ក្រុមហេគឃ័រគាំទ្រដោយប្រទេសរុស្ស៊ី ដែលគេស្គាល់ថា ជាក្រុមហេគឃ័រ NoName057(16) ធ្វើការវាយប្រហារ ដោយប្រើយទ្ធនាការ DDoS ប្រឆាំងនឹងអង្គភាពនានានៅក្នុងប្រទេសអ៊ុយក្រែន និងប្រទេស ណាតូ ចាប់តាំងពីផ្តើមមានសង្រ្គាមថ្ងៃដំបូងនៃសង្គ្រាមនៅប្រទេសអ៊ុយក្រែន។ ក្រុមនោះវាយប្រហារកំណត់គោលដៅទៅលើអង្គភាពរដ្ឋាភិបាល និងរចនាសម្ព័ន្ធសំខាន់ៗ។
មន្ទីរស្រាវជ្រាវ SentinelLabs បង្ហាញថា ក្រុមហេគឃ័រប្រើប្រាស់ឆានែល Telegram ដែលជាឆានែលបង់ប្រាក់ DDoS ផ្អែកលើអ្នកស្ម័គ្រចិត្ត និងកញ្ចប់ឧបករណ៍ប្រព័ន្ធប្រតិបត្តិការច្រើន ដើម្បីធ្វើការវាយប្រហារ។ លើសពីនេះ ក្រុមហេគឃ័រថែមទាំងមានវត្តមាននៅក្នុងសេវា GitHub ថែមទៀតផង។ ក្រុមហេគឃ័រ NoName057(16) ត្រូវគេអះអាងថា ជាក្រុមហេគឃ័រសកម្ម ដែលមានគោលបំណងសំខាន់ផ្តោតលើការរំខានដល់គេហទំព័រដែលមានសារៈសំខាន់ចំពោះប្រទេសណាដែលរិះគន់ការឈ្លានពានរបស់ប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។
ក្រៅពីនេះ ក្រុមហេគឃ័រ NoName057(16) ថែមទាំងប្រើប្រាស់ឆានែល Telegram ដើម្បីអះអាងទទួលខុសត្រូវចំពោះការវាយប្រហាររបស់ពួកគេ ចំអកដល់គោលដៅ ធ្វើការគំរាមកំហែង និងបង្ហាញអំពីភាពត្រឹមត្រូវនៃសកម្មភាពរបស់ពួកគេជាក្រុម។ ទិន្នន័យពីបណ្តាញ Telegram របស់ក្រុមនេះបង្ហាញឱ្យឃើញថា អ្នកវាយប្រហារឲ្យតម្លៃលើការទទួលស្គាល់ និងការផ្សព្វផ្សាយជាសាធារណៈ ការវាយប្រហាររបស់ពួកគេតាមប្រព័ន្ធអ៊ីនធឺណិត រួមទាំងត្រូវលើកឡើងនៅក្នុងអត្ថបទវិគីភីឌាផងដែរ។
បន្ថែមលើសពីនេះ ក្រុមហេគឃ័រ NoName057(16) គឺជាវេទិកាចម្បងសម្រាប់សកម្មភាពព្យាបាទភាគច្រើនរបស់ពួកគេ រាប់បញ្ចូលទាំងការបង្ហោះគេហទំព័រ DDoS របស់ខ្លួន។ ក្រុមនេះថែមទាំងប្រើប្រាស់ GitHub repositories ដើម្បីរក្សាទុកកំណែចុងក្រោយបំផុតនៃឧបករណ៍របស់ពួកគេ។ សេវាកម្ម GitHub បិទគណនីយោងទៅតាមគោលការណ៍ប្រើប្រាស់ដែលអាចទទួលយក។
សរុបមក ក្រុមហេគឃ័រ NoName057(16) គឺជាក្រុមហេគឃ័រដ៏សកម្ម ដែលត្រូវរាយការណ៍ បង្កើតឡើងក្រោយពីមានសង្គ្រាមរវាងប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន។ បើទោះបីជាក្រុមនេះមិនមានជំនាញបច្ចេកទេសខ្ពស់ក៏ដោយ ពួកគេនៅតែអាចបង្កឱ្យមានការរំខានដល់សេវាកម្មបណ្តោះអាសន្ន។ សេណារីយ៉ូទាំងមូលក៏តំណាងឱ្យកំណើននៃការវាយប្រហារផ្អែកលើអ្នកស្ម័គ្រចិត្តផងដែរ ហើយបច្ចុប្បន្ននេះ អ្នកវាយប្រហារបន្ថែមការបង់ប្រាក់ជាការលើកទឹកចិត្តដល់អ្នករួមចំណែកដ៏មានប្រសិទ្ធភាពបំផុតរបស់ពួកគេ។ អ្នកស្រាវជ្រាវសន្មតថា ដោយសារតែបរិយាកាសនយោបាយបច្ចុប្បន្ន វាទំនងថា ក្រុមហេគឃ័រស្រដៀងគ្នានឹងបន្តរីកចម្រើនកើតឡើងជាច្រើន៕
ប្រែសម្រួល៖ប៉ោក លក្ខិណា