ក្រុមចែកចាយមេរោគ Ragnar Locker អះអាងថាវាយប្រហារទៅលើមន្ទីរពេទ្យ Mayanei Hayeshua របស់ប្រទេសអ៊ីស្រាអែល

0

ក្រុមចែកចាយមេរោគចាប់ជំរិត Ragnar Locker ransomware បានអះអាងទទួលខុសត្រូវទៅលើការវាយប្រហារទៅលើមន្ទីរពេទ្យ Mayanei Hayeshua របស់ប្រទេសអ៊ីស្រាអែល និងលួចយកនូវទិន្នន័យចំនួន 1TB នៅក្នុងការវាយប្រហារសាយប័រនេះ។ ឧក្រិដ្ឋកម្មសាយប័រទៅលើមន្ទីរពេទ្យ Mayanei Hayeshua នេះបានកើតឡើងនៅដើមខែសីហាដែលមានការរំខានទៅលើប្រព័ន្ធទុកទិន្នន័យរបស់មន្ទីរពេទ្យ និងរារាំងក្នុងការរក្សាទុកនូវទិន្នន័យរបស់អ្នកជម្ងឺថ្មីថែមទៀត។

ថ្មីៗនេះ អ្នកស្រាវជ្រាវសុវត្ថិភាព MalwareHunterTeam បញ្ជាក់ថា ក្រុមចែកចាយមេរោគ Ragnar Locker ransomware អះអាងទទួលខុសត្រូវទៅលើការវាយប្រហារនេះ ហើយវាក៏បង្កើតនូវទំព័រថ្មីមួយសម្រាប់មន្ទីរពេទ្យនេះនៅលើគេហទំព័រសម្រាប់ទម្លាយទិន្នន័យរបស់ពួកគេថែមទៀត។ នៅលើគេហទំព័រដែលទម្លាយទិន្នន័យដែលបែកធ្លាយនេះគឺមានសារមួយចេញពីក្រុមហេគឃ័រនេះអះអាងថា​ពួកគេមិនធ្វើការអ៊ីនគ្រីបទៅលើឧបករណ៍នេះទេដោយសារតែជនរងគ្រោះជាប្រភេទមន្ទីរពេទ្យ ប៉ុន្តែពួកគេបានលួចយកនូវទិន្នន័យចេញពីមន្ទីរពេទ្យនេះ។

គេហទំព័រទម្លាយទិន្នន័យ Ragnar Locker នេះបញ្ជាក់ថា “យើងចង់បញ្ជាក់ថា នេះគឺជាស្ថាប័នសុខាភិបាល យើងមិនចង់ធ្វើការអ៊ីនគ្រីបនោះទេដើម្បីកុំអោយមានបញ្ហាប៉ះពាល់ទៅលើឧបករណ៍ជាច្រើន ឬឧបករណ៍ដែលចាំបាច់ប្រើប្រាស់នៅក្នុងទីនេះ! យ៉ាងណាមិញ ចន្លោះប្រហោងជាច្រើននៃប្រព័ន្ធនេះអនុញ្ញាតអោយយើងដោនឡូតនូវទិន្នន័យជាច្រើនបាន។”

Mayanei Hayeshua data leak page

ពេលនេះ ក្រុមហេគឃ័របានទម្លាយនូវទិន្នន័យចំនួន 420GB ដែលលួចបាន ហើយពួកគេព្រមានថា ទិន្នន័យជាច្រើនទៀតអាចនឹងទម្លាយនៅសប្តាហ៍ក្រោយនេះ។ ក្រុមចែកចាយមេរោគ Ragnar Locker អះអាងថាបានលួចទៅលើទិន្នន័យសំខាន់ៗជាច្រើននៅក្នុងការវាយប្រហារនេះដែលមានដូចជាកំណត់ត្រាវេជ្ជសាស្រ្ត ព័ត៌មាននៃនិតិវិធីនិងវេជ្ជបញ្ជាថ្នាំពេទ្យថែមទៀត។ ក្រុមហេគឃ័រនេះអះអាងថា ទិន្នន័យដែលពួកគេលួចបានចេញពីមន្ទីរពេទ្យ Mayanei Hayeshua នេះគឺមានចំនួន 1TB ដែលរួមបញ្ជូលទាំង SQL database និងអ៊ីម៉ែលថែមទៀត។ គួរបញ្ជាក់ផងដែរថា នៅក្នុងរយៈពេល 2 ខែចុងក្រោយនេះ យើងបានឃើញនូវការកើនឡើងទៅលើការចែកចាយមេរោគ ransomware ដែលមានគោលដៅវាយប្រហារទៅលើមន្ទីរពេទ្យជាច្រើនដូចជា Prospect Medical Holdings នៅក្នុងសហរដ្ឋអាមេរិក និង Madeira Health Service (Sesaram) ដែលជាគោលដៅរបស់ក្រុម Rhysida ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here