គេហទំព័ររបស់សាកលវិទ្យាល័យនៃប្រទេសអ៊ុយក្រែន ដែលដំណើរការដោយ WordPress ត្រូវបានគេលួចចូល និងធ្វើការវាយប្រហារ

0

យ៉ាងហោចណាស់គេហទំព័ររបស់សាកលវិទ្យាល័យនៃប្រទេសអ៊ុយក្រែនចំនួន 30ត្រូវបានគេវាយប្រហារតាមប្រព័ន្ធអ៊ីនធឺរណិត ដោយការវាយប្រហារមួយនេះ ទំនងធ្វើឡើងដោយក្រុមវាយប្រហារដែលគាំទ្រប្រទេសរុស្ស៊ី និងមានគម្រោងជួយប្រទេសរុស្ស៊ីធ្វើការវាយប្រហារទៅលើបណ្តាប្រទេសផ្សេងទៀតនៅសហភាពអឺរ៉ុប។

នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ ដោយអ្នកស្រាវជ្រាវមកពី Wordfence មានខ្លឹមសារថា ក្រុមហ៊ុនបានឃើញការវាយប្រហារដ៏ធំទៅលើគេហទំព័រក៏ដូចជាស្ថាប័នអប់រំរបស់ប្រទេសអ៊ុយក្រែន ដែលត្រូវបានកំណត់ថាជា “ក្រុមថ្ងៃចន្ទ” ដោយរាល់សកម្មភាពរបស់ពួកគេថ្មីៗនេះ គឺធ្វើឡើងដើម្បីគាំទ្រដល់រដ្ឋាភិបាលរបស់ប្រទេសរុស្ស៊ី។

ក្រុមវាយប្រហារតាមប្រព័ន្ធអ៊ីនធឺរណិត ដែលហៅខ្លួនឯងថា “The Mx0nday” នោះ បានកំណត់គោលដៅវាយប្រហារទៅលើគេហទំព័រដែលដំណើរការដោយ WordPress ប្រមាណជាជាង 100,000 គេហទំព័រ ចាប់តាំងពីថ្ងៃដែលប្រទេសរុស្ស៊ីចាប់ផ្តើមលុកលុយទៅលើប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ កន្លងមកម៉្លេះ។
ការបង្ហោះប្លុកមួយដែលមានប្រភពចេញពីស្ថាប័ន Wordfence និងពីនាយកប្រតិបត្តិគឺលោក Mark Maunder បានពន្យល់ថា ក្រុមហ៊ុនបានព្យាយាមធ្វើការការពារគេហទំព័រប្រមាណជាជាង 8,000 គេហទំព័ររបស់ប្រទេសអ៊ុយក្រែន ដោយនៅក្នុងនោះមានគេហទំព័រប្រមាណជាជាង 300 ជាគេហទំព័ររបស់សាកលវិទ្យាល័យនៃប្រទេសអ៊ុយក្រែន។

លោក Maunder បានពន្យល់បន្ថែមថា ក្រុមផ្នែកសន្តិសុខបច្ចេកវិទ្យារបស់ក្រុមហ៊ុនបានឃើញការវាយប្រហារទៅលើគេហទំព័រប្រមាណជាជាង 144,000 នៅថ្ងៃទី២៥ ខែកុម្ភៈ ដែលនេះជា រយៈពេលមួយថ្ងៃបន្ទាប់ពីការវាយប្រហារ Kinetic បានចាប់ផ្តើម។

លោក Mark Maunder បានបន្ថែមឲ្យដឹងទៀតថា មានអ្នកវាយប្រហារម្នាក់បានត្រៀមចាំវាយប្រហារគេហទំព័រនៃសាកលវិទ្យាល័យរបស់ប្រទេសអ៊ុយក្រែន ដោយគេបានចាប់ផ្តើមធ្វើការវាយប្រហារស្របគ្នាជាមួយនឹងការវាយប្រហាររបស់ប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។

ការស៊ើបអង្កេតទៅលើការវាយប្រហារមួយនេះ បានរកឃើញអាសយដ្ឋាន IP ចំនួនបួន ដែលត្រូវបានបំប្លែងដោយការប្រើប្រាស់ VPN ដែលមានទីតាំងចេញពីប្រទេសស៊ុយអែត។

បើយោងតាមការអះអាងរបស់ Wordfence ក្រុមហេគឃ័រនេះទៀតសោតទំនងជាមានតំណភ្ជាប់ចេញពីប្រទេសប្រេស៊ីលផងដែរ។
បើទោះបីជាយ៉ាងណាក៏ដោយ ជនបង្កដែលនៅពីក្រោយការវាយប្រហារមួយនេះពិតប្រាកដ ពុំទាន់មានប្រភពព័ត៌មានណាមួយ បានស្គាល់ និងបង្ហាញពីអត្តសញ្ញាណពិតជាសារធារណៈនៅឡើយនោះទេ៕

ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភព÷ Postswigger

LEAVE A REPLY

Please enter your comment!
Please enter your name here