ក្រុមហេគឃ័រកម្ពុជាបានផ្ទុះកំហឹង និងបានបិទគេហទំព័ររដ្ឋាភិបាលថៃមួយចំនួន ដើម្បីតវ៉ាជុំវិញបញ្ហាជម្លោះព្រំដែនដែលកំពុងតែបន្ត។ឆ្លើយតបនឹងបញ្ហានេះ ការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មសាយប័រ (CCIB) របស់ប្រទេសថៃបានចេញដីកាចាប់ខ្លួនជនសង្ស័យ ហើយឥឡូវនេះកំពុងធ្វើការជាមួយភ្នាក់ងារអន្តរជាតិ ដើម្បីតាមដានពួកគេ និងនាំខ្លួនមកកាត់ទោស។ ឧត្តមសេនីយទោ Trirong Piwpan ស្នងការនៃការិយាល័យ CCIB បានបញ្ជាក់នៅថ្ងៃទី១០ ខែមិថុនានេះថា ការស៊ើបអង្កេតលើការវាយប្រហារសាយប័របានចាប់ផ្តើម បន្ទាប់ពីការជូនដំណឹងនៅថ្ងៃទី០៣ ខែមិថុនា ពីសហគមន៍ស៊ើបការណ៍សាយប័រដែលជាបណ្តាញអ្នកឯកទេសផ្នែកព័ត៌មានវិទ្យារបស់រដ្ឋាភិបាល។ ក្រុមនេះបានព្រមានថា ក្រុមហេគឃ័រកម្ពុជាដែលគេស្គាល់ថាជា “bl4ck_cyb3r” បានគំរាមធ្វើការវាយប្រហារ DDoS (Distributed Denial of Service) និងវាយប្រហារលើគេហទំព័រថៃ ជាការសងសឹកចំពោះភាពតានតឹងព្រំដែន ដែលកំពុងបន្តរវាងថៃ និងកម្ពុជា។

ពីខែមេសា ដល់ខែមិថុនា គេហទំព័ររដ្ឋាភិបាលថៃជាច្រើនបានក្លាយជាគោលដៅ ដោយបានទទួលសារពីក្រុមហេគឃ័រជាច្រើនរួមមាន “ANONSEC-KH, H3C4KEDZ និង NXBBSEC (ហេគឃ័រកម្ពុជា)”។ ការប្រឈមមុខដាក់គ្នានេះគឺជាហេតុផលនយោបាយជាចម្បងដែលភ្ជាប់ទៅនឹងជម្លោះដ៏រាំុរៃ៉រវាងប្រទេសទាំងពីរជុំវិញបញ្ហាព្រំដែនរួមគ្នា។
លោកវរសេនីយ៍ឯក Pakornkitt Thanawarinkul អគ្គនាយកការិយាល័យ CCIB Division 2 បានបញ្ជាក់ថា ដីកាចាប់ខ្លួនចំនួនពីរត្រូវបានអនុម័តដោយតុលាការ។ ជនសង្ស័យកំពុងប្រឈមនឹងការចោទប្រកាន់ក្រោមច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រពីបទពាក់ព័ន្ធនឹងការវាយប្រហារសាយប័រ។ លោកបន្តថា កិច្ចខិតខំប្រឹងប្រែងកំពុងធ្វើឡើង ដើម្បីកំណត់មុខសញ្ញាជនដៃដល់ និងនាំពួកគេទៅប្រទេសថៃ ដើម្បីកាត់ទោស។ ប៉ូលីសកំពុងធ្វើការជាមួយដៃគូអន្តរជាតិដើម្បីស្វែងរកទីតាំង និងធ្វើបត្យាប័នជនសង្ស័យ ដែលត្រូវបានរាយការណ៍ថា កំពុងប្រតិបត្តិការក្រោមអត្តសញ្ញាណជនអនាមិក។ សកម្មភាពរបស់ក្រុមហេគឃ័រត្រូវបានមើលឃើញថា ជាការកើនឡើងគួរឱ្យកតសម្គាល់ក្នុងការប្រើប្រាស់សង្រ្គាមតាមអុីនធឺណិតជាឧបករណ៍សម្រាប់ការតវ៉ាផ្នែកនយោបាយ ហើយមន្រ្តីថៃកំពុងយកចិត្តទុកដាក់លើបញ្ហានេះ។
ការបិទគេហទំព័ររដ្ឋាភិបាលថៃបានធ្វើឱ្យមានការព្រួយបារម្ភអំពីសុវត្ថិភាពនៃហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ប្រទេសថៃ ជាពិសេសនៅពេលដែលមានភាពតានតឹងជាមួយប្រទេសជិតខាងកម្ពុជាកាន់តែក្តៅ។ រដ្ឋាភិបាលបានប្តេជ្ញាបង្កើនវិធានការសន្តិសុខសាយប័ររបស់ខ្លួន បន្ទាប់ពីការវាយប្រហារទាំងនេះ និងវិធានការប្រឆាំងនឹងនឹងជនខិលខូច។ នៅពេលដែលការស៊ើបអង្កេតនៅតែបន្ត ប៉ូលីសសាយប័ររបស់ប្រទេសថៃកំពុងអំពាវនាវឱ្យពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មសាយប័រ និងការពារការវាយប្រហារបន្ថែមទៀតលើទ្រព្យសម្បត្តិឌីជីថលរបស់ប្រទេសថៃ។
https://thethaiger.com/news/national/cambodian-hackers-target-thai-websites-over-border-dispute
ប្រភពព័ត៌មាន៖ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥









