ប្រទេសប៉ាគីស្ថាន៖ ប៉ូលិសម្នាក់ស្លាប់ និង៥នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីប៉ូលិសរារាំងការវាយប្រហារភេរវកម្មនៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន នេះបើតាមព័ត៌មានផ្លូវការដែលទទួលបានកាលពីថ្ងៃចន្ទ។
ការិយាល័យប៉ូលិសស្រុកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧបទ្វហេតុនេះបានកើតឡើងនៅក្នុងស្រុកឡាគី ម៉ាវ៉ាត នៅពេលដែលប៉ូលិសធ្វើសកម្មភាពតាមព័ត៌មានសម្ងាត់ដោយបញ្ឈប់ម៉ូតូ២គ្រឿងនៅចំនុចត្រួតពិនិត្យមួយនៅក្នុងតំបន់តាជោរី។
អ្នកវាយប្រហារដែលគេរាយការណ៍ថាកំណត់គោលដៅលើទីប្រជុំជនសាធារណៈ បានបើកការបាញ់ប្រហារមកលើប៉ូលិស មុនពេលអ្នកវាយប្រហារម្នាក់ក្នុងចំណោមពួកគេបំផ្ទុះគ្រឿងផ្ទុះ។ មេបញ្ជាការប៉ូលិស លោក អាឡូឌីន ខាន បានស្លាប់ និងប៉ូលិស៥នាក់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យទាំងមានរបួស នេះបើតាមសេចក្តីថ្លែងការណ៍។
ប៉ូលិសបានបិទតំបន់នោះ ហើយបានបើកប្រតិបត្តិការតាមចាប់ខ្លួន។
លោកប្រធានរដ្ឋមន្ត្រី អាហ្វ្រីឌី បានថ្កោលទោសចំពោះការវាយប្រហារនេះថា ការលះបង់របស់ប៉ូលិសនឹងមិនឥតប្រយោជន៍នោះទេ ហើយលោកបានបញ្ជាក់ថា ការវាយប្រហារបែបនេះនឹងមិនអាចធ្វើឲ្យការប្តេជ្ញាក្នុងការរក្សាសណ្តាប់ធ្នាប់របស់ខេត្តចុះខ្សោយបានឡើយ៕









