ស្ថាប័នគ្រប់គ្រងប្រព័ន្ធអ៊ីនធឺរណិតសកល ICANN បាននិយាយថា ពួកគេនឹងមិនបិទប្រព័ន្ធអ៊ីនធឺរណិតនៅប្រទេសរុស្ស៊ីទេ

0

បើទោះបីជារដ្ឋាភិបាល និងសាជីវកម្មជុំវិញពិភពលោកព្យាយាមរឹតបន្តឹងសេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី តាមរយៈការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុយ៉ាងណាក្តី ក៏នៅតែមានប្រទេសមួយចំនួនបានព្យាយាមដាក់ទណ្ឌកម្មលើផ្នែកប្រព័ន្ធអ៊ីនធឺរណិតបន្ថែមទៀត បន្ទាប់ពីប្រទេសរុស្ស៊ីចាប់ផ្តើមបើកការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន។

នៅថ្ងៃចន្ទដើមសប្តាហ៍នេះ មន្ត្រីនៃប្រទេសអ៊ុយក្រែនពីររូបបានដាក់ញត្តិទៅកាន់អង្គការ ICANN ក៏ដូចជាមជ្ឈមណ្ឌលសម្របសម្រួលបណ្តាញ Réseaux IP Européens (RIPE NCC) ដើម្បីធ្វើការដកហូត “.ru”, “.рф” និង ” .su ដោយពួកគេក៏បានស្នើសុំឱ្យម៉ាស៊ីនមេ Root ដែលមានទីតាំងនៅទីក្រុងមូស្គូ និងSt. Petersburg បិទគេហទំព័រទាំងអស់នោះមិនឱ្យមានប្រព័ន្ធអ៊ីនធឺរណិតជ្រៀតចូលផងដែរ។

បន្ទាប់ពីមានការស្នើសុំអស់រយៈពេល 4 ថ្ងៃមក ពោលគឺនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ អង្គការ ICANN បានឆ្លើយតបទៅលើសំណើរមួយនេះ ដោយបានលើកឡើងថា ការធ្វើដូច្នេះមិនស្ថិតនៅក្នុងវិសាលភាពនៃបេសកកម្មរបស់ ICANN នោះទេ។

លោក Göran Marby ដែលជានាយកប្រតិបត្តិរបស់អង្គការ ICANN បានសរសេរសារឆ្លើយតបទៅកាន់តំណាងអង្គការ ICANN ប្រចាំប្រទេសអ៊ុយក្រែន លោក Andrii Nabok លោកឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីនៃក្រសួងផ្លាស់ប្ដូរឌីជីថលគឺលោក Mykhailo Fedorov ថា÷ “ដូចដែលអ្នកបានដឹងហើយថា អ៊ីនធឺរណិតគឺជាប្រព័ន្ធវិមជ្ឈការ ហើយបេសកកម្មរបស់យើងនឹងមិនគាំទ្រដល់ការចាត់វិធានការ ឬដាក់ទណ្ឌកម្មរឹតត្បិតដល់ការចូលប្រើប្រាស់ប្រព័ន្ធអ៊ីនធឺរណិត ដោយមិនគិតពីផលប៉ះពាល់នោះទេ”។

លោក Göran ក៏បានបន្ថែមទៀតផងដែរថា “ជាពិសេសនោះ អង្គការ ICANN ត្រូវបានបង្កើតឡើងដើម្បីធានាថាប្រព័ន្ធអ៊ីនធឺរណិតនឹងដំណើរការដោយរលូន និងត្រឹមត្រូវ មិនមែនសម្រាប់ប្រើប្រាស់ដើម្បីបញ្ឈប់ដំណើរការអ្វីមួយនោះទេ”៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភព÷ Engadget

LEAVE A REPLY

Please enter your comment!
Please enter your name here