កម្មវិធីបង្ហោះវីឌីអូខ្លីដ៏ពេញនិយម តិកតុក ត្រូវអ្នកឃ្លាំមើលច្បាប់ការពារទិន្នន័យប្រទេសបារាំងផាកពិន័យជាទឹកប្រាក់ចំនួន ៥លានអឺរ៉ូ (ប្រមាណជា ៥,៤លានដុល្លារ) ពីបទល្មើសនឹងច្បាប់ cookie consent ហើយក៏មានផ្លេតហ្វមស្រដៀងគ្នានេះជាច្រើនត្រូវពិន័យដូចជា Amazon, Google, Meta និង Microsoft កាលពីឆ្នាំ២០២០ កន្លងទៅនេះ។
គណៈកម្មការ CNIL ថ្លែងថា អ្នកប្រើតិកតុកមិនអាចបដិសេដមិនទទួល cookies ទេ ហើយពួកគេមិនទទួលសេចក្តីជូនដំណឹងណាមួយច្បាស់លាស់ស្តីពីគោលបំណងរបស់ cookies ផ្សេងគ្នានោះដែរ។ និយ័តករ (regulator) ថ្លែងថាខ្លួនធ្វើសាវនកម្មជាច្រើនដងតាំងពីឆ្នាំ២០២០ រហូតមកដល់ឆ្នាំ២០២២ ហើយរកឃើញថាក្រុមហ៊ុន ByteDance មិនផ្តល់ជម្រើសបដិសេដ cookies នោះទេ។ រហូតមកដល់ខែកុម្ភៈ ឆ្នាំ២០២២ ទើបក្រុមហ៊ុនតិកតុក ផ្តល់ជម្រើស “បដិសេដ” cookies ជូនដល់អ្នកប្រើប្រាស់។
CNIL លើកឡើងថា យន្តការបដិសេដចំពោះការទទួលយក cookies មានភាពស្មុគស្មាញ ធ្វើឱ្យអ្នកប្រើមិនចង់បដិសេដចំពោះ cookies នោះទេ ហើយថែមទាំងលើកទឹកចិត្តពួកគេឱ្យ “ទទួលយកទាំងអស់” ចំពោះរឿងនេះគាត់និយាយថាវាល្មើសនឹងច្បាប់ការពារទិន្នន័យប្រទេសបារាំង។ នៅក្នុងច្បាប់ចែងថា គេហទំព័រអាចរក្សាទុក cookies និងតាមដានភាគីទី៣ ហើយអាចប្រើប្រាស់ព័ត៌មានរបស់ពួកគេដើម្បីផ្សាយពាណិជ្ជកម្ម ឬវិភាគ ដ៏រាបណាមានការយល់ព្រមពីពួកគេ។ ការពិន័យនេះកើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពី CNIL ផាកពិន័យក្រុមហ៊ុន Apple ពីបទប្រើប្រាស់ព័ត៌មានអតិថិជន iPhone ដើម្បីផ្សាយពាណិជ្ជកម្មដែលល្មើសនឹងច្បាប់ឯកជនភាពអឺរ៉ុប៕
ប្រែសម្រួលដោយ៖ កញ្ញា