ក្រុមហ៊ុន Amazon បញ្ចប់មិនឱ្យមានការទាញយកនៅលើឧបករណ៍ Android

0

ក្រុមហ៊ុន Amazon បា​នបញ្ឈប់ការអនុញ្ញាតិមិនឱ្យអតិថិជនទាញយកសៀវភៅ​អេឡិចត្រូនិក និងមាតិកាឌីជីថលផ្សេងទៀតចេញពីកម្មវិធីលក់ទំនិញដែលដើរដោយប្រព័ន្ធប្រតិបត្តិការ Android ទៀតទេ។ ក្រុមហ៊ុនបានស្នើសុំឱ្យអតិថិជនទិញសៀវភៅតាមរយៈវេបសាយ ឬកម្មវិធី Kindle វិញ។

ចាប់ពីខែមេសាមក ក្រុមហ៊ុនទាំងឡាយណាដែលរកចំណូលប្រចាំឆ្នាំបានលើសពី១លានដុល្លារ ដាច់ខាតត្រូវតែបង់ប្រាក់កម្រៃជើងសារ៣០ភាគរយលើការទិញកម្មវិធីដែលដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការ Android ទាំងអស់ទៅឱ្យម្ចាស់ក្រុមហ៊ុន Google ដែលគ្រប់គ្រងប្រតិបត្តិការទូទាត់ទាំងអស់ផងដែរ។

ក្រុមហ៊ុន Amazon និយាយថា គោលការណ៍របស់ក្រុមហ៊ុនត្រូវបានណែនាំជាសាកលនៅរយៈពេល ២សប្តាហ៍កន្លងមកគឺបានឆ្លើយតបទៅនឹងគោលការណ៍របស់ Google Store។ ក្រុមហ៊ុន​បាន​បដិសេធ​មិន​ប្រាប់​ថា​តើ​វា​មាន​ផល​ប៉ះពាល់​អ្វីខ្លះ​ដល់​ការ​លក់នោះទេ។

កាលពីខែមេសា ក្រុមហ៊ុន Amazon ធ្លាប់រាយការណ៍ពីការខាតបង់ប្រចាំត្រីមាសដំបូងរបស់ខ្លួនចាប់តាំងពីឆ្នាំ២០១៥មក បន្ទាប់ពីមានការធ្លាក់ចុះនៃការលក់អនឡាញ។ លើសពីនេះ ក្រុមហ៊ុន Amazon ទទួលបានគោលការណ៍ដូចគ្នានៅលើកម្មវិធីទិញឥវ៉ាន់ដំណើរដែលការដោយប្រព័ន្ធប្រតិបត្តិការ iOS ប៉ុន្មានឆ្នាំមកនេះ ដោយថ្លៃសេវាស្រដៀងគ្នា ដែលកំណត់ដោយក្រុមហ៊ុន Apple។ បុគ្គលិករបស់ក្រុមហ៊ុន Amazon និយាយថា ការផ្លាស់ប្តូរនេះត្រូវបាន យកមកពិចារណាយ៉ាងប្រុងប្រយ័ត្ន ហើយមាតិកាឌីជីថលនៅតែអាចរកបានយ៉ាងងាយស្រួលនៅខាងក្រៅកម្មវិធីរបស់ខ្លួន។

សកម្មភាពផ្លូវច្បាប់
ចំពោះបញ្ហាបង់ថ្លៃ ក្រុមហ៊ុន Amazon ធ្លាប់គំរាម​បញ្ឈប់​ការ​ទទួល​យក​ការ​បង់​ប្រាក់តាមកាត Visa នៅ​ចក្រភព​អង់គ្លេស។ រីឯ ក្រុមហ៊ុនផលិតហ្គេម Fortnite Epic ធ្លាប់ប្តឹងក្រុមហ៊ុន Apple នៅឆ្នាំ២០២១ ដោយ​អះអាង​ថា​ ក្រុមហ៊ុន​កំពុងធ្វើ​ប្រតិបត្តិការ “ផ្តាច់មុខ” ដោយសារតែអតិថិជន របស់ក្រុមហ៊ុន Apple មិនអាចចូលប្រើកម្មវិធីហ្គេមរបស់ខ្លួននៅកន្លែងផ្សេងបាននោះទេ ហើយអ្នកអភិវឌ្ឍន៍ក៏មិនទទួលបានការអនុញ្ញាតឱ្យចុះហត្ថលេខាលើការទិញហ្គេមដែលមានតម្លៃទាប ដែលមាននៅខាងក្រៅកម្មវិធីនោះដែរ។

គួរបញ្ជាក់ថា ឥលូវនេះកំពុងតែមានការចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងក្រុមហ៊ុន Apple និងក្រុមហ៊ុន Google ពីអ្នកប្រើប្រាស់ឧបករណ៍មួយចំនួនដែលនិយាយថាថ្លៃសេវាមិនយុត្តិធម៌។ ផ្ទុយទៅវិញ ក្រុមហ៊ុន Apple និងក្រុមហ៊ុន Google និយាយថា ពួកគេបានផ្តល់ទីផ្សារសុវត្ថិភាព និងការចូលដំណើរការទៅកាន់ទីផ្សារពិភពលោកដ៏ទូលំទូលាយទៅដល់អ្នកប្រើប្រាស់ស្មាតហ្វូនមិនថាជាប្រភេទស្មាតហ្វូនប្រើប្រព័ន្ធប្រតិបត្តិការ Apple ឬ Android នោះទេ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bbc ចុះផ្សាយថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here