កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Meta បានលុបចោលយុទ្ធនាការចារកម្មអ៊ីនធឺណិតចំនួនពីរនៅទូទាំងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន។ ក្រុមហេគឃ័រ Bitter APT និង Transparent Tribe គឺជាក្រុមហេគឃ័រដែលបានធ្វើប្រតិបត្តិការយុទ្ធនាការនោះ។
ក្រុមហេគឃ័រ APT or T-APT-17 គឺជាក្រុមដំបូងដែលត្រូវបានរកឃើញ និងកំណត់គោលដៅលើវិស័យរដ្ឋាភិបាល វិស័យវិស្វកម្ម និងថាមពល។ ក្រុមនេះ ប្រើវិស្វកម្មសង្គមប្រឆាំងនឹងគោលដៅដែលមានទីតាំងនៅប្រទេសឥណ្ឌា ចក្រភពអង់គ្លេស ប្រទេសនូវែលសេឡង់ និងប្រទេសប៉ាគីស្ថាន។ ក្រុមនេះបានប្រើការរួមបញ្ចូលគ្នានៃគេហទំព័រដែលត្រូវបានសម្របសម្រួលសេវាកម្ម URLឱ្យខ្លី និងអ្នកផ្តល់សេវាបង្ហោះឯកសារភាគីទីបី ដើម្បីដាក់ពង្រាយមេរោគនៅក្នុងម៉ាស៊ីនគោលដៅ។
ចំណែកឯ ក្រុមហេគឃ័រ Transparent Tribe ដែលគេស្គាល់ថាជា APT36 ធ្វើប្រតិបត្តិការមានភាពស្មុគ្រស្មាញតិចជាង ក្រុមហេគឃ័រ Bitter APT។ ក្រុមនេះបានប្រើប្រាស់យុទ្ធសាស្ត្រ
វិស្វកម្មសង្គម និងមេរោគដែលអាចរកបាន ដោយផ្តោតលើសកម្មជនសិទ្ធិមនុស្ស និងមន្ត្រីយោធា ដែលមានទីតាំងនៅប្រទេសឥណ្ឌា ប្រទេសប៉ាគីស្ថាន ប្រទេសអាហ្វហ្គានីស្ថាន ប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសអារ៉ាប់រួម។
ដើម្បីជៀសវាងពីការវាយប្រហារនេះ អ្នកប្រើប្រាស់ត្រូវប្រុងប្រយ័ត្នជានិច្ចនៅពេលបង្កើតមិត្តជាមួយមនុស្សចម្លែកតាមប្រព័ន្ធអ៊ីនធឺណិត៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន cyware ចុះផ្សាយថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២