ក្រុមហ៊ុនបច្ចេកវិទ្យាតាតា (Tata) ត្រូវផ្អាកសេវាផ្នែក IT ខ្លះរបស់ខ្លួន បន្ទាប់ពីមានការវាយប្រហារដោយមេរោគចាប់ជម្រិត ដែលបានប៉ះពាល់ដល់បណ្តាញណិតវើកក្រុមហ៊ុន។ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Tata Motors ជាបច្ចេកវិទ្យាតាតាគឺក្រុមហ៊ុនបច្ចេកវិទ្យាពហុជាតិសាធារណៈឥណ្ឌា ដែលបានផ្តោតលើការរចនារថយន្ត វិស្វកម្មអវកាស និងបង្កើតផលិតផលបូករួមទាំងបច្ចេកវិទ្យាថ្មីៗ (R&D engineering) ទូទៅ។ ក្រុមហ៊ុននេះជាអ្នកអភិវឌ្ឍបច្ចេកវិទ្យាសំខាន់របស់ឥណ្ឌា និងជាអ្នកចុះកិច្ចសន្យាគម្រោងជាមួយរដ្ឋាភិបាល ព្រមទាំងមានបុគ្គលិកមិនតិចជាង ១១,០០០នាក់ មានប្រាក់ចំណូលប្រចាំឆ្នាំ ៦០០លានដុល្លារ បានដំណើរការ ១៨ទីតាំង ក្នុងប្រទេសឥណ្ឌា អឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិក។
ក្រុមហ៊ុនថ្លែងនៅក្នុងការជូនដំណឹងនៅថ្ងៃនេះទៅកាន់ផ្សារហ៊ុនជាតិរបស់ឥណ្ឌាថា ការវាយប្រហាររបស់មេរោគចាប់ជម្រិតបានប៉ះពាល់ដល់ធនធាន IT (Assets) ដែលឥឡូវនេះត្រូវបានស្តារឡើងវិញ។ សេវាដឹកបញ្ជូនអតិថិជននៅដំណើរការធម្មតា បន្ទាប់ពីការវាយប្រហារសាយប័រ ព្រោះដោយសារតែគ្មានផលប៉ះពាល់ដល់ដំណើរការអតិថិជនទេ។ នៅក្នុងសេចក្តីជូនដំណឹងជាសាធារណៈបានឱ្យដឹងថា ក្រុមហ៊ុនបានដឹងពីឧប្បត្តិហេតុមេរោគចាប់ជម្រិត និងបានប៉ះពាល់ដល់ធនធាន IT របស់ក្រុមហ៊ុនមួយចំនួន។ ជាវិធានការបង្ការ សេវា IT ខ្លះត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្ន ហើយឥឡូវនេះត្រូវបានស្តារឡើងវិញហើយ។ សេវាដឹកជញ្ជូនអតិថិជនរបស់ក្រុមហ៊ុននៅដំណើរការពេញលេញធម្មតា និងមិនបានប៉ះពាល់ទេ បើយោងតាមរបាយការណ៍ក្រុមហ៊ុន។
ការស៊ើបអង្កេតលម្អិតកំពុងតែដំណើរការនៅក្នុងកិច្ចសហប្រតិបត្តិការជាមួយអ្នកជំនាញសន្តិសុខសាយប័រ រីឯព័ត៌មានលម្អិតនឹងត្រូវបានបង្ហាញនៅពេលសមគួរ។ គ្មានក្រុមមេរោគចាប់ជម្រិតណាមួយចេញមុខបញ្ជាក់ពីការវាយប្រហារលើក្រុមហ៊ុនបច្ចេកវិទ្យាតាតានោះទេ។ វាក៏មិនច្បាស់ថាតើ ហេគឃ័របានលួចទិន្នន័យអ្វីខ្លះចេញពីក្រុមហ៊ុនដែរ។ ការវាយប្រហារដោយមេរោគចាប់ជម្រិត បើទោះជាចាប់បានមុនពេលអ៊ីនគ្រីបក្តី ក៏ជាធម្មតាពាក់ព័ន្ធនឹងការលួចទិន្នន័យដែរ។ នៅក្នុងករណីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា ឧប្បត្តិហេតុនេះអាចបណ្តាលឱ្យប៉ះពាល់ដល់ក្រុមហ៊ុនសាជីវកម្ម ទិន្នន័យសម្ងាត់ត្រូវបានលាតត្រដាង និងអាចបណ្តាលឱ្យខូចខាតដល់កម្មសិទ្ធិបញ្ញា និងផលប័ត្របច្ចេកវិទ្យារបស់ពួកគេ។
កាលពីខែតុលា ឆ្នាំ២០២២ ក្រុមមេរោគចាប់ជម្រិត Hive ដែលឥឡូវនេះឈប់ដំណើរការ បានថ្លែងពីការវាយប្រហារប្រឆាំងនឹងក្រុមហ៊ុន Tata Power ដែលជាក្រុមហ៊ុនថាមពលរួមធំបំផុតរបស់ឥណ្ឌា។ ហេគឃ័របានលួច និងលាតត្រដាងទិន្នន័យនៅលើ Portal ជម្រិតទារប្រាក់នៅគេហទំព័រទីផ្សារងងឹតរបស់ខ្លួនរួមមាន គ្រោងការណ៍វិស្វកម្ម កំណត់ត្រាហិរញ្ញវត្ថុ និងធនាគារ ក៏ដូចជាព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជន។
ប្រភពព័ត៌៌មាន៖ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥









