រដ្ឋម៉ុនថាណា នឹងក្លាយជារដ្ឋដំបូងដែលហាមឃាត់មិនឱ្យប្រើកម្មវិធី​ TikTok

0

សហរដ្ឋអាមេរិក៖ រដ្ឋម៉ុនថាណា (Montana) ត្រៀមខ្លួនធ្វើជារដ្ឋដំបូងគេបង្អស់ដែលហាមឃាត់កម្មវិធីTikTok។ ស្ថាប័ននីតិប្បញ្ញត្តិរបស់រដ្ឋអនុម័តលិខិតដែលតម្រូវឱ្យហាងកម្មវិធី app stores បិទកម្មវិធី TikTok នៅក្នុងរដ្ឋមួយនេះ។លិខិតដែលអនុម័តពីរដ្ឋ ឥឡូវនេះនឹងឆ្ពោះទៅកាន់អភិបាលសាធារណរដ្ឋ Greg Gianforte ដែលពីមុនធ្លាប់ហាមឃាត់កម្មវិធី TikTok មិនឱ្យប្រើប្រាស់នៅលើឧបករណ៍របស់រដ្ឋ។ ការហាមឃាត់នេះនឹងចូលជាធរមាននៅឆ្នាំ២០២៤ បើទោះបីជាវាទំនងជានឹងអាចប្រឈមមុខជាមួយបញ្ហាផ្លូវច្បាប់នៅមុនពេលនោះក៏ដោយ។

ទោះយ៉ាងណាក៏ដោយ លិខិតនេះត្រូវឃ្លាំមើលយ៉ាងដិតដល់នៅពេលដែលមានសម្ពាធកើនឡើងទៅលើក្រុមហ៊ុន TikTok។ លោក Shou Chew នាយកប្រតិបត្តិក្រុមហ៊ុនTikTok ចូលខ្លួនផ្តល់សក្ខីកម្មនៅក្នុងសវនាការសភាកាលពីខែមុន ដែលភាគច្រើនគាត់ព្យាយាម បន្ថយទំនាក់ទំនងរបស់ក្រុមហ៊ុនTikTok ជាមួយក្រុមហ៊ុន ByteDance និងប្រទេសចិន។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងព្យាយាមបង្ខំក្រុមហ៊ុន ByteDance ឱ្យផ្តាច់ខ្លួនចេញពីក្រុមហ៊ុន TikTok ទាំងស្រុង។ កាសែត The New York Times បញ្ជាក់ឱ្យដឹងថា ការហាមប្រាមរបស់រដ្ឋម៉ុនថាណា អាចត្រូវប្រើប្រាស់ជាទម្រង់គម្រូហាមប្រាមមួយសម្រាប់អនុវត្តនៅទូទាំងប្រទេស  ទោះបីជាមិនច្បាស់ថាតើការហាមឃាត់បែបនេះនឹងអាចប្រឈមមុខជាមួយផ្លូវច្បាប់ឬយ៉ាងណា។

ខណៈខ្លឹមសារលិខិតមានលើកឡើងដូចសមាជិកសភាសហព័ន្ធ លិខិតរបស់រដ្ឋម៉ុនថាណាចង្អុលបង្ហាញថា ទំនាក់ទំនងរបស់ក្រុមហ៊ុន TikTok ជាមួយក្រុមហ៊ុន ByteDance ធ្វើឱ្យទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់អាមេរិកប្រឈមនឹងហានិភ័យ ដោយសារក្រុមហ៊ុនអាចត្រូវបង្ខំឱ្យបង្វែរព័ត៌មានទៅកាន់រដ្ឋាភិបាលចិន។ ក្រុមហ៊ុន TikTok បដិសេធចំពោះការអះអាងទាំងនេះអស់រយៈពេលជាយូរមកហើយ និងវិនិយោគទឹកប្រាក់មិនតិចជាងមួយពាន់លានដុល្លារទៅដល់គម្រោង Project Texas ដែលជាគម្រោងមួយសំដៅទៅដល់ការដោះស្រាយបញ្ហាសន្តិសុខជាតិ។

ក្រុមហ៊ុន TikTok ធ្លាប់និយាយពីមុនមកថា ការហាមឃាត់ដែលស្នើឡើងនៅក្នុងរដ្ឋម៉ុនថាណានឹងបង្កផលប៉ះពាល់ដល់អាជីវកម្មខ្នាតតូចជាច្រើនដែលពឹងផ្អែកលើកម្មវិធី TikTok។ នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីការអនុម័តលិខិតនេះ អ្នកនាំពាក្យក្រុមហ៊ុន TikTok ហៅការហាមឃាត់នេះថា ជាការប្រឹងហួសដែនកំណត់ដ៏ធ្ងន់ធ្ងររបស់រដ្ឋាភិបាល ហើយក្រុមហ៊ុនថែមទាំងមានគម្រោងប្រយុទ្ធតតាំងនឹងវិធានការនោះទៀតផង។

យុទ្ធនាការនៃលិខិតនេះសារភាពថា ពួកគេមិនមានផែនការដែលអាចសម្រេចទៅ សម្រាប់ប្រតិបត្តិការប៉ុនប៉ងបិទកម្មវិធីនេះដើម្បីត្រួតពិនិត្យសំឡេងរបស់ប្រជាជនអាមេរិកនោះទេ ហើយភាពត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញនៃលិខិតនេះនឹងត្រូវសម្រេចដោយតុលាការ។ យើងនឹងបន្តប្រយុទ្ធដើម្បីអ្នកប្រើប្រាស់កម្មវិធី TikTok និងអ្នកបង្កើតមាតិកានៅរដ្ឋម៉ុនថាណា ដែលរបៀបរបបរស់នៅ និងសិទ្ធិកែប្រែលើកទីមួយត្រូវគំរាមកំហែងដោយការប្រឹងហួសដែនកំណត់ដ៏ធ្ងន់ធ្ងររបស់រដ្ឋាភិបាល៕

ប្រភពព័ត៌មាន engadget ចុះផ្សាយថ្ងៃទី១៤​ ខែមេសា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here