មជ្ឈមណ្ឌលឈាមញូយ៉ក (NYBC) ដែលជាស្ថាប័នប្រមូល និងផ្តល់ឈាមឯករាជ្យធំជាងគេរបស់ពិភពលោកថ្លែងពីការវាយប្រហារដោយមេរោគចាប់ជម្រិតកាលពីថ្ងៃអាទិត្យ និងបានបង្ខំឱ្យខ្លួនរៀបចំការណាត់ជួបមួយចំនួនធំឡើងវិញ។
មជ្ឈមណ្ឌល NYBC ប្រមូលឈាមបាន ៤,០០០ប្លោករាល់ថ្ងៃ និងជួយដល់អ្នកត្រូវការឈាមមិនតិចជាង ៧៥លាននាក់ទេ នៅក្នុងរដ្ឋប្រមាណជា ១២។ មជ្ឈមណ្ឌលក៏ផ្តល់នូវសេវាវេជ្ជសាស្រ្តទាក់ទងនឹងការផ្តល់ឈាមទៅកាន់មន្ទីរពេទ្យជាតិប្រមាណជា ៥០០កន្លែង។ កាលពីថ្ងៃពុធ មជ្ឈមណ្ឌល NYBC ថ្លែងថា ខ្លួនបានរកឃើញការវាយប្រហារ បន្ទាប់ពីកត់សម្គាល់ឃើញពីសកម្មភាពគួរឱ្យសង្ស័យនៅលើប្រព័ន្ធ IT របស់ខ្លួននៅចុងសប្តាហ៍ កាលពីថ្ងៃទី២៦ ខែមករា។
មជ្ឈមណ្ឌល NYBC បានថ្លែងថា ភ្លាមនោះ មជ្ឈមណ្ឌលបានទាក់ទងទៅអ្នកជំនាញសន្តិសុខសាយប័រភាគីទី៣ ដើម្បីធ្វើការស៊ើបអង្កេត។ ការស៊ើបអង្កេតនេះបានបញ្ជាក់ថា សកម្មភាពគួរឱ្យសង្ស័យនោះបានបណ្តាលមកពីឧប្បត្តិហេតុមេរោគចាប់ជម្រិត។ មជ្ឈមណ្ឌលបានចាត់វិធានការជាបន្ទាន់ ដើម្បីជួយដោះស្រាយបញ្ហារួមមាន ការដាក់ប្រព័ន្ធទូទៅទៅ Offline។ មជ្ឈមណ្ឌលកំពុងតែខិតខំប្រឹងប្រែងស្តារប្រព័ន្ធឡើងវិញជាមួយអ្នកជំនាញយ៉ាងឆាប់រហ័ស។ ទោះជាយ៉ាងណា មជ្ឈមណ្ឌលនៅតែផ្តល់ឈាម ប៉ុន្តែបានព្រមានថា ប្រហែលជាការណាត់ជួបខ្លះត្រូវរៀបចំឡើងវិញ។ មជ្ឈមណ្ឌល NYBC បានបន្ថែមថា ខ្លួនត្រូវលុបការណាត់ជួបជាមួយអ្នកបរិច្ចាកឈាម និងជំនួញផ្តល់ឈាមខ្លះ បន្ទាប់ពីការវាយប្រហារដោយសារតែការរំខានដល់ប្រតិបត្តិការរបស់មជ្ឈមណ្ឌលនៅបន្តនៅឡើយ។ ការវាយប្រហារកើតឡើង បន្ទាប់ពី NYBC បានប្រកាសពីភាពអាសន្នពីតម្រូវការឈាម ក្រោយពីការផ្តល់ឈាមមានអាត្រាធ្លាក់ចុះជិត ៣០% ដែលមានការផ្តល់ឈាមខ្ទង់ ៦៥០០ ប៉ុណ្ណោះ និងប៉ះពាល់ដល់ជំនួយឈាមនៅមូលដ្ឋាន។ មជ្ឈមណ្ឌលឈាមមិនទាន់បានបង្ហាញថាតើហេគឃ័របានលួចព័ត៌មាន ឬដំណើរការព័ត៌មានឯកជន និងសុខភាពរបស់អ្នកផ្តល់ឈាមនោះទេ។ ខណៈ គ្មានប្រតិបត្តិការមេរោគចាប់ជម្រិតណាមួយបានចេញមុខពីការវាយប្រហារនេះទេរហូតមកដល់ពេលនេះ ភាគច្រើននៃក្រុមមេរោគចាប់ជម្រិតគឺលួចយកព័ត៌មានសម្ងាត់ពីប្រព័ន្ធដែលខ្លួនបានគ្រប់គ្រងដោយការសម្របសម្រួល មុនពេលអ៊ីនគ្រីប និងប្រើវាសម្រាប់ការជម្រិតទារប្រាក់។
មជ្ឈមណ្ឌល NYBC បានថ្លែងថា ខ្លួនដឹងពីសារៈសំខាន់នៃសេវារបស់មជ្ឈមណ្ឌល និងសុខភាពរបស់សហគមន៍ខ្លួននៅតែជាអាទិភាពចម្បង។ មជ្ឈមណ្ឌលនៅទាក់ទងជាមួយមន្ទីរពេទ្យ ហើយកំពុងតែដោះស្រាយបញ្ហា ដើម្បីជួយស្តារសេវាកម្មឡើងវិញ និងបំពេញតាមតម្រូវការ។
កាលពីដើមខែនេះ អង្គការមិនស្វែងរកប្រាក់ចំណេញផ្តល់ឈាម OneBlood ក៏បានជូនដំណឹងអំពីចំនួនម្ចាស់ជំនួយ ដែលមិនបានបង្ហាញឱ្យដឹងថា ព័ត៌មានរបស់ពួកគេត្រូវបានលួចនៅក្នុងការវាយប្រហារមេរោគចាប់ជម្រិត កាលពីរដូវក្តៅមុនទេ។ មន្ទីរពេទ្យទីក្រុងឡុង ក៏បានជួបប្រទះនូវកង្វះខាតឈាម កាលពីពាក់កណ្តាលឆ្នាំ២០២៤ បន្ទាប់ពី មន្ទីរពិសោធន៍ Synnovis ត្រូវបានវាយប្រហារដោយមេរោគចាប់ជម្រិតដែលជាប់ទាក់ទងនឹងក្រុមឧក្រិដ្ឋកម្មសាយប័ររុស្ស៊ី Qilin (Agenda)។ បន្ទាប់ពីឧប្បត្តិហេតុ អង្គការផ្តល់ឈាម NHS Blood and Transplant (NHSBT) របស់អង់គ្លេសបានទូរស័ព្ទទៅអ្នកផ្តល់ឈាមដើម្បីធ្វើការណាត់ជួប។ កាលពីខែធ្នូ ក្រសួងសុខាភិបាល និងសេវាមនុស្សសហរដ្ឋអាមេរិក (HHS) បានស្នើសុំឱ្យធ្វើបច្ចុប្បន្នភាព HIPAA (ធានារ៉ាប់រ៉ងសុខភាពចល័ត និងច្បាប់គណនេយ្យភាពឆ្នាំ១៩៩៦) ដើម្បីការពារទិន្នន័យសុខភាពរបស់អ្នកជម្ងឺ បន្ទាប់ពីការកើនឡើងនៃការបំពានលើសុវត្ថិភាពថែទាំសុខភាពដ៏ធំ ដែលប៉ះពាល់ដល់មន្ទីរពេទ្យ និងប្រជាជនអាមេរិកនៅប៉ុន្មានឆ្នាំថ្មីៗនេះ ដោយរាប់បញ្ជូលទាំងការវាយប្រហារដោយមេរោគចាប់ជម្រិតលើកម្មវិធីថែទាំសុខភាពខែកុម្ភៈ និងបានប៉ះពាល់ដល់បុគ្គល ១៩០លាននាក់។
ប្រភពព័ត៌មាន៖ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥









