គណៈកម្មការការពារទិន្នន័យអៀរឡង់ (DPC) បានចាប់ផ្តើមធ្វើការស៊ើបអងេ្កតមួយទៅលើរបាយការណ៍នៃការបែកធ្លាយទិន្នន័យទ្រង់ទ្រាយធំរបស់ក្រុមហ៊ុន Twitter ។ ការបែកធ្លាយនេះគឺប៉ះពាល់ដល់អ្នកប្រើប្រាស់ជាង 5.4 លាននាក់រួមបញ្ចូលទាំងទិន្នន័យដូចជាលេខទូរស័ព្ទ និងអាសយដ្ឋានអ៊ីម៉ែលផងដែរ។ ទិន្នន័យនេះគឺត្រូវកេងប្រវ័ញ្ចចេញពីចន្លោះប្រហោង API ដែលក្រុមហ៊ុន Twitter បានជួសជុលនៅក្នុងខែមករានេះ។
នៅក្នុងសេចក្តីប្រកាសនៅថ្ងៃសុក្រនេះ និយតករឯកជនអៀរឡង់និយាយថា DPC បានធ្វើការឆ្លើយតបទៅកាន់ក្រុមហ៊ុន Twitter International Unlimited Company (‘TIC’) ពាក់ព័ន្ធទៅនឹងការបែកធ្លាយទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ផងដែរ។ ស្ថាប័ន DPC ក៏ចង់ដឹងថា តើបណ្តាញសង្គមយក្សនេះបានបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការការពារទិន្នន័យដល់កម្រិតណាពាក់ព័ន្ធទៅនឹងបទប្បញ្ញត្តិនៃច្បាប់ការពារទិន្នន័យទូទៅ (EU GDPR) ដែរឬទេ។
កាលពី ២ ឆ្នាំមុននេះស្ថាប័ន DPC បានពិន័យទឹកប្រាក់ €450,000 (~$550,000) ទៅលើក្រុមហ៊ុន Twitter សម្រាប់ការខកខានមិនបានជូនដំណឹងទៅកាន់ DPC ដែលបណ្តាលអោយមានការបែកធ្លាយទិន្នន័យរយៈពេល 72 ម៉ោង។គួរបញ្ជាក់ផងដែរថា នៅក្នុងខែវិច្ឆិកាឆ្នាំ 2021 នេះ ស្ថាប័នDPC ក៏បានពិន័យក្រុមហ៊ុន Meta នូវទឹកប្រាក់ចំនួន €265 លានផងដែរសម្រាប់ការបែកធ្លាយទិន្នន័យទ្រង់ទ្រាយធំនៅលើ Facebook ដោយសារតែការបែកធ្លាយទិន្នន័យផ្ទាល់ខ្លួនរាប់លាននាក់របស់អ្នកប្រើប្រាស់នៅជុំវិញពិភពលោក៕