ក្រុមហ៊ុន Facebook នឹងដាក់កម្រិតប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដែលគ្រប់គ្រងដោយប្រទេសរុស្ស៊ី នៅទូទាំងសហភាពអឺរ៉ុប

0

ក្រុមហ៊ុនអាណាព្យាបាលរបស់ Facebook ពោលគឺក្រុមហ៊ុន Meta បានប្រកាសនៅថ្ងៃចន្ទម្សិលមិញនេះថា ក្រុមហ៊ុននឹងកំណត់ការចូលទៅប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសរុស្ស៊ី RT និង Sputnik នៅទូទាំងសហភាពអឺរ៉ុប ដែលជាសកម្មភាពបង្ហាញពីការបង្កើននូវភាពតានតឹងរវាងកម្មវិធីបណ្តាញសង្គមដ៏ធំបង្អស់របស់ពិភពលោកជាមួយនឹងប្រទេសរុស្ស៊ី។

បើយោងតាមការបង្ហោះលើបណ្តាញសង្គមធ្វីតធ័រ របស់លោក Nick Clegg ដែលជាអ្នកមើលការខុសត្រូវលើកិច្ចការសកលរបស់ក្រុមហ៊ុន Meta និងជាអតីតឧបនាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេសដែលនោះបានសរសេរថា៖ “យើងបានទទួលសំណើរពីរដ្ឋាភិបាលមួយចំនួន ដោយនៅក្នុងនោះក៏មានសហភាពអឺរ៉ុបផងដែរ ដើម្បីចាត់វិធានការបន្ថែមទៀតទៅលើប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយប្រទេសរុស្ស៊ី។ គួរបញ្ជាក់ផងដែរថា ដោយមើលឃើញពីស្ថានភាពបច្ចុប្បន្ននៃទង្វើរបស់ប្រទេសរុស្ស៊ី យើងនឹងធ្វើការរឹតបណ្តឹងការចូលប្រើប្រព័ន្ធផ្សព្វផ្សាយRT និង Sputnik នៅទូទាំងសហភាពអឺរ៉ុបនាពេលនេះ”។

យ៉ាងណាម៉ិញ លោក Nick Clegg មិនបានធ្វើការឆ្លើយតបភ្លាមៗចំពោះសំណួរដែលបានចោទសួរនៅក្នុងកម្មវិធីបណ្តាញសង្គមធ្វីតធ័រនោះទេ ដោយលោកពុំបានបញ្ជាក់ពីការរឹតបណ្តឹងនេះឱ្យបានច្បាស់លាស់ និងមិនបង្ហាញពីចំនួននៃសំណើរស្នើសុំពីរដ្ឋាភិបាលណាមួយ ក៏ដូចជាចំនួនអ្នកប្រើប្រាស់កម្មវិធី Facebook ដែលនឹងប៉ះពាល់ជាមួយនឹងការរឹតបណ្តឹងទាំងនេះ។ លើសពីនេះ លោក Clegg ក៏មិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃការអនុវត្តការរឹតបណ្តឹងនេះនៅឡើយ។

ទំព័រ Facebook របស់ RT មានចំនួនអ្នកតាមដានប្រមាណជាជាង 7.4 លាននាក់ និងទំព័រ Facebook របស់ Sputnik វិញ មានចំនួនអ្នកតាមដានប្រមាណជាជាង 1.4 លាននាក់។ មិនត្រឹមតែមានប្រព័ន្ធផ្សព្វផ្សាយនៅក្នុងកម្មវិធី Facebook នោះទេ ទំព័រ RT និង Sputnik ក៏មាននៅក្នុងកម្មវិធីបណ្តាញសង្គម Instagram ផងដែរ ដោយ RT មានចំនួនអ្នកតាមដាននៅក្នុងកម្មវិធី Instagram សរុបប្រមាណជាជាង 839,000 នាក់ និងសម្រាប់ Sputnik មានចំនួនអ្នកតាមដាន 116,000 នាក់។

ទំព័រ Facebook ក៏ដូចជាគេហទំព័រ RT និង Sputnik មិនទាន់មានការឆ្លើយតបភ្លាមៗចំពោះការរឹតបណ្តឹងរបស់ក្រុមហ៊ុន Meta នៅឡើយនោះទេ។

ក្រុមហ៊ុន Facebook ក៏បានធ្វើការបិទគណនីក្លែងក្លាយប្រមាណជាជាង 40 គណនីផងដែរ ដោយក្រុមហ៊ុនបាននិយាយថា គណនីដែលជាប្រភេទទំព័រ(Page) ឬក្រុមទាំងអស់នោះ គឺជាគណនីដែលចែករំលែកនូវព័ត៌មាន និងប្រភពគេហទំព័រមិនពិតដែលទាក់ទងទៅនឹងប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន។

ជាមួយគ្នានេះដែរ សារព័ត៌មាន RT និង Sputnik ក៏មាននៅក្នុងបណ្តាកម្មវិធីកម្សាន្តបណ្តាញសង្គមផ្សេងទៀតផងដែរ ដែលមានដូចជានៅលើកម្មវិធី Twitter និង TikTok។

អ្នកនាំពាក្យរបស់កម្មវិធី TikTok បាននិយាយថា អ្នកប្រើប្រាស់នៅក្នុងសហភាពអឺរ៉ុបនឹងមិនអាចឃើញមាតិការបស់គណនី RT និង Sputnik បាននោះទេ។
ចំណែកឯកម្មវិធីធ្វីតធ័រ (Twitter) វិញ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Twitter មិនបាននិយាយអ្វីច្រើនទាក់ទងនឹងគម្រោងនៃការដាក់កម្រិតទៅលើប្រព័ន្ធផ្សព្វផ្សាយ RT និង Sputnik នោះទេ ដោយក្រុមហ៊ុនគ្រាន់តែនិយាយថា ឥឡូវនេះពួកយើងមិនទាន់មានវិធានការអ្វីនៅឡើយទៀតនោះទេ៕

ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភព÷ Cnet

LEAVE A REPLY

Please enter your comment!
Please enter your name here