ការបោកប្រាស់ថ្មីជូនដំណឹងដល់អ្នកប្រើប្រាស់អំពីគោលការណ៍កែប្រែ YouTube

0

យុទ្ធនាការ​បន្លំ​ YouTube ថ្មី​មួយ​គឺកំពុងតែ​ធ្វើ​ឡើង​ជា​លក្ខណៈ​ទូទៅ​ដោយ​ជំរុញ​ឱ្យ​អ្នក​ប្រើប្រាស់​អាន​ និង​ទទួល​យក​អ្វី​ដែល​ហៅ​ថា​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ច្បាប់​ និង​គោលការណ៍​របស់YouTube។ អ្វី​ដែល​គួរ​ឱ្យ​ខ្លាច​នោះ​គឺ​ថា​វា​បំពាន​អាសយដ្ឋាន​អ៊ីមែល​ពិត​ប្រាកដ​របស់ YouTube ដើម្បី​ទាក់ទាញ​អ្នក​ប្រើ​ប្រាស់ឱ្យ​ផ្ដល់​ព័ត៌មាន​សម្ងាត់​របស់​ពួកគេ។

ក្រុមហ៊ុន YouTube ចេញផ្សាយការព្រមានដោយបញ្ជាក់ថា អ្នកប្រើប្រាស់ជាច្រើនលើកឡើងពីការត្អូញត្អែរអំពីយុទ្ធនាការបន្លំដែលកំពុងដំណើរការនេះ។ អ៊ីមែលជូនដំណឹងដល់អ្នកប្រើប្រាស់អំពីការអាប់ដេតមួយចំនួននៅក្នុងគោលការណ៍រកប្រាក់ថ្មីរបស់ YouTube និងច្បាប់ថ្មីមួយចំនួនដែលអ្នកប្រើប្រាស់គួរតែយល់ព្រមដើម្បីបន្តសេវាកម្មនេះ។

ដើម្បីជំរុញអារម្មណ៍នៃភាពបន្ទាន់ ពួកគេត្រូវស្នើឱ្យពិនិត្យឡើងវិញ និងទទួលយកច្បាប់ថ្មីក្នុងរយៈពេលប្រាំពីរថ្ងៃ។ អ៊ីមែលទាំងនោះ មានភ្ជាប់ជាមួយសារ និងមានវីដេអូ YouTube និងតំណភ្ជាប់ទៅកាន់ Google Drive ដែលនៅពេលអ្នកប្រើប្រាស់ចុចរួច វាស្នើឱ្យអ្នកប្រើប្រាស់គោលដៅផ្តល់ព័ត៌មានសម្ងាត់ YouTube របស់ពួកគេ។ អ៊ីមែលបន្លំហាក់ដូចជាត្រូវផ្ញើដោយប្រើ no-reply@youtube[.]com ដែលជាគណនី YouTube ពិតប្រាកដ ដូច្នេះហើយវាកាន់តែជួយបន្ថែមភាពស្របច្បាប់ដល់ការបោកប្រាស់នោះ។

អ្នកស្រាវជ្រាវបច្ចេកវិទ្យាម្នាក់ជូនដំណឹងដល់ YouTube អំពីការបោកប្រាស់នេះតាមរយៈ សារធ្វីត (tweet) ដោយចែករំលែកព័ត៌មានលម្អិតនៃអ៊ីមែលដែលគាត់ទទួល។ គាត់​​បញ្ជាក់​ថា ​អ៊ីមែល​ទាំង​នោះ​មិន​ត្រូវ​​ក្លែង​បន្លំ​ទេ ហើយ​ត្រូវ​​ផ្ញើ​តាម​រយៈ​លេខ​សម្គាល់​អ៊ីមែល​ពិត​ប្រាកដ​របស់ YouTube។ ជាក់ស្តែង អ្នកបោកប្រាស់កំពុងបំពានមុខងារចែករំលែករបស់វីដេអូតាមអ៊ីមែលរបស់ YouTube ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចែករំលែកវីដេអូឯកជនរបស់ពួកគេតាមរយៈបណ្តាញជូនដំណឹងតាមសារអ៊ីមែលផ្លូវការរបស់ YouTube។

ការបោកប្រាស់នោះប្រើអាសយដ្ឋានអ៊ីមែលផ្លូវការដើម្បីទាក់ទាញជនរងគ្រោះ ទោះបីជាយ៉ាងណាក៏ដោយ វាក៏មានសញ្ញាជាច្រើនដែលអាចបង្ហាញពីការបោកប្រាស់។ ភាសាដែលប្រើក្នុងអ៊ីមែលគឺពិតជាមិនល្អឥតខ្ចោះ ដោយមានពាក្យចៃដន្យជាច្រើនដូចជា Getting Monetization money earned។ អ៊ីមែលមិមានទ្រង់ទ្រាយត្រឹមត្រូវ ដោយមិនមានចំណុចសញ្ញាសម្គាល់ចំណុចត្រឹមត្រូវ និងមិនមានគម្លាតរវាងកថាខណ្ឌ និងផ្នែកផ្សេងៗ។ ជាងនេះទៅទៀត រយៈពេលផុតកំណត់រយៈពេលប្រាំពីរថ្ងៃគឺជាយុទ្ធសាស្ត្រធម្មតាដែលប្រើដោយអ្នកបោកប្រាស់ជាច្រើននាក់ដើម្បីបង្កើតអារម្មណ៍បន្ទាន់។

ការបំពានលើវេទិកា និងសេវាកម្មពេញនិយមមិនមែនជារឿងថ្មីទេ ហើយការបោកប្រាស់នេះដំណាងឱ្យការរំលឹកមួយផ្សេងទៀតថា វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលគួរឱ្យទុកចិត្តគឺជាកន្លែងលេងដ៏ពេញនិយមសម្រាប់អ្នកបោកប្រាស់។ ដើម្បីរក្សការពារខ្លួន អ្នកជំនាញណែនាំឱ្យអ្នកប្រើប្រាស់ប្រុងប្រយ័ត្ននៅពេលផ្តល់ព័ត៌មានសំខាន់ណាមួយ ជាពិសេសព័ត៌មានសម្ងាត់។ សូមពិនិត្យមើលឡើងវិញនូវភាពត្រឹមត្រូវនៃអ៊ីមែល ឬតំណណាមួយ ដោយស្កែនពួកវាជាមួយកម្មវិធីសុវត្ថិភាពពិតប្រាកដ ហើយចៀសវាងពាក់ព័ន្ធជាមួយការជូនដំណឹង ការអះអាងនិងការផ្តល់ជូនដែលគួរឱ្យសង្ស័យដែលមើលទៅហាក់ដូចជាមានភាពបន្ទាន់៕

ប្រភពព័ត៌មាន cyware ចុះផ្សាយថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here