មានរដ្ឋជាច្រើននៅអាមេរិកបានប្តឹងកម្មវិធីតិកតុក ដោយចោទប្រកាន់ថាផ្លេតហ្វមបណ្តាញសង្គមនេះបានបង្កឱ្យមានផលប៉ះពាល់ដល់សុខភាពខួរក្បាលយុវជន។អគ្គមេធាវីចំនួន ១៤រូបមកពីទូទាំងប្រទេសបានចោទថា ក្រុមហ៊ុនប្រើមុខងារញៀនដើម្បីទាក់ទាញក្មេងៗឱ្យប្រើកម្មវិធីនេះ និងថាវាមានចេតនាបំភាន់សាធារណជនអំពីសុវត្ថិភាពនៃការប្រើប្រាស់។ ក្រុមហ៊ុនតិកតុកបានរៀបរាប់ថា បណ្តឹងនេះជាទង្វើដែលធ្វើឱ្យក្រុមហ៊ុនខកចិត្ត ហើយបានបន្តថា មានការអះអាងជាច្រើនដែលមិនត្រឹមត្រូវ និងជាការបំភាន់។ ផ្លេតហ្វមនេះកំពុងតែប្រឆាំងនឹងច្បាប់ដែលអនុម័តដោយសភា កាលពីខែមេសា ដែលបានហាមប្រាមប្រើនៅអាមេរិក បើទោះជាក្រុមហ៊ុនចិន Bytedance យល់ព្រមលក់ក្រុមហ៊ុនក្តី។
នៅក្នុងពាក្យបណ្តឹងនៅទីក្រុងញូយ៉ក កាលពីថ្ងៃអង្គារ បានលើកឡើងថា ក្រុមហ៊ុនតិកតុកដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃការប្រើប្រាស់ផ្លេតហ្វមរបស់ខ្លួន ដែលធ្វើឱ្យខូចសុខភាពផ្លូវចិត្តរបស់កុមារ និងក្មេងជំទង់អាមេរិករាប់លាននាក់។ ទោះជាមានឯកសារបង្ហាញបែបនេះក្តី ក៏តិកតុកនៅតែនិយាយថាផ្លេតហ្វមរបស់ខ្លួនមានសុវត្ថិភាព និងសមរម្យសម្រាប់កុមារ និងក្មេងជំទង់។ អគ្គមេធាវីទីក្រុងញូយ៉កបានថ្លែងថា ក្មេងៗនៅទូទាំងប្រទេសបានស្លាប់ ឬរងរបួសដោយសារតែប្រើតិកតុក និងអ្នកប្រើប្រាស់ជាច្រើនមានអារម្មណ៍ថា ក្រៀមក្រំ ភ័យខ្លាច និងបាក់ទឹកចិត្តដោយសារតែមុខងារញៀនរបស់តិកតុក។ អគ្គមេធាវីបានលើកឡើងពីក្មេងប្រុសអាយុ ១៥ឆ្នាំ បានស្លាប់នៅតំបន់ Manhattan ខណៈដែលកំពុងជិះរថភ្លើងក្រោមដី ស្រាប់តែក្មេងប្រុសបានឡើងទៅលើដំបូងរថភ្លើងកំពុងតែបើកបរ។ ក្រោយមក ទើបម្តាយក្មេងប្រុសរកឃើញវីដេអូតិកតុកនោះនៅក្នុងទូរស័ព្ទដៃរបស់កូន។ ក្រុមហ៊ុនតិកតុកថ្លែងថា ផ្លេតហ្វមរបស់ខ្លួនមានសុវត្ថិភាពសម្រាប់ក្មេងៗ ប៉ុន្តែតាមពិតទៅវាមិនដូច្នោះទេ។ នៅក្នុងបណ្តឹងនេះបង្ហាញពីបញ្ហាមួយចំនួនដូចជា ការរំលឹក (alert) ដែលរំខានដល់ការសម្រាក ឬដេក (sleep) ការលុប (vanish) វីដេអូដែលនាំឱ្យអ្នកប្រើមានបំណងចង់ឆែកផ្លេតហ្វមញឹកញាប់ និងការកែរូប (Beauty Filters) ដែលធ្វើឱ្យអ្នកប្រើមើលទៅឃើញស្អាតខុសពីរូបពិត។
ទោះជា ក្រុមហ៊ុនតិកតុកបានផ្សព្វផ្សាយមុខងារផ្សេងៗរបស់ខ្លួនថា មានបំណងជួយអ្នកប្រើឱ្យកម្រិត (limit) ពេលមើលអេក្រង់ទូរស័ព្ទរបស់ពួកគេ ឬកំណត់ឡើងវិញនូវមាតិកាដែលពួកគេចង់មើលក្តី ក៏វាជាការបំភាន់ បើយោងតាមពាក្យបណ្តឹង។ ជាងនេះ នៅមានពាក្យបណ្តឹងជាច្រើនមកពីរដ្ឋចំនួន១៣ និងស្រុក Columbia ដែលអគ្គមេធាវីបានចោទប្រកាន់ក្រុមហ៊ុនពីបទដំណើរការអាជីវកម្មផ្ទេរប្រាក់ដែលគ្មានអាជ្ញាប័ណ្ណតាមរយៈ រូបិយប័ណ្ណនិម្មិត (Virtual currency)។ តិកតុកថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារថា ក្រុមហ៊ុនមិនឯកភាពចំពោះការចោទប្រកាន់ទាំងនេះនោះទេ ដោយលើកឡើងថា រឿងទាំងនេះសុទ្ធតែមិនពិត និងមានការភាន់ច្រលំ។ ក្រៅពីនេះ ក្រុមហ៊ុននៅតែប្តេជ្ញាចិត្តធ្វើការដើម្បីការពារយុវជន និងបន្តធ្វើបច្ចុប្បន្នភាពដើម្បីពង្រឹងគុណភាពផលិតផលរបស់ក្រុមហ៊ុន។
នៅក្នុងពាក្យបណ្តឹងបានស្នើឱ្យតុលាការហាមឃាត់មិនឱ្យតិកតុកធ្វើដូច្នេះ និងគួរតែមានការផាកពិន័យជាប្រាក់ថែមទៀត។ បទបញ្ញត្តិបានដាក់ចេញស្រដៀងគ្នានេះដែរ ដើម្បីប្រឆាំងនឹង Facebook និង Instagram និងការពារផលប៉ះពាល់លើសុខភាពផ្លូវចិត្តរបស់អ្នកប្រើប្រាស់វ័យក្មេង។ ពាក្យបណ្តឹងបានបន្ថែមទៅលើបញ្ហាផ្លូវច្បាប់ដែលកំពុងប្រឈមនឹងកម្មវិធីដ៏ពេញនិយម ដែលជាងពាក់កណ្តាលនៃក្មេងជំទង់អាមេរិកត្រូវបានគេប៉ាន់ស្មានថាចូលប្រើផ្លេតហ្វមច្រើនដងក្នុងមួយថ្ងៃ។
រដ្ឋតិចសាស និង Utah បានដាក់ពាក្យប្តឹងស្រដៀងគ្នានេះប្រឆាំងនឹងកម្មវិធីតិកតុក កាលពីខែសីហា ពីបទបំពាននឹងច្បាប់ឯកជនភាពកុមារ។ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលមិនស្វែងរកប្រាក់ចំណេញផ្នែក Countering Digital Hate បានថ្លែងថា គាត់សង្ឃឹមថាវិធានការផ្លូវច្បាប់នឹងជួយលើកកម្ពស់ការយល់ដឹងក្នុងចំណោមឪពុកម្តាយអំពីហានិភ័យ និងដាក់សម្ពាធលើក្រុមហ៊ុននានា ដើម្បីឱ្យមានការកែសម្រួលការអនុវត្តរបស់ពួកគេ។ ជាងនេះ គាត់បានបន្ថែមថា ទីក្រុង Washington ក៏គួរតែពង្រឹងច្បាប់សម្រាប់ផ្លេតហ្វមទាំងនោះដើម្បីឱ្យមានការផ្លាស់ប្តូរ។ មិនតែប៉ុណ្ណោះ គាត់បន្តថា វាបង្ហាញនូវសញ្ញាខកចិត្តដោយសារតែគ្មានយន្តការណាមួយ ដែលនឹងត្រូវអនុវត្ត ដើម្បីដាក់សម្ពាធទៅលើផ្លេតហ្វមទាំងនោះទេ។ អគ្គមេធាវីបានថ្លែងថា ពួកគាត់កំពុងតែចាត់វិធានការតាមដែលអាចធ្វើទៅបាន ប៉ុន្តែការពិតលទ្ធភាពនៃប្រព័ន្ធតុលាការក្នុងការធ្វើឱ្យក្រុមហ៊ុនទាំងនេះទទួលខុសត្រូវនៅមានកម្រិត៕
https://www.bbc.com/news/articles/c20m4k56relo
ប្រភពព័ត៌មាន៖ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤