ក្រុមហ៊ុន Meta កំពុងនាំយកមុខងារ “ឆាណែល” ដែលដូ​ចទៅនឹងមុខងារនៅក្នុងកម្មវិធី Telegram ទៅកាន់កម្មវិធី Instagram

0

ក្រុមហ៊ុន Meta ដាក់គោលដៅរបស់ខ្លួនលើការចម្លងគំនិតពីកម្មវិធីផ្ញើសារ Telegram។ លោក Mark Zuckerberg ទើបតែអួតពីមុខងារ Broadcast Channels ដែលជាមុខងារថ្មីនៅលើកម្មវិធី Instagram ដែលនាំមកនូវមធ្យោបាយផ្ញើសារថ្មីទៅលើកម្មវិធីនោះ។  ក្រុមហ៊ុនកំពុងសាកល្បងមុខងារនេះជាមួយនឹងអ្នកបង្កើតមួយចំនួន ហើយគ្រោងនឹងនាំយកមុខងារដែលដូចទៅនឹងមុខងារនៅក្នុងកម្មវិធី Telegram ទៅកាន់កម្មវិធី Facebook និងកម្មវិធី Messenger ដែរ។

Broadcast channels អនុញ្ញាតឱ្យអ្នកបង្កើតមាតិកាធ្វើបច្ចុប្បន្នភាពស្ទ្រីមទៅកាន់ប្រអប់សាររបស់អ្នក   តាមដានរបស់ពួកគេ ដែលដូចជាឆាណែលនៅក្នុងកម្មវិធី Telegram។ អ្នកប្រើប្រាស់ដែលចូលទៅក្នុងឆាណែលនោះគឺអាចប្រតិកម្មទៅលើសារ ឬបោះឆ្នោតជ្រើសរើស ប៉ុន្តែមិនអាចផ្ញើ ឬតបសារនៅក្នុងឆាណែលនោះដោយផ្ទាល់នោះទេ។

ឧទាហរណ៍ដូចអ្វីដែលលោក Mark Zuckerberg ចែករំលែកនៅក្នុងឆាណែល Meta របស់លោក ដោយលោកសរសេរថា លោកនឹងប្រើប្រាស់កន្លែងនេះដើម្បី ចែករំលែកព័ត៌មាន និងបច្ចុប្បន្នភាពលើផលិតផលទាំងអស់ និងបច្ចេកវិទ្យា ដែលលោកកំពុងធ្វើនៅក្នុងក្រុមហ៊ុន Meta។ ក្រៅពីការធ្វើបច្ចុប្បន្នភាពទៅលើសារ អ្នកបង្កើតមាតិកាក៏អាចចែករំលែកនូវសំឡេង រូបថត និងខ្លឹមសារផ្សេងទៀតផងដែរ។

ឥឡូវនេះ គឺមានតែលោក Mark Zuckerberg និងអ្នកបង្កើតមាតិកាមួយចំនួនតែប៉ុណ្ណោះដែលមានសិទ្ធិចូលទៅប្រើប្រាស់សាកល្បងនូវមុខងារឆាណែលថ្មីនេះ។ នៅក្នុងក្រុមឆាណែលដំបូងមានការចូលរួមពីអ្នកជិះស្គីលើទឹកកក Chloe Kim អ្នកប្រយុទ្ធ Jiu-Jitsu Mackenzie Dern និងគណនីត្រាប់ Tank Sinatra។ ក្រុមហ៊ុន Meta បន្ថែមថា សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ អាចធ្វើការដាក់ពាក្យស្នើសុំ sign up សម្រាប់ការអនុញ្ញាតិឱ្យចូលប្រើដំបូង។

បើទោះបីជាក្រុមហ៊ុន Meta និយាយថាមុខងារនេះនៅស្ថិតក្រោមការធ្វើតេស្តនៅឡើយក៏ដោយ ប៉ុន្តែ  ក្រុមហ៊ុនមួយនេះហាក់បីដូចជាកំពុងតែវិនិយោគទៅលើមុខងារឆាណែលនេះផងដែរ។ មុខងារបន្ថែមទៀតដែលមានដូចជា ការអនុញ្ញាតឱ្យទាញអ្នកបង្កើតផ្សេងទៀតចូលក្នុងឆាត និងដើម្បីធ្វើ AMAs កំពុងស្ថិតក្រោមការសិក្សា។ ក្រុមហ៊ុន Meta ថែមទាំងរៀបគម្រោងដើម្បីចាប់ផ្តើមសាកកល្បងមុខងារ channels នៅលើកម្មវិធី កម្មវិធី Facebook និង Messenger ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ៕

ប្រែសម្រួល៖ ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here