សហរដ្ឋអាមេរិកចោទប្រកាន់ក្រុមហេគឃ័រពីបទរំលោភលើគណនីឈ្មួញកណ្តាល និងការក្លែងបន្លំមូលបត្រ

0

ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក (DoJ) បានចោទប្រកាន់លោក Idris Dayo Mustapha ពីបទល្មើសសកម្មភាពសាយប័រមួយចំនួននៅចន្លោះឆ្នាំ២០១១ ​ដល់ឆ្នាំ ២០១៨ ដែលបណ្តាលឱ្យបាត់បង់សាច់ប្រាក់សរុប ៥,០០០,០០០ដុល្លារ។

អង្គភាពដែលរងគ្រោះជាច្រើនគឺជាស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនឈ្មួញកណ្តាលដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ហើយរងការសម្របសម្រួលប្រព័ន្ធដោយផ្ទាល់ពីលោក Mustapha និងអ្នករួមគំនិត ដែលបានធ្វើប្រតិបត្តិការដោយគ្មានការអនុញ្ញាតតាមរយៈការប្រើគណនីឈ្មួញកណ្តាលរបស់អ្នកដទៃ។ បុគ្គលជាប់ចោទ ថែមទាំងមានភាពក្លាហានក្នុងការជិះយន្តហោះពីទីក្រុងឡុងដ៍ទៅទីក្រុងញូវយ៉កនៅក្នុងឆ្នាំ២០១៥ ដើម្បីបើកគណនីធនាគារអាមេ រិក ដែលត្រូវប្រើសម្រាប់ការធ្វើពាណិជ្ជកម្មដែលគ្មានការអនុញ្ញាត។

លម្អិតសាច់រឿង
ចាប់ពីឆ្នាំ២០១១មក លោក Mustapha និងអ្នករួមគំនិតជាមួយជនជាតិលីទុយអានីម្នាក់ចូលរួម ក្នុងគម្រោងផ្សេងៗដើម្បីទទួលបានការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាតទៅកាន់ម៉ាស៊ីនមេអ៊ីម៉េលដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដែលគាំទ្រគណនីធនាគារ និងគណនីឈ្មួញកណ្តាលដែលអាចចូលដល់អតិថិជន។ តាមរយៈការធ្វើដូច្នេះ ក្រុមហេគឃ័របានលួចព័ត៌មានអត្តសញ្ញាណគណនីអ៊ីម៉េល ឈ្មោះអ្នកប្រើប្រាស់ និងលេខសម្ងាត់ ហើយបន្ទាប់មកបានប្រើទិន្ន័យទាំងនោះដើម្បីចូលទៅក្នុងប្រព័ន្ធធនាគារ និងគណនីឈ្មួញកណ្តាល។ តាមរយៈការចូលប្រើគណនីអ៊ីម៉េល តួអង្គគំរាមកំហែងអាចលួចព័ត៌មានផ្ទាល់ខ្លួន និងស្គាល់ពីការទំនាក់ទំនង និងសកម្មភាពជាប្រចាំរបស់ជនរងគ្រោះ។

ក្រោយមកទៀត លោក Mustapha បានប្រើវិស្វកម្មសង្គមប្រឆាំងនឹងនិយោជិតស្ថាប័នហិរញ្ញវត្ថុ ដោយស្នើសុំផ្ទេរប្រាក់ទៅគណនីធនាគារក្រៅប្រទេសក្រោមការគ្រប់គ្រងរបស់គាត់។ នៅក្នុងករណីរបស់គណនីឈ្មួញកណ្តាល លោក Mustapha ចូលប្រើគណនីទាំងនោះដោយផ្ទាល់ និងផ្ទេរចំនួនទឹកប្រាក់ ឬមូលបត្រតាមអ៊ីនធឺណិតទាំងមូលទៅកាន់ក្រុមហ៊ុនផ្សេងៗទៀត និងគណនីថ្មីៗជាច្រើន។ ដើម្បីជៀសផុតពីប្លុក (blocks) ដែលបានកំណត់ ដែលក្រុមហ៊ុនមួយចំនួនបានកំណត់ទុកជាវិធានការប្រឆាំងនឹងការក្លែងបន្លំ ក្រុមហេគឃ័របានប្រើប្រាស់គណនីជនរងគ្រោះដោយក្លែងបន្លំដើម្បីដាក់ការជួញដូរដោយគ្មានការអនុញ្ញាតដែលផ្តល់ផលប្រយោជន៍ដល់ភាគហ៊ុននៅក្រោមការគ្រប់គ្រងរបស់គាត់។​ ក្នុងករណីនេះ ជារឿយៗគាត់បានរំលាយមុខតំណែងភាគហ៊ុនដែលមានស្រាប់ ដែលកាន់កាប់ដោយគណនីឈ្មួញកណ្តាល និងមានពាក់ព័ន្ធនៅក្នុងការគ្រប់គ្រងតម្លៃទីផ្សារ និងផ្នែកជាច្រើនផ្សេងទៀត។

នៅទីបំផុត លោក Mustapha ត្រូវបានចាប់ខ្លួននៅចក្រភពអង់គ្លេសក្នុងខែសីហា ឆ្នាំ២០២១ បន្ទាប់ពីបានបង្កការខូចខាតផ្នែកហិរញ្ញវត្ថុសរុបលើសពី ៥ ០០០ ០០០ដុល្លារ។ បច្ចុប្បន្ននេះគាត់ប្រឈមមុខនឹងការចោទប្រកាន់ចំនួន១០ករណី ដោយមានរួមទាំងការក្លែងបន្លំប្រព័ន្ធ ការលួចអត្តសញ្ញាណដែលមានស្ថានទម្ងន់ទោស ការក្លែងបន្លំមូលបត្រ ការឈ្លានពានកុំព្យូទ័រ ការក្លែងបន្លំឧបករណ៍ប្រើប្រាស់ជាដើម។ល។ សម្រាប់ការកាត់ទោសគឺអាចចំណាយរយៈពេល២​ឆ្នាំ ហើយគាត់អាច​ជាប់​ពន្ធនាគារ​រហូត​ដល់​២០​ឆ្នាំ​។

សព្វថ្ងៃនេះ​ លោក Mustapha នៅតែស្ថិតក្នុងចក្រភពអង់គ្លេស ហើយសហរដ្ឋអាមេរិកកំពុងស្វែងរកការធ្វើបត្យាប័នរបស់គាត់ ដើម្បីកាត់ទោសនៅក្នុងតុលាការស្រុកសម្រាប់សង្កាត់ភាគខាងកើតនៃទីក្រុងញូវយ៉ក៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here