រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈគណៈកម្មការទំនាក់ទំនងសហព័ន្ធ (FCC) បានធ្វើការហាមឃាត់ទៅលើការលក់នូវឧបករណ៍ទូរគមនាគមន៍ជាច្រើនរបស់ចិន និងក្រុមហ៊ុនផ្គត់ផ្គង់កាមេរ៉ាវីដេអូជាច្រើនដូចជា Huawei, ZTE, Hytera, Hikvision និង Dahua ពាក់ព័ន្ធទៅនឹងបញ្ហាហានិភ័យដល់សន្តិសុខជាតិ។
សេចក្តីប្រកាសព័ត៌មានរបស់ FCC អោយដឹងថា “គណៈកម្មការទំនាក់ទំនងសហព័ន្ធបានអនុម័តច្បាប់ថ្មីដែលហាមប្រាមឧបករណ៍ទំនាក់ទំនងជាច្រើនដែលចាត់ទុកថាបង្កហានិភ័យដែលមិនអាចទទួលយកបានចំពោះសន្តិសុខជាតិពីការអនុញ្ញាតឱ្យនាំចូល ឬលក់នៅសហរដ្ឋអាមេរិកឡើយ” ។
ប្រធានអង្គការ J. Rosenworcel បានអត្ថាធិប្បាយថា “ច្បាប់ថ្មីទាំងនេះគឺជាផ្នែកសំខាន់នៃសកម្មភាពបន្តរបស់យើង ដើម្បីការពារប្រជាជនអាមេរិកពីការគំរាមកំហែងសន្តិសុខជាតិដែលពាក់ព័ន្ធនឹងទូរគមនាគមន៍” ។
ការហាមឃាត់របស់សហរដ្ឋអាមេរិកមិនត្រឹមតែគ្របដណ្តប់លើក្រុមហ៊ុនមេប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនបុត្រសម្ព័ន្ធ និងសាខារបស់ពួកគេផងដែរ។ កន្លងមកនេះ សហរដ្ឋអាមេរិកបានចោទប្រកាន់ក្រុមហ៊ុនទូរគមនាគមន៍ Huawei ថាបានលួចកម្មសិទ្ធិបញ្ញា ទិន្នន័យស្រាវជ្រាវ និងការអភិវឌ្ឍន៍ និងការចែកចាយមេរោគ backdoors នៅក្នុងផលិតផលរបស់ពួកគេដែលអាចអនុញ្ញាតឱ្យរដ្ឋាភិបាលក្រុងប៉េកាំងធ្វើប្រតិបត្តិការចារកម្មបានផងដែរ៕