ចាប់តាំងពីក្រុមហ៊ុន Google ទិញ Android 2005 ទំនួលខុសត្រូវតែមួយគត់របស់ក្រុមហ៊ុនគឺដើម្បីផ្តល់នូវបទពិសោធន៍ល្អបំផុតដល់អ្នកប្រើប្រាស់ និងធានាសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់របស់ក្រុមហ៊ុនទាំងអស់។ មុខងារការពារ Google Play Protect ត្រូវដំឡើងនៅលើគ្រប់ឧបករណ៍ Android ដើម្បីធានាថារាល់កម្មវិធីទាំងអស់មានសុវត្ថិភាព។
ក្រុមហ៊ុន Google និយាយថា ក្រុមហ៊ុនបិទកម្មវិធីដែលបំពានគោលការណ៍ប្រមាណជា 1.43លានកម្មវិធីពីការបោះពុម្ពនៅលើ Google Play Store ខណៈដែលក្រុមហ៊ុនអភិវឌ្ឍន៍នូវមុខងារ និងគោលការណ៍សុវត្ថិភាពរបស់ពួកគេល្អប្រសើរជាងមុន។ ក្រុមហ៊ុន Google ថែមទាំងបញ្ឈប់អ្នកបង្កើតកម្មវិធីព្យាបាទមួយចំនួនផងដែរ និងហាមប្រាមគណនីមិនតិចជាង 173ពាន់គណនី ដោយការពារប្រតិបត្តិការក្លែងបន្លំ ឬបំពានដែលមានតម្លៃ ២ពាន់លានដុល្លារ។
ដើម្បីបង្កើនកិច្ចការពារដល់អ្នកប្រើប្រាស់ ក្រុមហ៊ុន Google ចាប់ដៃគូជាមួយអ្នកផ្តល់សេវា SDK ដើម្បីកំណត់ការចូលប្រើប្រាស់ និងការចែករំលែកទិន្នន័យសំខាន់ៗ ដែលអាចបង្កើនសុវត្ថិភាពសម្រាប់កម្មវិធីចំនួនរាប់លាននៅក្នុង Google Play។ លើសពីនេះ ក្រុមហ៊ុនGoogle នាំមកនូវវិធីសាស្រ្តផ្ទៀងផ្ទាត់ជាច្រើនសម្រាប់អ្នកអភិវឌ្ឍន៍កម្មវិធី Android ក្នុងនោះមានដូចជានៅលើទូរស័ព្ទ អ៊ីមែល និងវិធីសាស្ត្រផ្ទៀងផ្ទាត់ផ្សេងទៀត ដែលនឹងការពារអ្នកអភិវឌ្ឍន៍ដែលមានគំនិតអាក្រក់មិនឱ្យដាក់កម្មវិធីរបស់ពួកគេនៅក្នុង Google Play Store៕
ប្រភព gbhackers ចុះផ្សាយឡើងវិញថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣