ក្រុមហ៊ុន GM កំពុងធ្វើការលើជំនួយការឌីជីថល ChatGPT សម្រាប់រថយន្ត

0

ក្រុមហ៊ុនផលិតរថយន្ត General Motor (GM) កំពុងធ្វើការលើការបង្កើតជំនួយការឌីជីថលសម្រាប់រថយន្ត ដោយផ្អែកតាមម៉ូឌែល Machine Learning ដែលផ្តល់ថាមពលដល់កម្មវិធី ChatGPT ។​ ព័ត៌មាននៃការអភិវឌ្ឍន៍នេះត្រូវរាយការណ៍ជាលើកដំបូងនៅដើមសប្តាហ៍នេះដោយសារព័ត៌មាន Semafor។ ក្រោយមកទៀតក្រុមហ៊ុន GM ចែកចាយព័ត៌មានទៅកាន់សារព័ត៌មាន Reuters។ លោក Scott Miller អនុប្រធានរបស់ក្រុមហ៊ុន GM និយាយថា “កម្មវិធី ChatGPT នឹងមាននៅក្នុងអ្វីគ្រប់យ៉ាង”។

បន្ថែមពីនេះ ចក្ខុវិស័យរបស់ក្រុមហ៊ុនផលិតរថយន្ត GM ចង់ឱ្យជំនួយការឌីជីថលរបស់ខ្លួនអាចជួយដល់អ្នកបើកបរតាមរយៈការក្លាយជាសៀវភៅណែនាំរបស់អ្នកបើកបរ នេះមានន័យថា ជំនួយការឌីជីថលអាចជួយបង្ហាញអ្នកបើកបរពីរបៀបផ្លាស់ប្តូរកង់រថយន្តរបស់អ្នកនៅពេលខូច។ វាក៏មានរួមបញ្ចូលនូវមុខងារ និងការកំណត់ជាមួយឧបករណ៍ផ្សេងៗទៀត ក៏ដូចជាការភ្ជាប់ជាមួយការបើកទ្វារយានដ្ឋានចតរថយន្តផងដែរ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន GM ប្រាប់សារព័ត៌មាន Reuters ថា “ការផ្លាស់ប្តូរនេះ មិនមែនគ្រាន់តែជាសមត្ថភាពតែមួយដូចជាការវិវត្តទៅកាន់ការបញ្ជាដោយសម្លេងនោះទេ ប៉ុន្តែផ្ទុយទៅវិញអតិថិជនអាចរំពឹងថា រថយន្តនាពេលអនាគតរបស់ពួកគេនឹងកាន់តែមានសមត្ថភាពកាន់តែខ្លាំង និងកាន់តែឆ្លាតវៃ ជាមួយនឹងបច្ចេកវិទ្យាដែលកំពុងតែរីកចម្រើន”។ 

បើយោងតាមសារព័ត៌មាន Semafor ជំនួយការឌីជីថលនេះនឹងដំណើរការខុសពី chatbots ផ្សេងទៀតដែលយើងឃើញមាននៅក្នុង Bing Chat។ ក្រុមហ៊ុន GM ត្រូវគេរាយការណ៍ថា កំពុងធ្វើការបន្ថែមលើការបង្កើត ”ស្រទាប់រថយន្តជាក់លាក់” នៅលើម៉ូដែលធំៗលើគម្រូភាសា ដែលដំណើរការដោយ ChatGPT។ កិច្ចខិតខំប្រឹងប្រែងនេះ គឺជាផ្នែកមួយនៃកិច្ចសហការយ៉ាងទូលំទូលាយរវាងក្រុមហ៊ុនផលិតរថយន្ត GM និងក្រុមហ៊ុន Microsoft។ កាលពីឆ្នាំ2019 ក្រុមហ៊ុនទាំងពីរសហការគ្នាលើការបង្កើតរថយន្តដែលបើកបរដោយស្វ័យប្រវត្តិ។

ក្រុមហ៊ុន Microsoft គឺជាអ្នកផ្តល់សេវាពពក (Cloud) តែមួយគត់របស់ OpenAI ដែលមានន័យថា ជំនួយការក្នុងរថយន្តរបស់ក្រុមហ៊ុន GM នឹងដំណើរការលើ Azure ទាំងស្រុង។ ក្រុមហ៊ុន GM មិនប្រាប់សារព័ត៌មាន Semafor អំពីកាលបរិច្ឆេទនៃការបញ្ចេញនូវកម្មវិធីថ្មីនេះ ក៏ដូចជាឈ្មោះរបស់វានៅឡើយទេ ដូចនេះយើងមានតែត្រូវរង់ចាំតាមដានបន្ត៕

ប្រភពព័ត៌មាន៖ Engadget ចុះផ្សាយថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here