ក្រុមហេគឃ័រ Lapsus$ ក្លាយជាព័ត៌មានក្តៅដែលមានការចុះផ្សាយជាច្រើនចាប់តាំងពីក្រុមហេគឃ័របានហេគក្រុមហ៊ុនធំៗដូចជាក្រុមហ៊ុន Microsoft ក្រុមហ៊ុន Nvidia និងក្រុមហ៊ុន Samsung។
ក្រោយមកទៀត ក្មេងជំទង់ ២នាក់អាយុ ១៦ និង ១៧ឆ្នាំ ត្រូវនាយកដ្ឋានប៉ូលិសចក្រភពអង់គ្លេសចាប់ខ្លួន។ ដោយសារតែក្មេងទាំង ២នាក់នោះមានអាយុក្រោម ១៨ឆ្នាំ ដូច្នេះព័ត៌មាន ផ្ទាល់ខ្លួនរបស់ពួកគេត្រូវបានរក្សាជាសម្ងាត់។ការចាប់ខ្លួនធ្វើឡើងចំពេលដែលក្រុមហេគឃ័រ បានផុសពីវិស្សមកាល។ ទោះជាយ៉ាងណាក៏ដោយ ពួកគេនៅតែបន្តបំពានលើអង្គភាពនានា និងបង្ហោះទិន្នន័យសំខាន់ៗ។
ស្រដៀងគ្នានេះដែរ នៅសប្តាហ៍មុនប៉ូលិសទីក្រុងឡុងដ៍បានចាប់ខ្លួនមនុស្ស ៧នាក់ដែលមានជាប់ពាក់ព័ន្ធជាមួយក្រុមហេគឃ័រ Lapsus$។ ពួកគេមានអាយុចន្លោះពី ១៦ ទៅ២១ ឆ្នាំ។
ក្មេងជំទង់ទាំង ២នាក់នោះជាប់ចោទបទល្មើសចំនួន៣ ករណី នៃច្បាប់ស្តីពីការប្រើប្រាស់កុំព្យូទ័រខុសឆ្នាំ១៩៩០ មាត្រាទី៣ រួមមាន ការលួចចូលប្រើដោយគ្មានការអនុញ្ញាតក្នុងចេតនាធ្វើឱ្យខូចប្រតិបត្តិការ ឬរារាំងប្រតិបត្តិការ ការលួចចូលប្រើកុំព្យូទ័រ និងការបន្លំ២ករណីដោយធ្វើជាអ្នកតំណាងមិនពិត។ លើពីនេះ ក្មេងអាយុ ១៦ឆ្នាំ ក៏ត្រូវបានជាប់ចោទពីបទល្មើស១ករណីផ្សេងទៀតនៃច្បាប់ស្តីពីការប្រើប្រាស់កុំព្យូទ័រខុសឆ្នាំ១៩៩០ មាត្រាទី១ ស្តីពីរៀបចំបង្កឱ្យកុំព្យូទ័រអនុវត្តមុខងារមួយដើម្បីការពារការចូលប្រើរបស់កម្មវិធីដោយគ្មានការអនុញ្ញាត។ ចំណែកឯ ភ្នាក់ងារ FBI ក៏បានស្នើសុំផងដែរសម្រាប់ព័ត៌មានអំពីអ្នកដែលនៅពីក្រោយក្រុមលួចចូល។
បច្ចុប្បន្ន មានអ្នកតាមដាន ៤៥ ០០០នាក់នៅក្នុងកម្មវិធីតេឡេក្រាមរបស់ក្រុមហេគឃ័រ Lapsus$។ នៅថ្ងៃទី០១ ខែមេសា ក្មេងជំទង់ទាំង ២នាក់បានបង្ហាញខ្លួននៅក្នុងតុលាការចក្រភពអង់គ្លេស។ ព្រះរាជអាជ្ញា លោកស្រី Valerie Benjamin បានបញ្ជូនសំណុំរឿងនេះទៅតុលាការ ដោយសារតែភាពស្មុគស្មាញនៃរឿងក្តីនេះ និងមានមនុស្សជាច្រើនជាប់ពាក់ព័ន្ធ។ ព័ត៌មានលម្អិតអំពីជនសង្ស័យនៅតែមិនត្រូវបានគេបង្ហាញឱ្យដឹងដោយសារតែមានការរឹតបន្តឹងខាងផ្លូវច្បាប់៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២