ក្រុមហ៊ុន Toyota ផ្អាកដំណើរការរោងចក្រនៅក្នុងស្រុក បន្ទាប់ពីពួកគេសង្ស័យថាមានការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺរណិត

0

ក្រុមហ៊ុន Toyota Motor Corp (7203.T) បាននិយាយថា ក្រុមហ៊ុននឹងធ្វើការផ្អាកប្រតិបត្តិការរោងចក្រនៅក្នុងស្រុកនាថ្ងៃអង្គារនេះ ដោយនឹងត្រូវខាតបង់ដល់ការផលិតរថយន្តប្រមាណជាជាង 13,000 គ្រឿង ដោយសារតែអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់ប្លាស្ទិក និងគ្រឿងបន្លាស់អេឡិចត្រូនិកត្រូវបានរាយការណ៍ថាទំនងជារងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺរណិត។

មិនទាន់មានព័ត៌មានណាមួយដែលបានរកឃើញថា តើនរណាជាអ្នកដែលនៅពីក្រោយការវាយប្រហារនេះនៅឡើយនោះទេ ប៉ុន្តែរឿងមួយនេះ បានកើតឡើងជួនពេលគ្នា បន្ទាប់ពីប្រទេសជប៉ុនបានចូលរួមជាសម្ព័ន្ធមិត្តជាមួយនឹងប្រទេសលោកខាងលិចនៅក្នុងការទប់ទល់ទៅលើសង្រ្គាមដែលប្រទេសរុស្ស៊ីកំពុងតែបង្កនៅក្នុងប្រទេសអ៊ុយក្រែន។

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida មានប្រសាសន៍ថា រដ្ឋាភិបាលរបស់លោកនឹងបើកការស៊ើបអង្កេតទៅលើបញ្ហាមួយនេះ ដោយចង់ដឹងឱ្យប្រាកដថា តើប្រទេសរុស្ស៊ីគឺជាអ្នកដែលនៅពីក្រោយការវាយប្រហារមួយនេះ ឬក៏យ៉ាងណា។ លោក Kishida ក៏បាននិយាយបន្ថែមផងដែរថា÷”វាពិតជាពិបាកនឹងនិយាយណាស់ថាប្រទេសរុស្ស៊ីមានជាប់ពាក់ព័ន្ធ ឬ ក៏អត់ ដូចនេះយើងមានតែត្រូវធ្វើការត្រួតពិនិត្យឱ្យបានហ្មត់ចត់សិន”។

ជាមួយគ្នានេះដែរ នៅថ្ងៃអាទិត្យ លោក Kishida បានប្រកាសថា ប្រទេសជប៉ុននឹងចូលរួមជាមួយសហរដ្ឋអាមេរិក និងប្រទេសដ៏ទៃទៀតនៅក្នុងការបិទធនាគាររុស្ស៊ី ពីការចូលប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់អន្តរជាតិ SWIFT ហើយលោកក៏បានប្រកាសបន្ថែមថា ប្រទេសជប៉ុននឹងផ្តល់ជំនួយសង្គ្រោះបន្ទាន់ជាទឹកប្រាក់ប្រមាណជាជាង 100លានដុល្លារទៅឱ្យប្រទេសអ៊ុយក្រែនទៀតផង។

ក្រលេកមកករណីហេគវិញ ក្រុមហ៊ុន Toyota ក៏ធ្លាប់បានជួបប្រទះនូវការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺរណិតពីមុនមកដែរ ប៉ុន្តែវាមិនបានជះឥទ្ធិពលអាក្រក់ខ្លាំងដល់ការផលិតរថយន្តរបស់ខ្លួនឡើយ ដោយខុសពីលើកនេះ ក្រុមហ៊ុន Toyota សម្រេចចិត្តផ្អាកការផលិតរថយន្តនៅថ្ងៃអង្គារនេះជាបណ្តោះអាសន្ន ដើម្បីជាការបង្ការ ឬ បញ្ជៀសពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺរណិត៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភព÷ Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here