អតីតបុគ្គលិក NSA សារភាពកំហុសចំពោះការលេចធ្លាយទិន្នន័យ ទៅប្រទេសរុស្ស៊ី

0

អតីតបុគ្គលិករបស់ភ្នាក់ងារសន្តិសុខជាតិអាមេរិក (NSA) បានសារភាពពីបទបញ្ជូនព័ត៌មានការពារជាតិ ទៅឱ្យប្រទេសរុស្ស៊ី។លោក Jareh Sebastian Dalke អាយុ ៣១ឆ្នាំ បម្រើការជាអ្នកឌីស្សាញផ្នែកសុវត្ថិភាពប្រព័ន្ធព័ត៌មានវិទ្យានៅ NSA កាលពីដើមខែមិថុនា ឆ្នាំ២០២២ ដល់ដើមខែកក្កដា ឆ្នាំ២០២២ បានចូលប្រើប្រាស់ឯកសារសម្ងាត់។ ព័ត៌មានចុងក្រោយនេះ ត្រូវបានរកឃើញបន្ទាប់ពីជនល្មើសត្រូវបានចាប់ខ្លួនជាង ១ឆ្នាំមក។

ក្រសួងយុត្តិធម៌អាមេរិក (DoJ) បានថ្លែងកាលពីថ្ងៃចន្ទ នៅឯសន្និសីទថា ជនល្មើស Dalke បានសារភាពថា នៅចន្លោះខែសីហា និងខែកញ្ញា ឆ្នាំ២០២២ ដើម្បីបង្ហាញពីការចូលប្រើប្រាស់ព័ត៌មានស្របច្បាប់ និងលួចផ្តល់ព័ត៌មានសម្ងាត់ចេញ ជនល្មើសបានប្រើគណនីអ៊ីម៉ែលអ៊ីនគ្រីប (Encrypted Email Account) ដើម្បីបញ្ជូនឯកសារចំនួន ៣ (Classified Documents) ទៅកាន់បុគ្គលម្នាក់ដែលជនល្មើសជឿជាក់ថាជាភ្នាក់ងាររបស់ប្រទេសរុស្ស៊ី។

តាមពិតទៅ ជនល្មើសបានអះអាងថា ខ្លួនជាបុគ្គលសម្ងាត់តាមអ៊ីនធឺណិត ដែលធ្វើការឱ្យការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI)។ ជនល្មើស Dalke ជាអតីតទាហានអាមេរិករូបនេះ ក៏ត្រូវបានចោទប្រកាន់ថាបានទាមទារទឹកប្រាក់ចំនួន 85,000 ដុល្លារ ជាថ្នូរនឹងព័ត៌មាននៅក្នុងដៃជនល្មើស ដែលជនល្មើសបានលើកឡើងថា វាមានតម្លៃសម្រាប់ប្រទេសរុស្ស៊ី ដោយបានសន្យាថានឹងចែករំលែកឯកសារនៅពេលក្រោយ។ ការបញ្ជូនឯកសារត្រូវបានធ្វើឡើងនៅស្ថានីយ៍ Union Station នៃទីក្រុង Denver រដ្ឋ Colorado តាមរយៈ Laptop ដែលមានផ្ទុកឯកសារចំនួន៥ នៅក្នុងនោះមានឯកសារចំនួន៤ ទាក់ទងនឹងព័ត៌មានការពារជាតិសម្ងាត់កំពូល (Top Secret National Defense Information (NDI))។ ឯកសារសម្ងាត់ពាក់ព័ន្ធនឹងផែនការ Update កម្មវិធី Cryptographic របស់ NSA ក៏ដូចជាការវាយតម្លៃនៃការគំរាមកំហែងទាក់ទងនឹងសមត្ថភាពការពារជាតិរបស់អាមេរិក និងសមត្ថភាពវាយប្រហាររបស់រុស្ស៊ី។ រីឯ ឯកសារទី៥ ជនល្មើសបានសរសេររៀបរាប់ថា “សម្លាញ់! ខ្ញុំរីករាយនឹងផ្តល់ព័ត៌មាននេះទៅឱ្យអ្នកនៅទីបញ្ចប់។ ខ្ញុំរង់ចាំទំនាក់ទនងរបស់យើង និងចែករំលែកផលប្រយោជន៍គ្នា។ សូមប្រាប់ខ្ញុំ ប្រសិនបើសម្លាញ់ត្រូវការឯកសារអ្វីបន្ថែមទៀត ខ្ញុំនឹងព្យាយាមស្វែងរកឱ្យ នៅពេលខ្ញុំត្រលប់ទៅការិយាល័យរបស់ខ្ញុំវិញ។”

ជនល្មើស Dalke ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ភ្លាមៗបន្ទាប់ពី បញ្ជូនឯកសារចេញ។ បច្ចុប្បន្ន ជនល្មើសរង់ចាំការកាត់ទោស ដែលនឹងធ្វើឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ និងអាចប្រឈមនឹងការពិន័យធ្ងន់ធ្ងររហូតដល់ជាប់គុកអស់មួយជីវិត៕

ប្រភពព័ត៌មាន៖ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣

ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here