កាលពីខែធ្នូ ក្រុមហ៊ុន ByteDance បញ្ជាក់ថា ក្រុមហ៊ុនបណ្តេញបុគ្គលិក 04នាក់ ដែលប្រើប្រាស់កម្មវិធី TikTok ដើម្បីធ្វើចារកម្មទៅលើទីតាំងរបស់អ្នកកាសែតសញ្ជាតិអាមេរិកពីររូប។ ឥឡូវនេះទស្សនាវដ្ដី Forbes រាយការណ៍ថា ភ្នាក់ងារ FBI និងនាយកដ្ឋានយុត្តិធម៌របស់សហរដ្ឋអាមេរិកកំពុងធ្វើការស៊ើបអង្កេតឡើងវិញលើឧប្បត្តិហេតុនេះ។
ព័ត៌មាននៃការស៊ើបអង្កេតកើតឡើងនៅពេលដែលក្រុមហ៊ុន ByteDance កំពុងប្រឈមនឹងសម្ពាធដែលត្រូវបង្ខំឱ្យលក់ភាគហ៊ុនរបស់កម្មវិធី TikTok។ ក្រុមហ៊ុនបញ្ជាក់ថា មន្ត្រីរបស់សហរដ្ឋអាមេរិកធ្លាប់និយាយថា កម្មវិធី TikTok នឹងប្រឈមមុខនឹងការហាមឃាត់នៅក្នុងទឹកដីសហរដ្ឋអាមេរិក បើសិនជាក្រុមហ៊ុន ByteDance មិនបំបែកខ្លួនចេញពីកម្មវិធី TikTok។អ្នករិះគន់កម្មវិធី TikTok នៅក្នុងសភា ធ្លាប់លើកសំណួរពាក់ព័ន្ធទៅនឹងយុទ្ធសាស្ត្រឃ្លាំមើលរបស់កម្មវិធី ដែលជាពិសេសនៅពេលមានការទទួលស្គាល់របស់ក្រុមហ៊ុន ByteDance ដែលថា បុគ្គលិករបស់ខ្លួនចូលប្រើទិន្នន័យរបស់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកដោយមិនសមរម្យ។
ការស៊ើបអង្កេតពេញលេញរបស់មន្ត្រីមានសមត្ថកិច្ចទៅក្នុងករណីនេះនៅមិនទាន់ទទួលភាពច្បាស់លាស់នៅឡើយ ប៉ុន្តែបើយោងតាមប្រភពសារព័ត៌មាន Forbes ឱ្យដឹងថា ក្រុមហ៊ុន ByteDance ទទួលដីកាពីនាយកដ្ឋានយុត្តិធម៌ (DoJ)។ ភ្នាក់ងារ FBI ថែមទាំងសម្ភាសន៍ជាច្រើនដងពាក់ព័ន្ធទៅនឹងបញ្ហាមួយនេះផងដែរ ដោយពួកគេនៅតែមិនទាន់ច្បាស់ថា រឿងរ៉ាវទាំងពីរនេះស្ថិតនៅក្រោមការស៊ើបអង្កេតតែមួយ ឬយ៉ាងណា។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន ByteDance និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “យើងថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពរបស់បុគ្គលដែលមានជាប់ពាក់ព័ន្ធនឹងករណីចារកិច្ច ហើយពួកគេមិនមែនជាបុគ្គលិកនៅក្នុងក្រុមហ៊ុន ByteDance ទៀតទេ។ ការស៊ើបអង្កេតផ្ទៃក្នុងរបស់យើងគឺនៅតែបន្តដំណើរការ ហើយយើងនឹងសហការជាមួយនឹងការស៊ើបអង្កេតជាផ្លូវការទាំងអស់នៅពេលដែលមានការទាក់ទងមកកាន់ក្រុមហ៊ុន”៕
ប្រភពព័ត៌មាន៖ Engadget ចុះផ្សាយថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣