ក្រុមមេរោគចាប់ជម្រិតអន្តរជាតិ Hunters បានអះអាងថាខ្លួននៅពីក្រោយការវាយប្រហារសាយប័រខែមករា លើក្រុមហ៊ុនបច្ចេកវិទ្យា Tata ដោយបានលើកឡើងថា ពួកគេបានលួចទិន្នន័យទំហំ 1.4TB ពីក្រុមហ៊ុន។ក្រុមហ៊ុនបច្ចេកវិទ្យា Tata គឺជាក្រុមហ៊ុនផ្តល់សេវាដោះស្រាយផ្នែកវិស្វកម្ម និងឌីជីថលសម្រាប់ឧស្សាហកម្មផលិតនៅទូទាំងសកលលោក។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៩ និងមានមូលដ្ឋាននៅទីក្រុង Pune នៃប្រទេសឥណ្ឌា វាដំណើរការនៅទូទាំង ២៧ប្រទេស ជាមួយនឹងបុគ្គលិកចំនួន ១២,៥០០នាក់ ដែលមានជំនាញផ្នែកយានយន្ត យានអវកាស និងវិស័យឧស្សាហកម្មជាមួយនឹងការអភិវឌ្ឍផលិតផល និងសេវាកម្មផ្លាស់ប្តូរឌីជីថល។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សឥណ្ឌានេះបានរាយការណ៍កាលពីខែមករា ឆ្នាំ២០២៥ថា ខ្លួនបានរងគ្រោះដោយសារការបំពានសុវត្ថិភាពពីសំណាក់ក្រុមមេរោគចាប់ជម្រិត ដែលបានរំខានដល់ផ្នែកមួយចំនួននៃប្រព័ន្ធ IT របស់ក្រុមហ៊ុន។ ក្រុមហ៊ុនបានកត់សម្គាល់ថា ផលប៉ះពាល់នៃឧប្បត្តិហេតុនេះកើតមានលើប្រតិបត្តិការរបស់ក្រុមហ៊ុនតិចតួច ហើយសេវាកម្មដឹកជញ្ជូនអតិថិជនវិញមិនប៉ះពាល់អ្វីសោះ។

ក្រុមហ៊ុន Tata បន្តថា ខ្លួនបានស្តារប្រព័ន្ធ IT ដែលរងផលប៉ះពាល់រួចរាល់ហើយ និងបានសន្យាថានឹងផ្តល់បច្ចុប្បន្នភាពនាពេលឆាប់ៗអំពីការស៊ើបអង្កេតផ្ទៃក្នុងរបស់ក្រុមហ៊ុន ដែលទទួលបានជំនួយពីអ្នកជំនាញនៅក្នុងវិស័យនេះ និងផ្តល់នូវលទ្ធផលជាក់លាក់។ ដោយគ្មានបច្ចុប្បន្នភាពពីក្រុមហ៊ុនប្រហែលមួយខែមក ក្រុម Hunters International បានអះអាងថា កំណត់ត្រាទិន្នន័យរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Tata នៅលើទំព័រចាប់ជម្រិតរបស់ខ្លួន នៅលើគេហទំព័រទីផ្សារងងឹត និងបានថ្លែងថាខ្លួននៅពីក្រោយការវាយប្រហារនេះ។
ហេគឃ័រលើកឡើងថា បានលួចទិន្នន័យទំហំ 1.4TB ពីក្រុមហ៊ុនបច្ចេកវិទ្យា Tata ដែលរួមមានឯកសារចំនួន 730,000 Files។ ក្រុមមេរោគចាប់ជម្រិតគំរាមថានឹងលាតត្រដាងឯកសារដែលបានលួចទាំងនេះនៅក្នុងរយៈពេល ១សប្តាហ៍ ប្រសិនបើគ្មានការបង់ប្រាក់លោះ។ ទោះជាយ៉ាងណា ក្រុម Hunter International មិនបានបង្ហោះគម្រូទិន្នន័យណាមួយដែលបានលួច ឬបញ្ជាក់លម្អិតពីប្រភេទឯកសារដែលពួកគេបានលួចនោះទេ។
សារព័ត៌មាន BleepingComputer បានទាក់ទងទៅក្រុមហ៊ុនបច្ចេកវិទ្យា Tata អំពីការចោទប្រកាន់របស់ហេគឃ័រនេះ ប៉ុន្តែក្រុមហ៊ុនមិនបានផ្តល់បទសម្ភាសន៍ភ្លាមៗទេ។ ក្រុម Hunters International គឺជាក្រុមមេរោគចាប់ជម្រិតដែលបានវាយប្រហារលើស្ថាប័នល្បីៗតាំងពីចុងឆ្នាំ២០២៣ ជាពេលដែលបានប្រែ ជាក្រុម Hive ដែលមានឈ្មោះដ៏ល្បី។ ការវាយប្រហារបស់ក្រុមនេះរួមមានការបំពានលើស្ថាប័នផ្គត់ផ្គង់សេវាកម្មកងទ័ពជើងទឹកអាមេរិក Austal USA និង Optics Giant Hoya ជប៉ុន។ ក្រុមនេះក៏ល្បីថាគ្មានក្រមសីលធម៌ទេ សូម្បីតែអ្នកជម្ងឺមហារីក Fred Hutch ក៏ចាប់ជម្រិតដែរ។ ទោះបីជាការអះអាងជាច្រើនត្រូវបានបញ្ជាក់ក្តី ដូចជាករណីមកពី US Marshals Service កាលពីខែសីហា ឆ្នាំ២០២៤ ដែលបានបដិសេធថាប្រព័ន្ធរបស់ខ្លួនមិនត្រូវបានបំពានដោយក្រុម Hunters ដែលផ្ទុយពីការចោទប្រកាន់របស់ហេគឃ័រ។
ប្រភពព័ត៌មាន៖ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥