សេវាសុខភាព BayMark ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មក្នុងការព្យាបាលអ្នកដែលបានប្រើប្រាស់សារធាតុញៀន និងស្តារឡើងវិញ (SUD) ធំបំផុតរបស់អាមេរិកខាងជើង កំពុងតែជូនដំណឹងដល់អ្នកជម្ងឺដែលហេគឃ័របានលួចព័ត៌មានសុខភាព និងឯកជននៅក្នុងការបំពានកាលពីខែកញ្ញា ឆ្នាំ២០២៤។
ស្ថាប័នដែលមានមូលដ្ឋាននៅរដ្ឋតិកសាសផ្តល់សេវាព្យាបាលដែលជួយដោយថ្នាំ (MAT) ត្រូវបានវាយប្រហារលើការព្យាបាលការប្រើសារធាតុញៀន និងបញ្ហាសុខភាពផ្លូវចិត្ត និងបានប៉ះពាល់ដល់អ្នកជម្ងឺជាង ៧៥,០០០នាក់រៀងរាល់ថ្ងៃ ដែលមានទីតាំងផ្តល់សេវាមិនតិចជាង ៤០០កន្លែងនៅទូទាំងរដ្ឋ ៣៥ នៃសហរដ្ឋអាមេរិក រួមទាំងខេត្តចំនួន៣ នៅក្នុងប្រទេសកាណាដាផងដែរ។ នៅក្នុងសំបុត្រជូនដំណឹងពីការបំពានទិន្នន័យដែលបានផ្ញើទៅកាន់ជនរងគ្រោះ ក្រុមហ៊ុន BayMark បានបង្ហាញថា ខ្លួនបានដឹងពីការបំពានកាលពីខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីប្រព័ន្ធ IT ត្រូវបានរំខាន។ ការស៊ើបអង្កេតបានបង្ហាញថា ហេគឃ័របានលួចចូលប្រើប្រព័ន្ធរបស់ក្រុមហ៊ុន BayMark នៅចន្លោះថ្ងៃទី២៤ ខែកញ្ញា និងពាក់កណ្តាលខែតុលា។

នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ក្រុមហ៊ុនបានដឹងពីឧប្បត្តិហេតុថាបានរំខានដល់ប្រតិបត្តិការខ្លះរបស់ប្រព័ន្ធ IT របស់ក្រុមហ៊ុន។ ភ្លាមនោះដែរ ក្រុមហ៊ុនក៏បានចាត់វិធានការដើម្បីការពារប្រព័ន្ធ ដោយបានដាក់ចេញនូវការស៊ើបអង្កេតជាមួយនឹងជំនួយរបស់អ្នកជំនាញកោសល្យវិច្ច័យភាគីទី៣ និងបានជូនដំណឹងអ្នកអនុវត្តច្បាប់ បើយោងតាមការពន្យល់ពីក្រុមហ៊ុន។ ការស៊ើបអង្កេតរបស់ក្រុមហ៊ុនបានកំណត់ថា ជនខិលខូចដែលគ្មានការអនុញ្ញាតបានលួចចូលប្រើឯកសារមួយចំនួននៅលើប្រព័ន្ធរបស់ក្រុមហ៊ុន BayMark នៅចន្លោះខែកញ្ញា និងតុលា ឆ្នាំ២០២៤។ ក្រោយមក ក្រុមហ៊ុនក៏ចាប់ផ្តើមពិនិត្យ និងវិភាគលើឯកសារទាំងនោះ។ ឯកសារទាំងនោះត្រូវបានលាតត្រដាងនៅក្នុងឧប្បត្តិហេតុដែលមានផ្ទុកទិន្នន័យអ្នកជម្ងឺរួមមាន៖ លេខសន្តិសុខសង្គម លេខបណ្ណបើកបរ ថ្ងៃខែឆ្នាំកំណើត សេវាសុខភាពដែលបានទទួលនិងកាលបរិច្ឆេទនៃសេវា ព័ត៌មានធានារ៉ាប់រ៉ង អ្នកផ្តល់ការព្យាបាលនិងការព្យាបាលឬព័ត៌មានរោគវិនិច្ឆ័យ។ ឥឡូវក្រុមហ៊ុន BayMark កំពុងតែផ្តល់សេវាត្រួតពិនិត្យអត្តសញ្ញាណ Equifax រយៈពេលមួយឆ្នាំដោយឥតគិតថ្លៃចំពោះអ្នកជម្ងឺដែលលេខសន្តិសុខសង្គម ឬលេខបណ្ណបើកបររបស់ពួកគេត្រូវបានបំពាននៅក្នុងឧប្បត្តិហេតុ។
អ្នកនាំពាក្យក្រុមហ៊ុន BayMark មិនបានផ្តល់ព័ត៌មានលម្អិតអំពីចំនួនអ្នកជម្ងឺសរុបដែលរងផលប៉ះពាល់នោះទេ។ ខណៈដែលអ្នកផ្តល់សេវាសុខាភិបាលមិនបានផ្តល់ព័ត៌មានបន្ថែមអំពីការវាយប្រហារខែកញ្ញានោះ ក្រុមមេរោគចាប់ជម្រិត RansomHub បានថ្លែងពីការបំពានខែតុលាថា ខ្លួនបានលួចឯកសារទំហំ 1.5TB ពីប្រព័ន្ធដែលខ្លួនបានវាយប្រហារយកមកគ្រប់គ្រង របស់ក្រុមហ៊ុន BayMark។ ទិន្នន័យនេះត្រូវបានបង្ហោះនៅលើគេហទំព័រទីផ្សារងងឹតរបស់ហេគឃ័រផងដែរ។
គួរបញ្ជាក់ដែរថា ប្រតិបត្តិការសេវា Ransomware-as-a-service (RaaS) ឈ្មោះ RansomHub ដែលគេស្គាល់ថាជាអតីត (Cyclops and Knight) បានចេញមុខជិតមួយឆ្នាំមកហើយ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ និងបានផ្តោតលើការជម្រិតលួចទិន្នន័យ ជាជាងការអ៊ីនគ្រីបប្រព័ន្ធរបស់ជនរងគ្រោះ។ តាំងពីពេលនោះមក ក្រុមនេះបានថ្លែងទទួលខុសត្រូវលើជនរងគ្រោះល្បីៗជាច្រើនរូបរួមមានសាខាហាងឱសថ Rite Aid ផ្ទះដេញថ្លៃ Christie អ្នកផ្តល់សេវាទូគមនាគមន៍អាមេរិក Frontier Communications សុខភាពផ្លូវភេទមិនស្វែងរកប្រាក់ចំណេញ Planned Parenthood, Kawasaki’s EU division, the Bologna Football Club និងសេវាប្រេង Halliburton។ ក្រុម RansomHub ក៏បានលាតត្រដាងទិន្នន័យដែលបានលួចពី Change Healthcare បន្ទាប់ពីប្រតិបត្តិការមេរោគចាប់ជម្រិត BlackCat/ALPHV ត្រូវបានបង្រ្កាប បន្ទាប់ពីលួចប្រាក់បានចំនួន ២២លានដុល្លារនៅក្នុងការឆបោក Exit Scam។ តាំងពីក្រុមនេះចេញមុខ ទីភ្នាក់ងារ FBI ថ្លែងថាសាខាមេរោគចាប់ជម្រិត RansomHub បានបំពានលើជនរងគ្រោះមិនតិចជាង ២០០នាក់លើវិស័យហេដ្ឋារចនាសម្ព័ន្ធអាមេរិកសំខាន់ៗរួមមានរដ្ឋាភិបាល ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងសេវាសុខភាពរហូតមកដល់ខែសីហា ឆ្នាំ២០២៤។
សេវាសុខភាព BayMark ជូនដំណឹងពីការបំពានបន្ទាប់ពីក្រសួងសុខាភិបាល និងមនុស្ស (HHS) អាមេរិកបានស្នើសុំធ្វើបច្ចុប្បន្នភាពលើច្បាប់ស្តីពីភាពចល័ត និងគណនេយ្យភាពនៃធានារ៉ាប់រ៉ងសុខភាពឆ្នាំ១៩៩៦ (HIPAA) ដើម្បីធានាទិន្នន័យសុខភាពរបស់អ្នកជម្ងឺ ឆ្លើយតបនឹងការកើនឡើងនៃការបំពានផ្នែកសុវត្ថិភាពសុខភាព ដែលប៉ះពាល់ដល់មន្ទីរពេទ្យ និងជនជាតិអាមេរិកជាច្រើនរូបនាពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ នៅក្នុងខែតុលា UnitedHealth បានបញ្ជាក់ថា ខ្លួនបានរងគ្រោះដោយសារការបំពានលើការថែទាំសុខភាពដ៏សំខាន់បំផុតនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះបន្ទាប់ពីការវាយប្រហារមេរោគចាប់ជម្រិតលើ Change Healthcare ខែកុម្ភៈ ដែលបានប៉ះពាល់ដល់បុគ្គលមិនតិចជាង ១០០លាននាក់នោះទេ៕
ប្រភព័ត៌មាន៖ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥









