រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងព្យាយាមបង្ខំឱ្យក្រុមហ៊ុន ByteDance លក់ភាគហ៊ុនកម្មវិធី TikTok

0

រដ្ឋបាលរបស់លោក Biden កំពុងបង្កើតនូវសម្ពាធយ៉ាងខ្លាំងលើក្រុមហ៊ុន ByteDance នៅរយៈពេលប៉ុន្មានថ្ងៃមុនពេលនាយកប្រតិបត្តិរបស់ក្រុមហ៊ុន TikTok ត្រូវកំណត់ឱ្យផ្តល់សក្ខីកម្មនៅមុខសភា។ ឥឡូវនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងទាមទារឱ្យក្រុមហ៊ុន ByteDance លក់កម្មវិធី TikTok នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន The Wall Street Journal។

ការទាមទារថ្មី ដែលក្រុមហ៊ុន TikTok បញ្ជាក់ព័ត៌មានទៅកាន់សារព័ត៌មាន Reuters គឺជាការប៉ះទង្គិចគ្នាដ៏ធំមួយដល់ក្រុមហ៊ុន ដែលចំណាយពេលច្រើនជាងពីរឆ្នាំក្នុងការចរចាជាមួយគណៈកម្មាធិការវិនិយោគបរទេសនៅសហរដ្ឋអាមេរិក ដែលហៅកាត់ CFIUS អំពីអនាគតរបស់កម្មវិធី TikTok នៅលើទឹកដីសហរដ្ឋអាមេរិក។ ការចរចាទាំងនោះនាំមកនូវភាពជាដៃគូដ៏ធំទូលំទូលាយជាមួយនឹងក្រុមហ៊ុន Oracle និងវិធានការផ្សេងទៀតដែលមានគោលបំណងធានាឱ្យនូវការការពារទិន្នន័យរបស់អ្នកប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក។

ឥឡូវនេះ គណៈកម្មការ CFIUS ឆ្លើយតបទៅក្រុមហ៊ុន TikTok វិញថា គណៈកម្មការចង់ឱ្យក្រុមហ៊ុនByteDance លក់ភាគហ៊ុនរបស់ខ្លួនទាំងអស់។ ប្រសិនបើមិនដូច្នេះទេ កម្មវិធី TikTok អាចនឹងប្រឈមមុខនឹងការហាមឃាត់នៅក្នុងសហរដ្ឋអាមេរិក។កាលពីពេលថ្មីៗនេះ សភា និងព្រឹទ្ធសភា ដាក់ចេញនូវលិខិតអនុញ្ញាតិដែលនឹងធ្វើឱ្យកាន់តែមានភាពងាយស្រួលសម្រាប់មន្ត្រីរដ្ឋាភិបាលក្នុងការហាមឃាត់កម្មវិធី TikTok និងសេវាកម្មផ្សេងៗទៀតដែលចាត់ទុកថាជាការគំរាមកំហែងដល់ផ្នែកសន្តិសុខជាតិ។

ក្រុមហ៊ុន TikTok មិនឆ្លើយតបភ្លាមៗចំពោះសំណើរសុំការអត្ថាធិប្បាយនោះទេ។  ក្រុមហ៊ុន TikTok ធ្លាប់ផ្តល់កិច្ចសម្ភាសន៍ពីមុនមកថា ការលក់របស់ក្រុមហ៊ុន ByteDance នឹងមិនអាចដោះស្រាយនូវកង្វល់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកអំពីផ្នែកសុវត្ថិភាពលើទិន្នន័យនោះទេ។ ទោះជាយ៉ាងណាក៏ដោយសារព័ត៌មាន ប្លូមបឺក រាយការណ៍នៅដើមសប្តាហ៍កន្លងទៅនេះថា នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ទិកតុក កំពុងពិភាក្សាអំពីលទ្ធភាពនៃការបំបែកក្រុមហ៊ុន បាយដេន បើសិនកិច្ចពិភាក្សាជាមួយគណៈកម្មការស៊ីអេហ្វអាយយូអេស មិនសម្រេច។

ជាការពិតណាស់ នេះមិនមែនជាលើកទីមួយទេដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកព្យាយាមដាក់សម្ពាធទៅលើក្រុមហ៊ុន ByteDance។ អតីតប្រធានាធិបតីនៃសហរដ្ឋអាមេរិក លោក Donald Trump ក៏ធ្លាប់មានបំណងឱ្យក្រុមហ៊ុន TikTok លក់ក្រុមហ៊ុនផ្តាច់ចេញពីក្រុមហ៊ុន ByteDance ផងដែរ ប៉ុន្តែមិនសម្រេច។ការគំរាមកំហែងចុងក្រោយបង្អស់ ដែលអាចឈានដល់ការហាមប្រាមទាំងស្រុងលើកម្មវិធី TikTok កំពុងបង្កើនសម្ពាធយ៉ាងខ្លាំងលើនាយកប្រតិបត្តិរបស់ក្រុមហ៊ុន TikTok លោក Shou Zi Chew ដែលគ្រោងនឹងបង្ហាញខ្លួនចំពោះមុខសភាជាលើកដំបូងរបស់លោកនៅសប្តាហ៍ក្រោយ៕

ប្រភពព័ត៌មាន៖ Engadget ចុះផ្សាយថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here