វេបសាយរដ្ឋាភិបាលប្រទេសស្វីសរងការវាយប្រហារតាមអ៊ិនធឺរណិត

0

ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសស្វីសបញ្ជាក់ថា គេហទំព័ររបស់ភ្នាក់ងារសហព័ន្ធស្វីសជាច្រើន និងក្រុមហ៊ុនដែលពាក់ព័ន្ធជាមួយរដ្ឋមិនអាចចូលដំណើរការវេបសាយនោះទេកាលពីថ្ងៃចន្ទ ទី12 ខែមិថុនា ឆ្នាំ 2023 ដោយសារមានការវាយប្រហារតាមអ៊ីនធឺរណិត។

អាជ្ញាធរស្វីសបន្ថែមថា “អ្នកឯកទេសក្នុងរដ្ឋបាលសហព័ន្ធកត់សម្គាល់ការវាយប្រហារយ៉ាងឆាប់រហ័ស និងកំពុងចាត់វិធានការដើម្បីស្តារលទ្ធភាពប្រើប្រាស់វេបសាយ និងកម្មវិធីឱ្យលឿនតាមដែលអាចធ្វើទៅ” ។ការវាយប្រហារ DDoS (Distributed Denial of Service) ត្រូវអះអាងដោយក្រុមហេគឃ័រ NoName។ ក្រុមហេគឃ័រ NoName គឺជាក្រុមគំរាមកំហែងគាំទ្រប្រទេសរុស្ស៊ីដែលមានឯកទេសក្នុងការវាយប្រហារបែបនេះប្រឆាំងនឹងស្ថាប័នអ៊ុយក្រែន និងអឺរ៉ុប។ ក្រុម​នេះ​ក៏ធ្លាប់​​អះអាង​ពី​ការ​វាយ​ប្រហារ​ស្រដៀង​គ្នា​នេះ​ប្រឆាំង​នឹងវេបសាយ​សភា​ស្វីស​នៅចន្លោះ​ថ្ងៃ​ទី ៧-៨ ខែ​មិថុនា កាលពីពេលថ្មីៗនេះផងដែរ។

រដ្ឋាភិបាលសហព័ន្ធរបស់ប្រទេសស្វីសក៏និយាយនៅថ្ងៃទី8 ខែមិថុនាថា រដ្ឋាភិបាលសហព័ន្ធកំពុងស៊ើបអង្កេតពីការវាយប្រហារ ransomware ទៅលើក្រុមហ៊ុនលក់កម្មវិធី Xplain ។ Xplain គឺជាក្រុមហ៊ុនលក់កម្មវិធីស្វ៊ីសដែលមានទំនាក់ទំនងជាមួយភ្នាក់ងាររដ្ឋាភិបាលជាច្រើន ក្នុងនោះមានទាំងកងទ័ពស្វីស ការិយាល័យប៉ូលិសសហព័ន្ធ (Fedpol) និងក្រុមហ៊ុនផ្លូវដែកជាតិ (FSS)។ក្រុមហ៊ុន Xplain ធ្លាប់បញ្ជាក់ពីការវាយប្រហារនេះ និងនិយាយថា ក្រុមហ៊ុនជឿថាការវាយប្រហារដំបូងកើតឡើងនៅថ្ងៃទី3 ខែមិថុនា និងជាការវាយប្រហារដែលធ្វើឡើងដោយក្រុមហេគឃ័រ Play ransomware ដែលគេជឿថាមានមូលដ្ឋាននៅក្នុងប្រទេសរុស្ស៊ី៕

ប្រភព infosecurity ចុះផ្សាយថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here