អ្នកជំនាញការ Martin Lewis និយាយដូចលោក Des Healey ជាជាងជួសជុលផ្ទះបាយមកពី Brighton នៅក្នុងការផ្សាយបន្តផ្ទាល់ចេញពីស្ទូឌីយ៉ូ BBC Radio 5 ថា “វាពិតជាពិបាកណាស់សម្រាប់ខ្ញុំដែលត្រូវអង្គុយនៅក្នុងបន្ទប់តែមួយជាមួយអ្នក”។ ដូចមនុស្សជាច្រើន លោក Des បានក្លាយជាជនរងគ្រោះដោយសារការឆបោកតាមការផ្សាយពាណិជ្ជកម្ម (Advert) នៅលើ Facebook ដែលបានប្រើ Deepfake របស់លោក Martin ជាមួយនឹងមហាសេដ្ឋីប្រាក់ពាន់លាន Elon Musk ដែលផ្សព្វផ្សាយថា មិនមានការវិនិយោគ Bitcoin។ ម្ចាស់ក្រុមហ៊ុន Facebook ឬ Meta ថ្មីៗនេះបានប្រកាសថា ពួកគេបានណែនាំអំពីបច្ចេកទេសស្គាល់មុខ (facial recognition) សម្រាប់បង្រ្កាបជនខិលខូចដែលបានប្រើតារាល្បីៗនៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មឆបោក។ លោក Martin ថ្លែងថា ជនខិលខូចចូលចិត្តប្រើមុខគាត់សម្រាប់ឆបោកច្រើនបំផុតនៅប្រទេសអង់គ្លេស។ គាត់បានប្រាប់ BBC ថា គាត់បានចំណាយពេលពេញមួយជីវិតនៃការងាររបស់គាត់ក្នុងការជួយអ្នកប្រើប្រាស់ ហើយឧក្រិដ្ឋជនបានបង្ខូចកេរ្តិ៍ឈ្មោះរបស់គាត់។ លោក Martin បានប្រាប់ Des ថាតើវាលំបាកប៉ុណ្ណាក្នុងការជួយនរណាម្នាក់ដែលត្រូវបានបោកបញ្ឆោតដោយប្រើរូបភាពរបស់គាត់ ដោយដឹងថាពួកគេ “ជឿជាក់លើអ្វីដែលគាត់កំពុងធ្វើ” ដើម្បីដាក់ប្រាក់ដែលទីបំផុតត្រូវចាញ់បោកជនខិលខូចអស់ ៧៦,០០០ផោន។
កាលពីខែសីហា ឆ្នាំ២០២៣ លោក Des បានប្រើ Facebook នៅពេលគាត់បានឃើញការផ្សាយពាណិជ្ជកម្មឆបោកទាក់ទងនឹងគ្រោងការណ៍វិនិយោគ ដោយបានអះអាងមិនពិតថា មានលោក Martin និងលោក Elon Musk នៅពីក្រោយ។ បច្ចេកវិទ្យា AI បានប្រើសម្លេងពិតរបស់លោក Martin សម្រាប់ធ្វើឱ្យវាមើលទៅដូចជាគាត់កំពុងធ្វើបទសម្ភាសន៍តាមទូរទស្សន៍ពីផ្ទះរបស់គាត់ ដោយមានការគាំទ្រពីគម្រោងវិនិយោគរបស់លោក Elon Musk។ Des បានឃើញលោក Martin នៅលើទូរទស្សន៍ជាច្រើនដង ដែលបានលើកឡើងថា គាត់មិនធ្លាប់ដាក់ឈ្មោះរបស់គាត់ចំពោះរឿងទាំងនេះទេ ដូច្នេះហេតុអ្វីបានជានៅថ្ងៃនោះ វាលក់របស់នោះឱ្យមកគាត់ (Des) គាត់ពិតជាមិនយល់សោះ។
ការចាញ់បោកគេមិនបានធ្វើឱ្យអ្នកក្រនោះទេ៖ ខណៈពេលដែលបុរសពាណិជ្ជករដែលធ្វើការឱ្យខ្លួនឯង លោក Des ថ្លែងថា គាត់បានឃើញការផ្សាយពាណិជ្ជកម្មដូចជាឱកាសសម្រាប់ស្វែងរកប្រាក់បន្ថែម (earn a few bob) មុនថ្ងៃបុណ្យណូអែលមកដល់ ខណៈដែលអាជីវកម្មរបស់គាត់មិនសូវមមាញឹកនោះ។ បន្ទាប់ពីឆ្លើយតបទៅកាន់ការផ្សាយជាមួយនឹងព័ត៌មានទំនាក់ទំនងលម្អិត លោក Des ត្រូវបានគេទូរស័ព្ទចូលភ្លាម និងបានទាក់ទងជាមួយបុរសម្នាក់ដែលបានថ្លែងថាមានបទពិសោធជាទីប្រឹក្សាផ្នែកហិរញ្ញវត្ថុជាង ១០ឆ្នាំ។ បុរសម្នាក់ដែលបានហៅខ្លួនឯងថា Carl បានបង្កើតគណនីមួយសម្រាប់ Des ជាមួយក្រុមហ៊ុន Revolut ដែលជាក្រុមហ៊ុនលុយអេឡិចត្រូនិក និងមានអតិថិជន ៩លាននាក់នៅក្នុងចក្រភពអង់គ្លេស និងបានដាក់ប្រាក់វិនិយោគ ១,០០០ផោន។ Carl បានប្រាប់ Des ថា ខែដែលចំណេញបានមកដល់ហើយ ពួកគេនឹងរកប្រាក់បានកាន់តែច្រើន ប្រសិនបើពួកគេវិនិយោគប្រាក់របស់ពួកគេឱ្យបានឆាប់តាមដែលអាចធ្វើបាន។ ភ្លាមនោះ បន្ទាប់ពីការវិនិយោគចាប់ផ្តើម វាបានបង្ហាញថា Des បានទទួលប្រាក់ចំណេញចូលទៅក្នុងគណនី Revolut របស់គាត់ តែទោះជាយ៉ាងណា វាមិនច្បាស់ថាតើអេក្រង់ (screen) ដែលលោក Des បានឃើញនោះជាការពិត ឬអត់នោះទេ ឬអាចជាទំព័រក្លែងបន្លំដែលបានគ្រប់គ្រងដោយជនខិលខូចក៏មិនដឹង។ ទំនុកចិត្តលើ Carl លោក Des ក្រោយមកបានផ្ទេរប្រាក់ ៥,០០០ផោនចូលទៅគណនី Revolut ដែលជាប្រាក់សន្សំទាំងអស់របស់គាត់។ បើយោងតាមការពន្យល់របស់ Des បានឱ្យដឹងថា ដើម្បីទទួលបានប្រាក់ ៥,០០០ផោនត្រលប់មកវិញ អ្នកត្រូវតែដាក់ប្រាក់ចូលវិនិយោគចំនួន ១០,០០០ផោន។ គាត់មិនត្រូវបានអនុញ្ញាតឱ្យដកប្រាក់ចេញទេ ត្រូវរង់ចាំរហូតដល់មានការអនុញ្ញាតពីក្រុមហ៊ុនទើបអាចដកប្រាក់បាន។ ប្រាក់ ៥,០០០ផោន ដែល Des បានផ្ទេរ ក្រោយមកត្រូវបានបញ្ជូនចេញពីគណនី Revolut ដោយជនខិលខូចក្រោមរូបភាពបំភាន់ថា ប្រាក់ទាំងនោះកំពុងតែត្រូវបានវិនិយោគ។
ទីបំផុត Des បានរត់ទៅខ្ចីប្រាក់ពីគេចំនួន ៤កន្លែងផ្សេងគ្នា ដែលសរុបចំនួន ៧០,០០០ផោនដើម្បីវិនិយោគ។ បន្ទាប់មក កូនប្រុសគាត់បានស្តាប់លឺទូរស័ព្ទនៅពេល Carl ទូរស័ព្ទមកឪពុកដែលមានចាក់បទចម្រៀង Rap និងបានព្រមានឪពុកខ្លួនឱ្យទៅប៉ុស្ត៍ប៉ូលីសបន្ទាប់ពីមានការសង្ស័យ៕
https://www.bbc.com/news/articles/clyvj754d9lo
ប្រភពព័ត៌មាន៖ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤