ក្រុមហ៊ុន Casio ថ្លែងពីការបំពានទិន្នន័យបុគ្គលចំនួន ៨,៥០០ នៅក្នុងការវាយប្រហារមេរោគចាប់ជម្រិតខែតុលា

0

ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកជប៉ុន Casio ថ្លែងថា នៅក្នុងឧប្បត្តិហេតុមេរោគចាប់ជម្រិតកាលពីខែតុលា ឆ្នាំ២០២៤ បានបណ្តាលឱ្យមានការបំពានលើទិន្នន័យឯកជនប្រមាណជា ៨,៥០០នាក់។បុគ្គលដែលរងផលប៉ះពាល់ទាំងនោះភាគច្រើនជាបុគ្គលិករបស់ក្រុមហ៊ុន Casio និងដៃគូអាជីវកម្ម ប៉ុន្តែក៏មានអតិថិជនផងដែរនៅក្នុងការបំពានទិន្នន័យនោះ។

ការវាយប្រហារដោយមេរោគចាប់ជម្រិត Underground៖ ការវាយប្រហារសាយប័របានកើតឡើងកាលពីថ្ងៃទី០៥ ខែតុលា នៅពេលហេគឃ័រដាក់ពង្រាយតិចនិកឆបោកដែលបានវាយប្រហារដើម្បីគ្រប់គ្រងបណ្តាញណិតវើករបស់ក្រុមហ៊ុន និងបានបណ្តាលឱ្យប្រព័ន្ធ IT មិនដំណើរការ។ នៅថ្ងៃទី១០ ខែតុលា ការវាយប្រហារត្រូវបានទទួលខុសត្រូវដោយក្រុមមេរោគចាប់ជម្រិត Underground ដែលបានគំរាមលាតត្រដាងឯកសារសម្ងាត់ ឯកសារហិរញ្ញវត្ថុ ព័ត៌មានគម្រោង និងទិន្នន័យបុគ្គលិកបើសិនមិនព្រមបង់ប្រាក់លោះ។ ភ្លាមនោះដែរ ក្រុមហ៊ុន Casio ក៏បានបញ្ជាក់ថា ក្រុម Underground បានលួចទិន្នន័យឯកជនរបស់បុគ្គលិក ដៃគូអាជីវកម្ម និងអតិថិជន។ ទោះជាយ៉ាងណា ក្រុមហ៊ុនមិនបានផ្តល់ចំនួនជនរងគ្រោះនោះទេ។ ជាមួយនឹងការស៊ើបអង្កេតឥឡូវនេះបានបញ្ចប់ ក្រុមហ៊ុន Casio មានតួនាទីផ្តល់នូវព័ត៌មានលម្អិតពីទំហំនៃការបំពានទិន្នន័យ។ ការប្រកាសចុងក្រោយពីក្រុមហ៊ុនបានបង្ហាញទិន្នន័យដូចខាងក្រោម៖

– បុគ្គលិក (ចំនួន ៦,៤៥៦នាក់) រួមមានឈ្មោះ លេខបុគ្គលិក អាសយដ្ឋានអ៊ីម៉ែល សម្ព័ន្ធភាព ភេទ ថ្ងៃខែឆ្នាំកំណើត ព័ត៌មានគ្រួសារលម្អិត លេខទូរស័ព្ទ លេខ Taxpayer ID និងព័ត៌មានគណនីប្រព័ន្ធ​ HQ

– ដៃគូអាជីវកម្ម (ចំនួន ១,៩៣១) រួមមានឈ្មោះ អាសយដ្ឋានអ៊ីម៉ែល លេខទូរស័ព្ទ ឈ្មោះក្រុមហ៊ុន អាសយដ្ឋានក្រុមហ៊ុន និងព័ត៌មាន ID Card មួយចំនួន។

– អតិថិជន (៩១នាក់) រួមមានអាសយដ្ឋានដឹកជញ្ជូន ឈ្មោះ លេខទូរស័ព្ទ ថ្ងៃទិញទំនិញ និងឈ្មោះផលិតផលដែលត្រូវដឹកជញ្ជូន និងការដំឡើង (Installation)

– ទិន្នន័យលាតត្រដាងផ្សេងទៀតរួមមាន ឯកសារផ្ទៃក្នុងដូចជា វិក័យបត្រ កុងត្រា និងសម្ភារៈប្រជុំ។

នៅពេលដែលបុគ្គលិករងផលប៉ះពាល់ត្រូវបានកំណត់អត្តសញ្ញាណ ពួកគេនឹងទទួលបានការជូនដំណឹងដោយផ្ទាល់អំពីឧប្បត្តិហេតុពីក្រុមហ៊ុន Casio។ ទោះជាបុគ្គលិកខ្លះបានទទួលអ៊ីម៉ែលដោយមិនស្នើសុំ ដែលត្រូវបានជឿថា មានទាក់ទងនឹងឧប្បត្តិហេតុនៃមេរោគចាប់ជម្រិត និងការបំពានទិន្នន័យសម្ងាត់ ក្រុមហ៊ុនថ្លែងថា មិនមានការខូចខាតលើបុគ្គលិក ដៃគូអាជីវកម្ម និងអតិថិជនម្តងទៀតទេ។ ក្រុមហ៊ុន Casio បានលម្អិតថា គ្មានទិន្នន័យអតិថិជន ឬព័ត៌មានកាតក្រេឌីតត្រូវបានបំពានដោយសារមេរោគចាប់ជម្រិត Underground ទេ ដោយសារតែមូលដ្ឋានទិន្នន័យរបស់ពួកគេដែលផ្ទុកព័ត៌មានអតិថិជនមិនត្រូវបានប៉ះពាល់ដោយឧប្បត្តិហេតុនេះទេ។ ក្រុមហ៊ុនជប៉ុនក៏បានបង្ហាញច្បាស់ថា ពួកគេមិនបានចរចាជាមួយឧក្រិដ្ឋជនសាយប័រទេ។ ក្រុមហ៊ុន Casio ពន្យល់ថា បន្ទាប់ពីការពិភាក្សាជាមួយទីភ្នាក់ងារអនុវត្តច្បាប់ ទីប្រឹក្សាខាងក្រៅ និងអ្នកជំនាញសន្តិសុខ ក្រុមហ៊ុន Casio មិនបានឆ្លើយតបទៅនឹងការទាមទារដែលមិនសមហេតុផលណាមួយពីក្រុមមេរោគចាប់ជម្រិត ដែលអនុវត្តការចូលដំណើរការដោយគ្មានការអនុញ្ញាតនោះទេ។ ចំពោះសេវាដែលរងផលប៉ះពាល់ ក្រុមហ៊ុនថ្លែងថា ភាគច្រើនបានត្រលប់ទៅដំណើរការប្រក្រតីវិញហើយ ទោះជាសេវាខ្លះមិនទាន់បានស្តារឡើងវិញក្តី។ បើទោះជា CASIO ID របស់ក្រុមហ៊ុន Casio និង ClassPad.net platforms បានទាក់ទង់ថាមិនបានរងប៉ះពាល់ដោយការវាយប្រហារមេរោគចាប់ជម្រិតក្តី ក៏សេវាទាំងនោះរងផលប៉ះពាល់ពីការបំពានដាច់ដោយឡែកកាលពីខែតុលា ឆ្នាំ២០២៤ផងដែរ៕

https://www.bleepingcomputer.com/news/security/casio-says-data-of-8-500-people-exposed-in-october-ransomware-attack/

ប្រភពព័ត៌មាន៖ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here