ទីភ្នាក់ងារអនុវត្តច្បាប់មកពី ១៩ប្រទេស បានចាប់ខ្លួនជនសង្ស័យចំនួន ២៥នាក់ពីបទពាក់ព័ន្ធក្នុងក្រុមឧក្រិដ្ឋកម្ម ដែលកំពុងតែចែកចាយរូបភាព ឬវីដេអូបំពានលើផ្លូវភេទកុមារ (CSAM) ដែលបានបង្កើតឡើងដោយប្រើបញ្ញាសប្បនិម្មិត (AI)។
ប្រតិបត្តិការ Cumberland សហការពីក្រុមអនុវត្តច្បាប់ Danish និងទទួលបានការគាំទ្រពីទីភ្នាក់ងារ Europol ជាលទ្ធផលរឹបអូសបានឧបករណ៍អេឡិចត្រូនិកចំនួន ១៧៣គ្រឿង និងអត្តសញ្ញាណសមាជិកជនសង្ស័យចំនួន ២៧៣នាក់ដែលជាបណ្តាញក្រុមឧក្រិដ្ឋកម្ម។ ជនសង្ស័យភាគច្រើនត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិរួមគ្នានេះកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីការឆែកឆេរតាមផ្ទះចំនួន ៣៣ខ្នង នៅទូទាំងសកលលោក។
នៅខែវិច្ឆិកា ឆ្នាំ២០២៤ អាជ្ញាធរបានចាប់ខ្លួនជនសង្ស័យបង្គោលជនជាតិ Danish ពីបទចែកចាយមាតិកាដែលបានបង្កើតឡើងដោយ AI តាមរយៈផ្លេតហ្វមអនឡាញ។ សម្រាប់អ្នកដែលចង់ប្រើសេវារបស់ជនសង្ស័យអាចទទួលបានលេខសម្ងាត់ បន្ទាប់ពីបង់ប្រាក់តាមអនឡាញដើម្បីមើលមាតិកាដែលបង្កើតឡើងដោយ AI ដែលបង្ហាញពីកុមារត្រូវបានរំលោភបំពាន។ នាយកប្រតិបត្តិនៃទីភ្នាក់ងារ Europol បានលើកឡើងថា រូបភាពដែលបានបង្កើតឡើងដោយបញ្ញាសប្បនិម្មិតទាំងនេះងាយស្រួលត្រូវបានបង្កើតឡើងណាស់ ដែលពួកគេអាចត្រូវបានបង្កើតឡើងជាមួយនឹងគោលបំណងឧក្រិដ្ឋកម្ម ទោះបីជាគ្មានចំណេះដឹងផ្នែកបច្ចេកទេសក្តី។ ការចែកចាយនេះរួមចំណែកដល់ការកើនឡើងនូវមធ្យោបាយរំលោភបំពានផ្លូវភេទលើកុមារ ហើយនៅពេលដែលបរិមាណកើនឡើង វាកាន់តែលំបាកដល់អ្នកស៊ើបអង្កេតក្នុងការកំណត់អត្តសញ្ញាណជនល្មើស និងជនរងគ្រោះ។ ទីភ្នាក់ងារបានបង្កើត និងបានដឹកនាំបញ្ឈប់ការរំលោភបំពានលើកុមារ ដែលជាយុទ្ធនាការ Trace of Object បានចាប់ផ្តើមតាំងពីឆ្នាំ២០១៧ ដែលផ្តល់ឱកាសដល់មនុស្សក្នុងការផ្តល់ព័ត៌មានដែលអាចជួយដល់ការរំលោភបំពានលើកុមារ ដោយការទទួលស្គាល់នូវវត្ថុតាងទាំងនោះភ្ជាប់នឹងការស៊ើបអង្កេត។ ការចាប់ផ្តើមនេះបានជួយដល់ការកំណត់អត្តសញ្ញាណជនរងគ្រោះចំនួន ៣០នាក់ត្រឹមខែវិច្ឆិកា ឆ្នាំ២០២៣ ដែលផ្តល់ឱកាសដល់ទីភ្នាក់ងារអនុវត្តច្បាប់ចាប់ខ្លួនជនល្មើសចំនួន ៦នាក់ និងត្រូវបានកាត់ទោសដោយផ្អែកលើព័ត៌មានជំនួយជិត ២៨,០០០វត្ថុតាង។
ប៉ូលីសសហព័ន្ធអូស្រ្តាលីក៏បានដាក់ចេញនូវយុទ្ធនាការផ្ទាល់ខ្លួនស្តីពីការចាប់ផ្តើមបញ្ឈប់ការរំលោភបំពានលើកុមារកាលពីខែមីនា ឆ្នាំ២០២១ ដោយផ្តោតលើតំបន់អាស៊ីប៉ាស៊ីហ្វិក។ ទីភ្នាក់ងារ Europol បានបន្ថែមថា ទីភ្នាក់ងារ និងដៃគូនឹងដាក់ចេញនូវយុទ្ធនាការអនឡាញនាពេលខាងមុខ ដែលសង្កត់ធ្ងន់ពីផលវិបាកនៃការប្រើប្រាស់ AI ក្នុងបំណងប្រព្រឹត្តបទល្មើស និងមានគោលដៅលើជនល្មើសសំខាន់ៗដែលពួកគេកំពុងតែធ្វើសកម្មភាពតាមអនឡាញ។ យុទ្ធនាការនេះនឹងប្រើសារអនឡាញ ដើម្បីចូលទៅដល់អ្នកទិញមាតិកាខុសច្បាប់ ក៏ដូចជាវិធីសាស្រ្តផ្សេងទៀតដូចជាសួរតាមផ្ទះ (គោះទ្វា និង សួរ) ផ្ញើសារតាមប្រព័ន្ធផ្សព្វផ្សាយ និងសំបុត្រព្រមាន។ នៅសប្តាហ៍នេះ ក្រុមហ៊ុន Microsoft ក៏បានដាក់ឈ្មោះហេគឃ័រចម្រុះជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋកម្មសាយប័រសកល (Storm-2139) ដែលត្រូវបានចោទប្រកាន់ពីបទបង្កើត Tool ព្យាបាទសម្រាប់ឆ្លងកាត់ប្រព័ន្ធការពារ Generative AI សម្រាប់បង្កើតមាតិកាខុសច្បាប់រួមមានការបន្លំជាជនល្បីៗជាដើម។
ប្រភពព័ត៌មាន៖ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥