ប្រទេសហ្វីលីពីន បានក្លាយជាគោលដៅនៃការវាយប្រហារសាយប័រពីហេគឃ័រ នៅប្រទេសចិន

0

ទីក្រុងម៉ានីល ថ្ងៃទី០៥ ខែកុម្ភៈ (សារព័ត៌មាន Reuters)៖ ប្រតិបត្តិការរបស់ហេគឃ័រនៅប្រទេសចិនមានបំណងលួចចូលទៅក្នុងគេហទំព័រ និងប្រព័ន្ធអ៊ីម៉ែលរបស់ថ្នាក់ដឹកនាំ និងភ្នាក់ងាររដ្ឋាភិបាលប្រទេសហ្វីលីពីន ដែលពាក់ព័ន្ធនឹងការលើកកម្ពស់ផ្នែកសន្តិសុខដែនសមុទ្រ ប៉ុន្តែត្រូវបរាជ័យ បើយោងតាមមន្រ្តីក្រសួងព័ត៌មាន និងទំនាក់ទំនង បានថ្លែងកាលពីថ្ងៃចន្ទនេះ។

ប្រអប់សាររបស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (DICT) គេហទំព័ររបស់នាយកដ្ឋានឃ្លាំមើលឆ្នេរសមុទ្រជាតិ និងគេហទំព័រផ្ទាល់ខ្លួនរបស់នាយករដ្ឋមន្រ្តីហ្វីលីពីនលោក Ferdinand Marcos Jr បានក្លាយជាគោលដៅមួយនៅក្នុងចំណោមនោះ ប៉ុន្តែប្រតិបត្តិការនៃការហេគមិនទទួលបានជោគជ័យទេកាលពីខែមករា កន្លងទៅនេះ បើយោងតាមអ្នកនាំពាក្យ DICT លោក Renato Paraiso បានប្រាប់វិទ្យុ DWPM។ លោក Paraiso បានថ្លែងថា យើងមិនអាចបញ្ជាក់ថា ជាស្នាដៃរបស់រដ្ឋណាមួយនោះទេ។ ប៉ុន្តែ បើយោងលើអាសយដ្ឋាន Internet Protocol យើងអាចកំណត់ថា វាជារបស់ប្រទេសចិន។ ជាងនេះ ពួកហេគឃ័រត្រូវបានមើលឃើញថា បានប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនចិន Unicom។ យើងកំពុងតែប្តឹងទៅកាន់រដ្ឋាភិបាលចិនឱ្យជួយយើងទប់ស្កាត់ការវាយប្រហារបន្ថែមទៀត។ ស្ថានីយ Unicom និងស្ថានទូតរបស់ចិន នៅទីក្រុងម៉ានីល មិនបានឆ្លើយតបចំពោះការស្នើសុំយោបល់ភ្លាមៗនោះទេ។ ការវាយប្រហារសាយប័របានកើតឡើងនៅពេលមានភាពតានតឹងកាន់តែខ្លាំងជាមួយប្រទេសចិនទាក់ទងនឹងជម្លោះ សមុទ្រចិនខាងត្បូង។

បច្ចុប្បន្ន ប្រទេសហ្វីលីពីនកំពុងតែធ្វើការលើយុទ្ធសាស្រ្តសន្តិសុខសាយប័ររយៈពេល៥ឆ្នាំ ដើម្បីពង្រឹងផ្នែកសាយប័រ ទប់ស្កាត់ការវាយប្រហារ និងឧក្រឹដ្ឋកម្មឌីជីថល។ យោធារបស់ប្រទេសហ្វីលីពីនបានប្រកាសកាលពីឆ្នាំមុនថា នឹងបង្កើតបញ្ជាការសាយប័រ (Cyber Command) ដើម្បីទប់ស្កាត់៕

https://www.reuters.com/world/asia-pacific/philippines-wards-off-cyber-attacks-china-based-hackers-2024-02-05/

ប្រភពព័ត៌មាន៖ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here