ក្រុមមេរោគចាប់ជម្រិត ជម្រិតទារប្រាក់៣,៤លានដុល្លារពីមន្ទីរពេទ្យកុមារ

0

ក្រុមមេរោគចាប់ជម្រិតកំពុងតែជម្រិតទារប្រាក់ ៣,៤លានដុល្លារ បន្ទាប់ពីវាយប្រហារលើមន្ទីរពេទ្យនៅ Chicago ដែលបណ្តាលឱ្យបុគ្គលិកមន្ទីរពេទ្យត្រូវកត់ត្រាដោយដៃជំនួសវិញ។ការវាយប្រហារលើមន្ទីរពេទ្យកុមារ Lurie ត្រូវបានប្រកាសកាលពីដើមខែនេះ នៅពេលដែលបុគ្គលិកមន្ទីរពេទ្យបានថ្លែងថា បណ្តាញណេតវើកនៅក្នុងមន្ទីរពេទ្យត្រូវបានកាត់ផ្តាច់ទាំងស្រុង (Offline) ដោយសារតែបញ្ហាសន្តិសុខសាយប័រ។ ក្រុមមេរោគចាប់ជម្រិត (Ransomware-as-a-Service) Rhysida ត្រូវបានបង្កើតឡើងកាលពីខែឧសភា ឆ្នាំមុន និងបានរំខានដល់មន្ទីរពេទ្យចំនួន ១៦ នៅទូទាំងសហរដ្ឋអាមេរិក បច្ចុប្បន្ននេះមន្ទីរពេទ្យ Lurie ក៏ត្រូវបានបញ្ចូលទៅក្នុងបញ្ជីនៅក្នុងគេហទំព័រជម្រិតទារប្រាក់ក្នុងទីផ្សារងងឹតផងដែរ។

មន្ទីរពេទ្យកុមារ Lurie គឺជាមន្ទីរពេទ្យកុមារមួយ ធំបំផុតនៅភាគខាងលិច (Midwest) អាចផ្តល់សេវាជូនកុមាររហូតដល់ទៅ 239,000នាក់ក្នុងមួយឆ្នាំ និងព្យាបាលកុមារដែលកើតជម្ងឺមហារីក និងគ្រាប់ឈាម (Blood Disorders) ច្រើនជាងមន្ទីរពេទ្យឯទៀតនៅក្នុងរដ្ឋ Illinois។

ទោះបីជាមានឧប្បត្តិហេតុសាយប័រកើតឡើងក្តី ក៏មន្ទីពេទ្យនៅតែបើកដំណើរការ និងផ្តល់សេវាថែទាំអ្នកជម្ងឺ។ ប៉ុន្តែមានការណាត់ជួប និងការវះកាត់មួយចំនួនក៏ត្រូវបានលុបចោលដោយសារឧប្បត្តិហេតុនេះផងដែរ។ យោងតាមសារនៅលើគេហទំព័រមន្ទីរពេទ្យ Lurie កាលពីថ្ងៃទី២២ ខែកុម្ភៈ បានឱ្យដឹងថា បញ្ហាប្រព័ន្ធ (Systems) របស់មន្ទីរពេទ្យ និងប្រព័ន្ធកត់ត្រាអេឡិចត្រូនិក MyChart កំពុងតែត្រូវបានស្តារឡើងវិញ បើទោះបីជាវានៅមិនទាន់ដំណើរការក្តី។ អ្នកជម្ងឺ និងអាណាព្យាបាលត្រូវបានផ្តល់ព័ត៌មានជូនអំពីបញ្ហាសាយប័រនៅមន្ទីរពេទ្យ និងប្តូរទៅកត់ត្រាឯកសារដោយដៃផ្ទាល់ជំនួសវិញ ដែលជាហេតុនាំឱ្យមានការរង់ចាំយូរនៅចន្លោះនៃការស្នើសុំ និងការបំពេញឯកសារវេជ្ជបញ្ជា។

គេហទំព័ររបស់មន្ទីរពេទ្យ Lurie បានផ្តល់ជាការដាស់តឿនថា សូមឱ្យអ្នកជម្ងឺ ភ្ជាប់ឯកសារថតចម្លង​បណ្ណធានារ៉ាប់រ៉ងរាល់ការណាត់ជួប និងភ្ជាប់ដបថ្នាំ ឬឯកសារវេជ្ជបញ្ជាចុងក្រោយរបស់ពួកគេមកជាមួយផងដែរ។ ក្រុមមេរោគចាប់ជម្រិតនៅពីក្រោយការវាយប្រហារមានបំណងលក់ទិន្នន័យដែលបានលួចពីមន្ទីរពេទ្យក្នុងតម្លៃ 60 Bitcoins ប្រមាណជាជាង ៣,៤លានដុល្លារ។ កាលពីខែសីហា ក្រសួងសុខាភិបាលអាមេរិកបានដាក់ចេញនូវការព្រមានចំពោះក្រុមចាប់ជម្រិត Rhysida ហើយបានបញ្ជាក់ថា ក្រុមនេះទំនងជាកំពុងតែពង្រីកការវាយប្រហាររបស់ខ្លួនទៅលើវិស័យសុខាភិបាល៕

https://therecord.media/lurie-childrens-hospital-chicago-ransomware-rhysida

ប្រភពព័ត៌មាន៖ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here