ក្រុមតស៊ូមតិឯកជនភាពមិនស្វែងរកប្រាក់ចំណេញ “None Of Your Business (NOYB)” បានដាក់ពាក្យបណ្តឹងចំនួន ៦ច្បាប់ ប្រឆាំងនឹងក្រុមហ៊ុនតិកតុក AliExpress, SHEIN, Temu, WeChat និង Xiaomi ពីបទផ្ទេរទិន្នន័យអ្នកប្រើប្រាស់ជនជាតិអឺរ៉ុបដោយខុសច្បាប់ទៅកាន់ប្រទេសចិន និងបំពានបទបញ្ញតិ្តការពារទិន្នន័យទូទៅរបស់សហភាពអឺរ៉ុប (GDPR)។
បង្កើតឡើងដោយជនជាតិអូទ្រីស Max Schrems, ក្រុម NOYB ធ្វើការតាមរយៈវិធានច្បាប់ប្រឆាំងនឹងក្រុមហ៊ុនដែលបំពានសិទ្ធិឯកជនរបស់អ្នកប្រើប្រាស់ ជាពិសេសនៅក្នុងផ្នែកដូចជា ការផ្ទេរទិន្នន័យ ការតាមដានលើអនឡាញ និងការឃ្លាំមើលជាដើម។ ក្រុម NOYB បានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរការពារទិន្នន័យ (DPAs) ក្នុងប្រទេសក្រិច អ៊ីតាលី បែលស៊ិក ហូឡង់ និងអូទ្រីស ក្នុងនាមជាអ្នកប្រើនៅក្នុងប្រទេសដូចគ្នា។
នៅក្នុងពាក្យបណ្តឹង ក្រុមនេះបានបញ្ជាក់ថា ប្រទេសចិនប្រមូលទិន្នន័យប្រជាជនដោយបង្ខំ និងប្រើប្រាស់វាដោយគ្មានការរឹតបន្តឹង ដែលផ្ទុយនឹងបទបញ្ញតិ្តការពារទិន្នន័យរបស់សហភាពអឺរ៉ុប។ យោងតាម GDPR បានឱ្យដឹងថា ការផ្ទេរទិន្នន័យចេញទៅខាងក្រៅប្រទេសអឺរ៉ុបគួរតែជាករណីលើកលែងប៉ុណ្ណោះ ហើយភស្តុតាងដែលថា ទិន្នន័យត្រូវបានការពារយ៉ាងតឹងរឹងពីការចូលប្រើដោយរដ្ឋដោយគ្មានការអនុញ្ញាត (ឬផ្សេងទៀត) ចាំបាច់ត្រូវតែពិនិត្យ។ លោក Kleanthi Sardeli មេធាវីការពារទិន្នន័យរបស់ក្រុម NOYB បាននិយាយថា ដោយសារប្រទេសចិនជារដ្ឋឃ្លាំមើលផ្តាច់ការ វាច្បាស់ណាស់ថា ប្រទេសចិនមិនផ្តល់ការការពារទិន្នន័យកម្រិតដូចគ្នានឹងសហភាពអឺរ៉ុបទេ។ យោងតាមក្រុម NOYB បានឱ្យដឹងទៀតថា ក្រុមហ៊ុនចិនបានរំលោភលើជំពូកទី V នៃបទបញ្ញតិ្ត GDPR ជាពិសេសមាត្រា 44 (គោលការណ៍ផ្ទេរទូទៅ) 46 (កង្វះការការពារ) និង 46 (ការខកខានក្នុងការវាយតម្លៃផលប៉ះពាល់គ្រប់គ្រាន់)។
អ្នកច្បាប់ក៏បានបង្ហាញថា ក្រុមហ៊ុនជាច្រើនបានអនុវត្តតាមសំណើចូលប្រើទិន្នន័យពីអាជ្ញាធររដ្ឋរបស់ប្រទេសចិន ដោយគ្មានហេតុផល ឬកំណត់ការផ្គត់ផ្គង់ក្រោមលក្ខខណ្ឌជាក់លាក់។ ក្រុម NOYB គូសបញ្ជាក់ថា ក្រុមហ៊ុន Xiaomi ធ្លាប់បានទទួលស្គាល់តាមរយៈរបាយការណ៍តម្លាភាពសាធារណៈដែលអាជ្ញាធរនៅក្នុងប្រទេសចិនអាចស្នើសុំ និងទទួលបានទិន្នន័យអ្នកប្រើប្រាស់ផ្ទាល់ខ្លួន “គ្មានដែនកំណត់”។ បន្ថែមពីលើគ្រោះថ្នាក់នេះ ក្រុម NYOB ក៏បានបន្ថែមទៀតថា អ្នកប្រើជនជាតិអឺរ៉ុបមានសំណើចូលប្រើទិន្នន័យរបស់ពួកគេ ដែលក្រុមហ៊ុនទាំងនោះមិនអើពើ ដែលនេះជាការរំលោភបំពានលើបទបញ្ញតិ្ត GDPR មាត្រា 15។ មាត្រានោះផ្តល់ឱ្យអ្នកប្រើប្រាស់នូវសិទ្ធិក្នុងការសួរអ្នកត្រួតពិនិត្យ ដែលជាក្រុមហ៊ុនចិនទាំង៦ ក្នុងករណីនេះ ដើម្បីប្រាប់ពួកគេអំពីទិន្នន័យផ្ទាល់ខ្លួនដែលពួកគេគ្រប់គ្រង និងគោលបំណងនៃដំណើរការ។ ឥឡូវនេះ ក្រុម NOYB បានដាក់ពាក្យបណ្តឹង GDPR ដូចខាងក្រោមនៅប្រទេសទាំង៥ នៅសហភាពអឺរ៉ុប៖ ក្រុមហ៊ុនតិកតុកនៅប្រទេសក្រិច ក្រុមហ៊ុន Xiaomi នៅក្នុងប្រទេសក្រិច ក្រុមហ៊ុន SHEIN នៅប្រទេសអ៊ីតាលី ក្រុមហ៊ុន AliExpress នៅក្នុងប្រទេស Belgium ក្រុមហ៊ុន WeChat នៅក្នុងប្រទេស Netherlands និងក្រុមហ៊ុន Temu នៅក្នុងប្រទេសអូទ្រីស។
ក្រុម NYOB ស្នើសុំឱ្យអាជ្ញាធរការពារទិន្នន័យទាមទារឱ្យផ្អាកជាបន្ទាន់នូវការផ្ទេរទិន្នន័យទៅប្រទេសចិន និងនាំយកការអនុវត្តដំណើរការទិន្នន័យរបស់ពួកគេស្របតាមតម្រូវការ GDPR។ ចំពោះការបំពានលើបទបញ្ញត្តិ GDPR ដែលអាជ្ញាធរការពារទិន្នន័យអាចរកឃើញក្នុងអំឡុងពេលពិនិត្យភស្តុតាង ដែលមាន ក្រុមហ៊ុនទាំងនោះអាចត្រូវបានគេហៅឱ្យបង់ប្រាក់ពិន័យរដ្ឋបាល ដែលឈានដល់ ៤% នៃប្រាក់ចំណូលប្រចាំឆ្នាំជាសកលរបស់ពួកគេ។ សម្រាប់ក្រុមហ៊ុន Xiaomi និង Temu ការផាកពិន័យអាចឈានដល់ ១,៧៥ពាន់លានដុល្លារ និង ១,៣៥ពាន់លានដុល្លាររៀងគ្នា៕
ប្រភពព័ត៌មាន៖ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥