការផ្សព្វផ្សាយដំណឹង ក៏ដូចជាបញ្ជ្រាបពីរបៀបប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែតដោយសុវត្ថិភាពទៅកាន់បុគ្គលិករបស់ពួកគេ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gsmarena ចុះផ្សាយថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២