ក្រុមហ៊ុន Facebook លុបវីដេអូក្លែងក្លាយបន្លំមុខរបស់ប្រធានធិបតីអ៊ុយក្រែនលោក Zelenskyy

0

ក្រុមហ៊ុន Facebook បានលុបចោលនូវវីដេអូក្លែងក្លាយដែលបានបន្លំមុខរបស់ប្រធានធិបតីអ៊ុយក្រែនលោក Zelenskyy ដោយវីដេអូនោះត្រូវបានចែកចាយនៅទូទាំងបណ្តាញសង្គម ហើយខ្លឹមសារបានសុំឱ្យទាហានអ៊ុយក្រែនទម្លាក់អាវុធចុះចាញ់ និងត្រលប់ទៅផ្ទះ។ លោក Nathaniel Gleicher ប្រធានគោលនយោបាយសន្តិសុខប្រចាំក្រុមហ៊ុន Meta មានប្រសាសន៍ថា៖ “កាលពីព្រឹកមិញ​ ក្រុមការងាររបស់យើង បានរកឃើញ និងលុបចោលនូវវីដេអូក្លែងក្លាយដែលបានបង្ហាញពីលោក President Zelensky ធ្វើសេចក្តីថ្លែងការណ៍ដែលគាត់មិនធ្លាប់ធ្វើពីមុនមក”។

ចំណែកឯប្រធានធិបតីអ៊ុយក្រែនលោក Zelenskyy ក៏បានបញ្ចេញប្រតិកម្មចំពោះព័ត៌មានក្លែងក្លាយនោះនៅលើអ៊ិនធឺរណិតដោយបានភ្ជាប់ជាមួយនឹងវីដេអូពិតរបស់លោកដើម្បីបង្ហាញថា វីដេអូដែលគេចែកចាយនោះជាការក្លែងបន្លំបោកប្រាស់ ខណៈដែលវីដេអូពិតរបស់លោក គឺបានបង្ហាញអ្នកតាមដានឲ្យឃើញថា ទាហានរុស្ស៊ីគួតែសុំចុះចាញ់ជំនួសវិញ ហើយត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។

ខាងក្រោមនេះគឺជាខ្លឹមសារប្រតិកម្មរបស់លោក Zelenskyy ក្រោយពីបានឃើញវីដេអូក្លែង ក្លាយនៅលើអ៊ិនធឺរណិត៖
“បើសិនជាខ្ញុំចង់ឲ្យនរណាម្នាក់ទម្លាក់អាវុធចុះមែន នោះគឺខ្ញុំចង់ឲ្យយោធារុស្ស៊ីទម្លាក់អាវុធចុះ។ អ្នកត្រលប់ទៅផ្ទះរបស់អ្នកវិញទៅ ព្រោះយើងនៅផ្ទះរបស់យើងស្រាប់ហើយ។ យើងនៅផ្ទះរបស់យើង និងកំពុងការពារទឹកដី កូនចៅ រួមទាំងគ្រួសាររបស់យើង” ។

សូមរំលឹកផងដែរថា មជ្ឈមណ្ឌល Stratcom របស់ប្រទេសអ៊ុយក្រែន ដែលជាមជ្ឈមណ្ឌលទំនាក់ទំនងយុទ្ធសាស្ត្រ និងសន្តិសុខព័ត៌មានរបស់ប្រទេសក៏ធ្លាប់បានធ្វើការព្រមានកាលពី២សប្តាហ៍មុនរួចមកហើយ ដែលថា ប្រទេសរុស្ស៊ីនឹងអាចផលិតជាវីដេអូបន្លំមុខ (deepfake videos) ដោយប្រើប្រាស់ម៉ាស៊ីនបច្ចេកវិទ្យា​ ហើយមុខដែលបន្លំនោះ គឺនឹងមិនខុសពីមុខពិតទាល់តែសោះ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here