អាជ្ញាធរអនុវត្តច្បាប់មកពីប្រទេសជាច្រើនបានឃាត់ខ្លួនជនសង្ស័យចំនួន ២០រូបនៅក្នុងប្រតិបត្តិការអន្តរជាតិដែលមានគោលដៅផលិត និងចែកចាយរូបភាព ឬវីដេអូបំពានលើផ្លូវភេទកុមារ។ចាប់ពីចុងឆ្នាំ២០២៤ ប៉ូលីសជនជាតិអេស្បាញបានរកឃើញក្រុមផ្ញើសារចម្រុះបានផ្ញើរូបភាពបំពានលើផ្លូវភេទកុមារ និងបានជម្រាបទៅអាជ្ញាធរនៅប្រទេសដទៃទៀតតាមរយៈភ្នាក់ងារ INTERPOL និង Europol បន្ទាប់ពីមានការកំណត់អត្តសញ្ញាណជនសង្ស័យចំនួន ៨៨រូប នៅក្នុងប្រទេសអាមេរិក អឺរ៉ុប អាស៊ី និងអូសេអានី។ ស្ថាប័នប៉ូលីសអន្តរជាតិបានថ្លែងថា នៅចុងឆ្នាំ២០២៤ ភ្នាក់ងារ INTERPOL បានអញ្ជើញអ្នកស៊ើបអង្កេតអេស្បាញទៅប្រទេស Chile ដើម្បីចូលរួមកិច្ចប្រជុំក្រុមការងារកំណត់អត្តសញ្ញាណជនរងគ្រោះអាមេរិកឡាទីន។
នៅទីនោះ ពួកគេបានបង្ហាញពីប្រតិបត្តិការ Vibora ទៅកាន់មន្រ្តីជំនាញមកពីអាមេរិកឡាទីន ដែលអនុញ្ញាតឱ្យពួកគេផ្លាស់ប្តូរព័ត៌មានលើករណីទាំងនេះ ផ្តល់ការដឹកនាំជាក់ស្តែង និងចាប់ផ្តើមសកម្មភាពសម្របសម្រួល។ អាជ្ញាធរអេស្បាញបានឃាត់ខ្លួនជនសង្ស័យចំនួន ៧រូបនៅក្នុងទីក្រុង Barcelona, Valladodid, Sevilla, Murcia និង Jaen ដែលរួមមានគ្រូបង្រៀនត្រូវបានចោទប្រកាន់ពីបទចែករំលែករូបភាព និងវីដេអូបំពានលើផ្លូវភេទកុមារនៅលើអនឡាញផងដែរ រួមទាំងបុគ្គលិកផ្នែកសុខាភិបាលក៏ត្រូវបានចោទប្រកាន់ពីបទបង់ប្រាក់ពីអឺរ៉ុបសម្រាប់បង្កើតមាតិកា CSAM។ ប្រតិបត្តិការនេះក៏បានរឹបអូសកុំព្យូទ័រ ទូរស័ព្ទដៃ និងឧបករណ៍ផ្សេងៗ។ នៅអាមេរិកឡាទីន ភ្នាក់ងារ INTERPOL បានជួយនៅក្នុងការចាប់ខ្លួនជនសង្ស័យមិនតិចជាង ១០រូបមកពីប្រទេសចំនួន៧ រួមមាន ៣រូបនៅ Salvador និងគ្រូបង្រៀនម្នាក់នៅ Panama ដែលត្រូវបានចាប់ខ្លួននៅអឺរ៉ុប និងអាមេរិក។
ប្រតិបត្តិការមុនៗមានគោលដៅលើផ្លេតហ្វម CSAM៖ កាលពីដើមឆ្នាំ ការស៊ើបអង្កេតអន្តរជាតិរួមផ្សេងមួយទៀតបានដឹកនាំដោយប៉ូលីសឧក្រិដ្ឋកម្មរដ្ឋ Bavirai និងព្រះរាជអាជ្ញាឧក្រិដ្ឋកម្មសាយប័រនៅ Bavarian បានចុះបង្រ្កាបក្រុម Kidflix ដែលជាផ្លេតហ្វមរូបភាព មានទាំងវីដេអូបំពានលើផ្លូវភេទកុមារធំបំផុតនៅលើគេហទំព័រទីផ្សារងងឹត។ ប្រតិបត្តិការ Stream បានដឹកនាំចាប់ខ្លួនជនល្មើសចំនួន ៧៩រូប និងបានកំណត់អត្តសញ្ញាណជនសង្ស័យបានចំនួន ១,៣៩៣រូប ហើយក៏មិនតិចជាង ៣០០០គ្រឿងអេឡិចត្រូនិកទេដែលត្រូវបានរឹបអូសនៅចន្លោះថ្ងៃទី១០ ខែមីនា និងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥។ នៅក្នុងខែកុម្ភៈ ភ្នាក់ងារអនុវត្តច្បាប់មកពី ១៩ប្រទេសក៏បានចាប់ខ្លួនជនសង្ស័យ ២៥រូបដែលជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋដ៏ធំមួយបានចែកចាយ CSAM ដែលបង្កើតឡើងដោយ AI ការកំណត់អត្តសញ្ញាណសមាជិកបណ្តាញណិតវើកឧក្រិដ្ឋកម្មដែលសង្ស័ប ២៧៣រូប និងរឹបអូសឧបករណ៍ ១៧៣គ្រឿង។ ជនខិលខូចរាប់ពាន់នាក់ដែលបានចែករំលែក និងដោនឡូត CSAM ក៏ត្រូវបានកំណត់អត្តសញ្ញាណកាលពីពីឆ្នាំមុនដោយក្រុម Recorded Future’s Insikt ដោយការប្រើប្រាស់មេរោគលួចព័ត៌មាន Malware Logs និងបានលាតត្រដាងនៅលើគេហទំព័រទីផ្សារងងឹត។ ក្រុម Insikt បានផ្តល់ព័ត៌មាននេះដល់អ្នកអនុវត្តច្បាប់ដើម្បីកំណត់អត្តសញ្ញាណ និងចាប់ខ្លួនបុគ្គលទាំងនោះ។
ប្រភពព័ត៌មាន៖ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥









