ក្រុមហ៊ុនផ្គត់ផ្គង់ទឹកអង់គ្លេស Southern Water បានបង្ហើបប្រាប់ថា ខ្លួនបានខាតប្រាក់ ៤,៥លានផោន (៥,៧លានដុល្លារ) ដោយសារការវាយប្រហារសាយប័រ កាលខែកុម្ភៈ ឆ្នាំ២០២៤។ក្រុមហ៊ុន Southern Water គឺជាក្រុមហ៊ុនឯកជននៅភាគខាងត្បូងប្រទេសអង់គ្លេស ដែលផ្តល់សេវាកម្មទឹកដល់អតិថិជន និងសេវាកម្មចម្រោះទឹកកខ្វក់ ២,៧លាន ទៅអតិថិជនមិនតិចជាង ៤,៧លាននៅទូទាំងតំបន់ Kent, Sussex, Hamsphire និង Isle of Wight។ ក្រុមហ៊ុនផ្គត់ផ្គង់ទឹក ៥៧០លានលីត្រតាមរយៈបណ្តាញណិតវើក ១៣,៩៧៣គីឡូម៉ែត្រប្រចាំថ្ងៃ និងគ្រប់គ្រងទឹកកខ្វក់ ១,៥២២លានលីត្រតាមរយៈប្រព័ន្ធចំរោះទឹកកខ្វក់។
កាលពីឆ្នាំមុន ក្រុមហ៊ុន Southern Water បានប្រកាសថា ក្រុមហ៊ុនបានរងគ្រោះដោយសារការបំពានសុវត្ថិភាព ប៉ុន្តែមិនបានប៉ះពាល់ដល់ប្រតិបត្តិការរបស់ក្រុមហ៊ុន ប្រព័ន្ធហិរញ្ញវត្ថុ ឬប្រព័ន្ធ Customer-facing ទេ។ ក្រុមមេរោគចាប់ជម្រិត Black Baster ត្រូវបានគេមើលឃើញថា ជាអ្នកវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដែលបានមើលឃើញដោយគេហទំព័រ DataBreaches.net បានកំណត់ពីតម្លៃនៃការវាយប្រហាររបស់ក្រុម Black Basta ក្នុងទំហំប្រមាណជា ៤,៥លានផោន។ នៅក្នុងរបាយការណ៍បានលើកឡើងថា កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមហ៊ុនបានប្រកាសថា ទិន្នន័យមួយផ្នែកនៃម៉ាស៊ីនមេទាំងអស់របស់ក្រុមហ៊ុន (Server Estate) ត្រូវបានលួចតាមរយៈការបំពានដោយខុសច្បាប់ចូលទៅក្នុងប្រព័ន្ធ IT។

ក្រុមហ៊ុនបានទាក់ទងជាមួយអ្នកជំនាញសន្តិសុខសាយប័រខាងក្រៅ និងទីប្រឹក្សាផ្នែកច្បាប់នៅក្នុងការឆ្លើយតប ក៏ដូចជាទាក់ទងជាមួយម្ចាស់ទិន្នន័យ ដែលប្រហែលជាមានហានិភ័យផ្សេងៗកើតឡើង។ ក្រុមហ៊ុនបានខាតបង់ប្រាក់ដល់ទៅ ៤,៥លានផោនចំពោះឧប្បត្តិហេតុនេះនៅក្នុងឆ្នាំនោះ។ ទំហំទឹកប្រាក់នេះគឺដូចគ្នាទៅនឹងក្រុមហ៊ុន Southern Water ដែលបានបង់សម្រាប់ប្រតិបត្តិការគ្រប់គ្រងការបំពុលកាលពីឆ្នាំមុន ដោយមិនគិតពីការខូចខាតកេរ្តិ៍ឈ្មោះថ្លៃច្បាប់ និងការត្រួតពិនិត្យបទបញ្ញត្តិដែលអាចកើតមាន បូករួមទាំងឧប្បត្តិហេតុសន្តិសុខតាមអ៊ីនធឺណិត។
ក្រុមហ៊ុន Southern Water ថ្លែងថា ខ្លួនបានចុះកុងត្រាជាមួយអ្នកជំនាញសន្តិសុខសាយប័រដើម្បីបន្តការត្រួតពិនិត្យគេហេទំព័រទីផ្សារងងឹតក្នុងបំណងស្វែងរកទិន្នន័យដែលបានលាតត្រដាង និងអាចប៉ះពាល់លើអតិថិជនរបស់ក្រុមហ៊ុនដែលមិនទាន់កើតឡើងនៅឡើយ។ ខណៈពេលនេះ ការវិភាគលើ Chat Logs ផ្ទៃក្នុង ដែលបានបើកចំហពីក្រុម Black Basta ត្រូវបានបង្ហាញថា ក្រុមហ៊ុនសម្អាតទឹកត្រូវបានគេចោទប្រកាន់ថា បានស្នើសុំបង់ប្រាក់លោះទៅឱ្យក្រុមចាប់ជម្រិតក្នុងទឹកប្រាក់ចំនួន ៧៥០,០០០ផោន (៩៥០,០០០ដុល្លារ) កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ បើទោះជា ហេគឃ័របានទាមទារប្រាក់លោះក្នុងតម្លៃ ៣,៥លានដុល្លារ ត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២៤ ក្តី ទិន្នន័យរបស់ក្រុមហ៊ុនត្រូវបានលុបចេញពីលើគេហទំព័រជម្រិតទារប្រាក់របស់ក្រុម Black Basta ដែលបង្ហាញថា អ្នកទាំងពីរប្រហែលជាបានឯកភាពគ្នាលើកិច្ចព្រមព្រៀង។ នៅពេល The Register សួរថាតើក្រុមហ៊ុនបានបង់ប្រាក់ទៅឱ្យក្រុមចាប់ជម្រិតឬយ៉ាងណានោះ អ្នកនាំពាក្យមិនបានឆ្លើយបញ្ជាក់ពីបញ្ហានេះទេ។
ប្រភពព័ត៌មាន៖ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥