សហរដ្ឋអាមេរិក៖លោក អ៊ីលុន ម៉ាស់ បានផុសលើបណ្តាញសង្គមទ្វីតទ័រ នៅរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីគាត់បានកាន់កាប់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏មានឥទ្ធិពលបំផុតមួយរបស់ពិភពលោក មានខ្លឹមសារថា ក្រុមហ៊ុនទ្វីតទ័រនឹងពិនិត្យឡើងវិញពីដំណើរការផ្ទៀងផ្ទាត់របស់អ្នកប្រើប្រាស់។ លោកបានផុសលើទ្វីតទ័រដោយពុំបានបញ្ជាក់លម្អិតថា៖ “ដំណើរការផ្ទៀងផ្ទាត់ទាំងមូលកំពុងត្រូវបានកែលម្អនៅពេលនេះ”។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla Inc (TSLA.O) មិនទាន់បានធ្វើការសម្រេចចិត្តចុងក្រោយទេ ហើយគម្រោងនេះនៅតែអាចត្រូវបានលុបចោល ប៉ុន្តែយោងទៅតាម Platformer វាទំនងជាថា ការផ្ទៀងផ្ទាត់នឹងក្លាយជាផ្នែកមួយនៃ Twitter Blue។
Twitter Blue ដែលជាសញ្ញាធីចព័ណ៌ខៀវនៅលើបណ្តាញសង្គមទ្វីតទ័រ បានដំណើរការវេទិកាសេវាសាប់ស្កែ្របរបស់ខ្លួនកាលពីខែមិថុនា ឆ្នាំមុន ដែលបានផ្តល់ការចូលប្រើផ្តាច់មុខចំពោះមុខងារពិសេសៗចំពោះការសាប់ស្ក្រែប (subscription) ប្រចាំខែរាប់បញ្ចូលទាំងមុខងារកែសារនៅលើបណ្តាញទ្វីត។
គួរបញ្ជាក់ផងដែរថា មុខងារកែសារនៅលើបណ្តាញទ្វីត ក៏ត្រូវបានបង្កើតឡើងផងដែរនៅដើមខែនេះ បន្ទាប់ពីលោក ម៉ាស់ បានចាប់ផ្តើមធ្វើការស្ទង់មតិអ្នកតាមដានរាប់លាននាក់របស់លោកនៅលើបណ្តាញសង្គមទ្វីតកាលពីខែមេសាកន្លងមក ថាតើអ្នកប្រើប្រាស់ចង់បានប៊ូតុង កែសារ ឬទេ។ ក្រោយមក អ្នកតាមដាន ៧០ភាគរយរបស់លោកឆ្លើយថា យល់ព្រម៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន SANA ចុះផ្សាយថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២