បច្ចុប្បន្ននេះ ឧក្រិដ្ឋជនតាមអ៊ីនធឺណិត កំពុងប្រើប្រាស់គេហទំព័របញ្ឆោតទាំងឡាយទៅលើកាតហ្គេម Pokemon NFT ចែកចាយឧបករណ៍ចូលប្រើពីចម្ងាយ NetSupport ដើម្បីទទួលការគ្រប់គ្រងលើឧបករណ៍របស់ជនរងគ្រោះដែលមិនមានការសង្ស័យ។
អ្នកជំនាញនៅ ASEC ឱ្យដឹងថា អ្នកវាយប្រហារបន្លំទាញប្រយោជន៍ពីប្រជាប្រិយភាពរបស់អ្នកគាំទ្រ Pokemon និង NFT ដើម្បីបញ្ឆោតពួកគេចូលមើលវិបផតថលដែលមានគំនិតអាក្រក់ដូចជា pokemon-go [.]io តាមរយៈ malspam ឬការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គម។សញ្ញាណដំបូងនៃប្រតិបត្តិការព្យាបាទត្រូវគេប្រទះឃើញកាលពីខែធ្នូ ឆ្នាំ២០២២។ គំរូមុនដែលធ្លាប់ត្រូវបដិសេធពីក្រុមអ្នកជំនាញ VirusTotal បង្ហាញថា ក្រុមអ្នកវាយប្រហារដូចគ្នាផ្សព្វផ្សាយឯកសារ Visual Studio ក្លែងក្លាយដែលដំឡើង NetSupport RAT ផងដែរ។
គួរបញ្ជាក់ផងដែរថា NetSupport RAT គឺជាកម្មវិធីពិតប្រាកដសម្រាប់ជំនួយបច្ចេកទេសពីចម្ងាយ ទោះជាយ៉ាងណាក៏ដោយ អ្នកវាយប្រហារប្រើប្រាស់វាដើម្បីគេចផុតពីការរកឃើញរបស់កម្មវិធីការពារសុវត្ថិភាព។ សរុបសេចក្តីមក អ្នកគាំទ្រជាច្រើនរបស់ Pokemon និង NFTs ទំនោរប្រឈមមុខនឹងការបោកប្រាស់បែបនេះ ហើយវាអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជាការលួចទិន្នន័យ ឬការលួចយកប្រព័ន្ធសម្រាប់ការជំរិតទារប្រាក់។ ដូច្នេះហើយ អ្នកជំនាញណែនាំដល់អ្នកប្រើបណ្តាញអនឡាញត្រូវទិញ និងទាញយកកម្មវិធីទីផ្សារពិតប្រាកដ និងរក្សាកម្មវិធីទាំងនោះធ្វើបច្ចុប្បន្នភាពថ្មីៗជានិច្ច៕
ប្រែសម្រួល៖ប៉ោក លក្ខិណា