ប្រទេសរុស្ស៊ីហាមឃាត់មិនឲ្យប្រើកម្មវិធី Instagram ក្រោយពីបិទកម្មវិធី Facebook និង Twitter

0

អ្នកគ្រប់គ្រងសេវាសហព័ន្ធសម្រាប់ការត្រួតពិនិត្យក្នុងវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងមហាជន កាលពីពេលថ្មីៗនេះបានប្រកាសថា ក្រោយពីបានទប់ស្កាត់អ្នកលេងបណ្តាញសង្គមធំៗដូចជា Facebook និង Twitter ឥឡូវនេះពួកគេបានហាមឃាត់លើការប្រើប្រាស់ Instagram របស់ក្រុមហ៊ុន Meta Platforms Inc បន្ថែមទៀត។

ភ្នាក់ងារទំនាក់ទំនងរបស់រដ្ឋាភិបាលរុស្ស៊ីលោករ៉ូសកូម៉ាណហ្ស័របាន​អះអាង​ថា​​ នៅថ្ងៃ ទី១៤ ខែមីនា អ្នកប្រើប្រាស់បណ្តាញសង្គម Instagram នឹងត្រូវបានបិទនៅក្នុងប្រទេស។ ការិយាល័យអគ្គរដ្ឋអាជ្ញារុស្ស៊ីបានទាមទារឱ្យលោករ៉ូសកូម៉ាណហ្ស័ររឹតបន្តឹងលើការចូលប្រើ ប្រាស់កម្មវិធី Instagram ដោយបានលើកឡើងថា​ បណ្តាញសង្គម Instagram មានសារ​ជា​ច្រើន​ត្រូវ​បាន​ផ្សព្វផ្សាយ លើក​ទឹក​ចិត្ត និង​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា​ប្រឆាំង​ជាមួយនឹង​ជនជាតិ​រុស្ស៊ី។

ក្រៅពីនេះ ប្រទេសរុស្ស៊ីបានប្រកាសទុកពេលឲ្យជនជាតិរុស្ស៊ីតែពីរថ្ងៃប៉ុណ្ណោះដើម្បីទាញយកទិន្នន័យរបស់ពួកគេចេញពីកម្មវិធី Instagram ហើយប្តូរទៅប្រើបណ្តាញសង្គមផ្សេង។

ក្រោយពីថ្ងៃទី១៤ ខែមីនា ពួកគេនឹងមិនអាចចូលប្រើកម្មវិធី Instagram បានទៀតទេ។ ក្រៅពីកម្មវីធីបណ្តាញសង្គម សេវាសហព័ន្ធថែមទាំងបានបិទបណ្តាញសារព័ត៌មានបរទេសមួយចំនួនផ្សេងទៀតដូចជា Voice of America, BBC, DW, Radio Free Europe និង Radio Liberty។

ជាការឆ្លើយតបទៅនឹងការហាមឃាត់នេះ រដ្ឋាភិបាលរុស្ស៊ីបានលើកឡើងពីហេតុផលមួយ ចំនួនដូចខាងក្រោម៖
-បណ្តាញសារព័ត៌មានទាំងនោះផ្សព្វផ្សាយព័ត៌មានក្លែងក្លាយទាក់ទងនឹងការឈ្លានពានលើប្រទេសអ៊ុយក្រែន
-ផ្សព្វផ្សាយព័ត៌មានបំភាន់ទាក់ទងនឹងយុទ្ធសាស្ត្រយោធារុស្ស៊ីដែលប្រើប្រឆាំងនឹងអ៊ុយក្រែន
-ផ្សាយព័ត៌មានក្លែងក្លាយទាក់ទងនឹងជនស៊ីវិលអ៊ុយក្រែនត្រូវបានវាយប្រហារ
-ផ្សាយទិន្នន័យបំភាន់ទាក់ទងនឹងចំនួនអ្នកស្លាប់ និងអ្នករបួសសរុប ដែលទទួលរងគ្រោះដោយការវាយប្រហាររបស់កងទ័ពរុស្ស៊ី៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here